អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ទំហំ​ពាណិជ្ជ​កម្ម កម្ពុជា​-​វៀតណាម កើន​ឡើង​ជិត​២០​ភាគ​រយ រយៈ​ពេល​៧​ខែ​ឆ្នាំ​២០១៨​

ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា និង​វៀតណាម គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ​២០១៨​នេះ មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ ជា​តួលេខ ដែល​បង្ហាញ​ពីនិន្នាការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ​នាំ​ចូល​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ការ​នាំ​ចេញ​នាំ​ចូល​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ។ 

ច្រកអន្តរជាតិកម្ពុជាវៀតណាមបាវិតក្នុងខេត្តស្វាយរៀង
ច្រកអន្តរជាតិកម្ពុជាវៀតណាមបាវិតក្នុងខេត្តស្វាយរៀង RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

សម្រាប់​រយៈ​ពេល​៧ខែ ឆ្នាំ​២០១៨​នេះ ទំហំ​ពាណិជ្ជកម្ម កម្ពុជា និង​វៀតណាម មាន​ទំហំ​ជា​ទឹក​ប្រាក់​ប្រមាណ​២,៧ពាន់​លាន​ដុល្លារ កើន​ឡើង​១៨,៧​ភាគ​រយ ប្រៀបធៀប​រយៈ​ពេល ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម(Viet Nam News) ក្នុង​ឱកាស​វេទិកា​ពាណិជ្ជ​កម្ម​កម្ពុជា-វៀតណាម កាល​ពី​សប្តាហ៍​មុន​នៅ​រាជធានី​ភ្នំពេញ។ កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ពេញ​មួយ​ឆ្នាំ ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​រវាង កម្ពុជា និង​វៀតណាម មាន​ទំហំ​ជា​ទឹក​ប្រាក់​ប្រមាណ​៣,៨​ពាន់​លាន​ដុល្លារ គឺ​កើន​ឡើង​២៩ភាគ​រយ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​កន្លង​ទៅ។

យោង​តាម​អគ្គនាយកដ្ឋាន​គយ​វៀតណាម ការ​នាំ​ចេញ​នាំចូល​សរុប​រវាង កម្ពុជា និង​វៀតណាម កាល​ពីឆ្នាំ​២០១៤ មាន​ប្រមាណ៣,៣ពាន់​លាន​ដុល្លារ, នៅឆ្នាំ​២០១៥ មាន​ប្រមាណ៣,៥ពាន់​លាន​ដុល្លារ, និង​ឆ្នាំ២០១៦ បាន​ថយ​ចុះ​មក​នៅ​ត្រឹម​តែ​២,៩ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។​ នៅ​ក្នុង​នោះ​ការ​នាំចូល​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា​មាន​ទំហំធំ​ជាង​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​វៀតណាម។

បច្ចុប្បន្ននេះ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​២០៦​គម្រោង ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ ៣,០២ពាន់​លាន​ដុល្លារ។ ទំហំ​នៃ​ការ​វិនិយោគ​នេះ ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ក្លាយ​ដៃគូ​វិនិយោគ​ធំ​បំផុត​ទី៥​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ក្រុមហ៊ុន​របស់​កម្ពុជា​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម​មាន​ត្រឹម​តែ​១៨​គម្រោង ឬ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ៥៨,១លាន​ដុល្លារ ប៉ុណ្ណោះ។​

លោក ងួន ម៉េងតិច អគ្គនាយក​សភាពាណិជ្ជ​កម្ម​កម្ពុជា បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ RFI ថា ការ​កើន​ឡើង​នៃ​ទំហំពាណិជ្ជកម្ម គឺ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ។

កន្លង​មក កម្ពុជា និង​វៀតណាម​ធ្លាប់​កំណត់​គោល​ដៅ​របស់​ខ្លួន​នៅ​ត្រឹម​ឆ្នាំ២០១៥ ត្រូវ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់ ​៥ពាន់​លាន​ដុល្លារ ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ត្រឹមតែ​ប្រមាណ ៣,៨ពាន់លាន​ដុល្លារ​ប៉ុណ្ណោះ​។

លោក​បន្ថែម បច្ចុប្បន្ន​មាន​បញ្ហា​ពាណិជ្ជកម្ម​តាម​ព្រំដែន ដែល​ជា​ផ្នែក​មួយ​បណ្តាល​ឲ្យ​ការ​នាំ​ចេញ និង​នាំ​ចូលរវាង​ប្រទេស​ទាំង​ពីរ មិន​ទាន់​អាច​សម្រេច​បាន​គោល​ដៅ​ដែល​បាន​កំណត់​។ យ៉ាង​ណា​ក៏ដោយ អគ្គនាយក​សភា​ពាណិជ្ជកម្ម បាន​បង្ហាញ​ការ​យល់​ឃើញ​ជា​វិជ្ជមាន ចំពោះ​ការ​កើន​ឡើង​ទំហំ​ពាណិជ្ជ​កម្ម​នា​ពេល​ខាង​មុខ ទោះបី​ពេល​នេះ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​សម្រេច​បាន​គោល​ដៅ​ដែល​បាន​កំណត់​កាល​ពី​ឆ្នាំ​២០១៥​ក្តី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ