អានតួអត្ថបទ
កម្ពុជា-ដីធ្លី

ពលរដ្ឋ​កោះ​កុង​ចង់​បាន​ដំណោះ​ស្រាយ​ដូច​ពលរដ្ឋ​រស់​នៅ​ប៊ូឌីញ​ដែរ

ពលរដ្ឋ​ឡើង​ពី​ខេត្ត​កោះកុង ប្រមាណ​ជា​៥០​នាក់ នៅ​ថ្ងៃ​ទី​១៧​ខែ​សីហា​នេះ បាន​ជួប​ជុំ​គ្នា​នៅ​មុខ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​តាម​ដាន​ញត្តិ​របស់​ពួក​គេ​ដែល​បាន​ដាក់​កាល​ពី​ដើម​ឆ្នាំ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​រឿង​ទំនាស់​ដី​ធ្លី។ តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​៥០​នាក់​នោះ​បាន​អះ​អាង​ប្រាប់​វិទ្យុ​បារាំង​ថា ពួក​គេ​ចង់​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ​ដូច​ពលរដ្ឋ​រស់​នៅ​ប៊ូឌីញ​ដែរ។

រូបភាព​ចាស់៖​ សកម្ម​ភាព​​ប្រជា​ពល​រដ្ឋ​​មក​​ពី​​ខេត្ត​​កោះកុង​​កំពុង​​ស្នាក់​​នៅ​​ក្នុង​​វត្ត​​សាមគ្គី​​រង្សី​
រូបភាព​ចាស់៖​ សកម្ម​ភាព​​ប្រជា​ពល​រដ្ឋ​​មក​​ពី​​ខេត្ត​​កោះកុង​​កំពុង​​ស្នាក់​​នៅ​​ក្នុង​​វត្ត​​សាមគ្គី​​រង្សី​ RFI
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​ការ​អះ​អាង​របស់​អ្នក​ស្រី​គន្ធា តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង​ដែល​រូប​គាត់​ផ្ទាល់ និង​អ្នក​ភូមិ​ដទៃ​ទៀត​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដាំ​អំពៅ។ បច្ចុប្បន្ន​ពលរដ្ឋ​កោះ​កុង​ ១៧៥​គ្រួសារ​រស់​នៅ សហគមន៍ ជីខ​ក្រោម សហគមន៍​ជីខ​លើ សហគមន៍​ដង​ពែង និង​ភូមិ តាំកន ពួក​គេ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ។

គួរ​ជម្រាប​ថា កាល​ពី​ដើម​ឆ្នាំ​២០១៧​ពួក​គេ​បាន​យក​ញត្តិ​មក​ដាក់​នៅ​រដ្ឋសភា សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ តែ​នៅ​ថ្ងៃ​នេះ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​បំពេញ​បែប​បទ​ឡើង​វិញ នឹង​យក​លិខិត​អន្តរាគមន៍​នោះ​មក​ដាក់​ជា​ថ្មី​ទៀត។ ប៉ុន្តែ​អ្នក​ស្រី​គន្ធា​ដូច​ជា​គ្មាន​ជំនឿ​ចិត្ត​សោះ​ចំពោះ​ញត្តិ​យក​មក​ដាក់​លើក​ក្រោយ​នឹង​ទទួល​បាន​ដំណោះ​ស្រាយ​ឬ​ការ​ឆ្លើយ​តប​ភ្លាម​នោះ។

បើ​តាម​គម្រោង​ប្រជាពលរដ្ឋ​ទាំង​នេះ នឹង​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្ស៊ី ដើម្បី​បន្ត​តាម​ដាន​ចំពោះ​ញត្តិ​ដែល​បាន​ដាក់​នៅ​រដ្ឋសភា និង​សហ​ភាព​អឺរ៉ុប ជា​បន្ត​ទៀត។ អ្នក​ភូមិ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​គូស​បញ្ជាក់​ថា ពួក​គេ​មិន​ត្រឹម​តែ​ជា​ជន​រង​គ្រោះ​ដោយ​សារ​ដី​ធ្លី​ទេ តែ​បាន​រង​បណ្ដឹង​របស់​តុលាការ​ទៀត​ផង។

សូម​បញ្ជាក់​ថា ទំនាស់​ដី​ធ្លី​រវាង​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​កោះ​កុង និង​ក្រុម​ដាំ​អំពៅ​គិត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈ​ពេល​១២​ឆ្នាំ​ដោយ​ទំនាស់​នេះ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៦​មក​ម្លេះ។ អ្នក​ស្រី​គន្ធា​អះ​អាង​ថា ពួក​គាត់​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ដាំ​អំពៅ​លោក​ឧកញ៉ា​ លី យ៉ុងផាត់ និង លោក​ឧកញ៉ា ហេង ហ៊ុយ។ តែ​យ៉ាង​ណា​ក៏​ដោយ​តំណាង​ក្រុមហ៊ុន លី យ៉ុងផាត់ អះ​អាង​ជា​ថ្មី​ទៀត​ថា​ ក្រុមហ៊ុន លី យ៉ុងផាត់លែង​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ទំនាស់​ដី​ធ្លី​នៅ​កោះ​កុង​នេះ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ