rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សង្គម ជម្លោះដីធ្លី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពលរដ្ឋ​កោះ​កុង​៣១៧​គ្រួសារ​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ក្រោយ​មិន​ពេញ​ចិត្ត​ដំណោះ​ស្រាយ​ពី​ក្រសួង​ដែនដី

media
ពលរដ្ឋខេត្ត​​កោះ​កុង​​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ក្រោយ​មិន​ពេញ​ចិត្ត​ដំណោះ​ស្រាយ​ពី​ក្រសួង​ដែនដី @សហការី

ជា​ថ្មី​ម្តង​ទៀត ពលរដ្ឋ​ចំនួន​៣១៧​គ្រួសារ រស់​នៅ​ក្នុង​ខេត្ត​កោះ​កុង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ឡើង​មក​ភ្នំពេញ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនដោយ​ផ្ទាល់ នៅ​ក្នុង​សំណុំ​រឿង​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុនស្ករ​អំពៅ​នៅ​កោះ​កុង។ ការ​ស្វែង​រក​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​នា​ពេល​នេះ ក៏​ដោយ​សារ​តែ មិន​ពេញ​ចិត្ត​នឹង​ដំ​ណោះស្រាយ​ពី​ក្រសួង​ដែនដី​កន្លង​មក។ យ៉ាង​ណា​ក៏​ដោយ បំណង​ចង់​ជួប​លោក ហ៊ុន សែន ត្រូវ​បាន​ទប់​ស្កាត់​ដោយ​អាជ្ញាធរ​នៅ​ពាក់​កណ្ដាល​ផ្លូវ។


ពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី ឱប​នៅ​នឹង​ដៃ​ដោយ​សម្ពាយ​ស្បៀង​អាហារ និង​សម្លៀក​បំពាក់ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ដើម្បី​ទៅ​កាន់​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​ឯករាជ្យ ជាមួយ​នឹង​សម្រែក​ទាម​ទារ​ស្វែង​រក​ដំណោះ​ស្រាយ​តាម​រយៈ​កាន់​បដា និង​រូប​ថត​លោក​នាយក​រដ្ឋមន្ត្រី។

ក៏​ប៉ុន្តែ ដំណើរ​របស់​ពួក​គេ ត្រូវ​បាន​បង្អាក់​ដោយ​រនាំង​របស់​សមត្ថកិច្ច​នៅ​ម្ដុំ​ស្តុប​ពេទ្យ​ចិន។ នៅ​ចំពោះ​មុខ​កម្លាំង​សមត្ថកិច្ច ពលរដ្ឋ​ទាំង​នោះ បាន​យំ​រៀប​រាប់​ពី​បញ្ហា​របស់​ពួក​គេ និង​ស្នើ​ឲ្យ​បើក​ផ្លូវ​ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​មុខ​បន្ត។ ប៉ុន្តែ​ក្រោយ​ការ​សម្រប​សម្រួល​ពី​អភិបាល​ក្រុង​ភ្នំពេញ​លោក ឃួង ស្រេង ពលរដ្ឋ​បាន​ដក​ថយ​មួយ​ជំហាន ទៅ​ប្រមូល​ផ្តុំ​គ្នា​លើ​ចិញ្ចើម​ផ្លូវ​វិញ។ ​បើ​តាម​អាជ្ញាធរ ការ​បង្អាក់​ដំណើរ​នេះ​គឺ​ចង់​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ស្វែង​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​ដែនដី​វិញ។

ដំណោះ​ស្រាយ​ពី​ក្រសួង​ដែន​​ដី​ត្រូវ​បាន​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា មិន​អាច​ទទួល​យក​បាន​ឡើយ​ក្រោយ​ការ​សន្យា​នៅ​ថ្ងៃ​ទី​៥​មិថុនា និង​ការ​អនុវត្ត​ជាក់​ស្ដែង​គឺ​មាន​ភាព​ផ្ទុយ​គ្នា។​ ផ្ទុយ​គ្នា​ត្រង់​ថា ក្រសួង​ដែនដី​វាស់​វែង​ដី​ផ្សេង​ក្រៅ​ពី​ដី​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ខេត្ត​កោះកុង​មក​ឲ្យ​ពួក​គេ​វិញ​ ដែល​ផ្ទុយ​ពី​ការ​សន្យា​ថា ​នឹង​ប្រគល់​ដី​ទំនាស់​បូក​រួម​ថវិកា​បន្ថែម​ជូន​ពួក​គេ។ ម្យ៉ាង​ទៀត​ក្រសួង​ដែនដី​បញ្ឈប់​ការ​ដោះ​ស្រាយ​មុន​ការ​កំណត់​ថ្ងៃ​ទី​៣០​ខែ​មិថុនា។

ដូច្នេះ​ហើយ​ទើប ពលរដ្ឋ​សម្រេច​ឡើង​មក​តវ៉ា​ជា​ថ្មី​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​តាម​លោក ឱម ផុន តំណាង​ពលរដ្ឋ​រស់​នៅ​កោះ​កុង។ តំណាង​អ្នក​តវ៉ា​រូប​នេះ បញ្ជាក់​ជំហរ​ថា ពួក​គេ​នឹង​បន្ត​ស្នាក់​នៅ​ភ្នំពេញ​រហូត​មាន​ដំណោះ​ស្រាយ​សម​ស្រប។ ឆ្លើយ​តប​នឹង​សកម្មភាព​នៃ​ការ​ប្រមូល​ផ្ដុំ​នេះ​អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ដោយ​ខ្លី​ថា លោក​ដឹក​នាំ​ក្រុម​ការងារ​ចុះ​ទៅ​ជួប​ពលរដ្ឋ។

សូម​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ទាំង​៣១៧​គ្រួសារ ​មាន​បញ្ហា​វិវាទ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ Koh Kong Plantation និងក្រុមហ៊ុន Koh Kong Plantation Sugar Industry រយៈ​ពេល​ជាង​១០​ឆ្នាំ​ហើយ។ ទំនាស់​នេះ​ផ្ដើម​ចេញ​ពី​ការ​ផ្ដល់​សំណង ដែល​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន និង​មិន​ព្រម​ទទួល​យក​៕