អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​រយៈ​ពេល​៩​ខែ ឆ្នាំ​២០១៨​៖ ទំហំ​ពាណិជ្ជកម្ម កម្ពុជា- ថៃ បន្ត​ហក់​ឡើង តែ​ការ​នាំ​ចេញ​កម្ពុជា ទៅ​ថៃ ដាំ​ក្បាល​ចុះ​ជា​ង​ ៦ ភាគ​រយ​

ទំហំ​ពាណិជ្ជកម្ម កម្ពុជា-ថៃ បាន​បន្ត​ហក់​ឡើង​ដល់ ៣​ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេល​៩ ខែ​ឆ្នាំ ២០១៨ ​នេះ កើន​ឡើង​ជាង​ ​១៤​​ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៧​។ យ៉ាង​ណា​ក៏​ដោយ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ បាន​ដាំ​ក្បាល​ចុះ​ដល់​ទៅ​ជាង ៦​ភាគ​រយ ខណៈ​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា នៅ​តែ​បន្ត​កើន​ឡើង​។ 

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង លោកនាយករដ្ឋមន្ត្រីនៃប្រទេសថៃ
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង លោកនាយករដ្ឋមន្ត្រីនៃប្រទេសថៃ @RFI
ផ្សាយពាណិជ្ជកម្ម

ការ​នាំ​ចូល​របស់​កម្ពុជា​ពី​ប្រ​ទេ​ស ថៃ​បាន​​កើន​ឡើង​ជាង​ ១៩​​ភាគ​រយ​ រហូត​ដល់​ជាង​ ២,៦៥ ​ពាន់​លាន​ដុ​ល្លារ ខណៈ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ​ ក្នុង​អំ​ឡុង​ពេល​ដូច​គ្នា​នេះ ​បាន​ធ្លាក់​ចុះ​ជាង​ ៦ ភាគ​រយ​ ដែល​មាន​តម្លៃ​ជាង​ ៥៤៣​លាន​ដុ​ល្លារ​។

បើតាម អគ្គ​នា​យក​នៃ​អគ្គ​នា​យក​ដ្ឋាន​​ពា​ណិជ្ជ​កម្ម​បរ​ទេស​នៅ​ប្រ​ទេស​​ថៃ ដែលត្រូវបានស្រង់សម្តីដោយកាសែតថៃ The Nation​ ​ពា​ណិជ្ជ​​កម្ម​ឆ្លង​ព្រំ​ដែន​ជា​មួយ​កម្ពុជា​ កំ​ពុង​​កើន​ឡើង​ល្អ​ប្រ​សើរ​​។ អគ្គ​នា​យក​នៃ​អគ្គ​នា​យក​ដ្ឋាន​​ពា​ណិជ្ជ​កម្ម​បរ​ទេស​នៅ​ប្រ​ទេស​​ថៃ អះអាងថា ការ​នាំ​ចេញ​របស់​ថៃ​ទៅ​កម្ពុជា​កាល​ពី​ខែ​មុន​​បាន​កើន​ឡើង​​ ៣៤​​ភាគ​រយ​​ ដែល​ភាគ​ច្រើន​ត្រូវ​បាន​នាំ​មុខ​ដោយ​ការ​នាំ​ចេញ​ភេស​ជ្ជៈ​។

បើ​តាម​គម្រោង ភាគី​កម្ពុជា-ថៃ បាន​ដាក់​ទិស​ដៅ​ថា ​ ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ នឹង​អាច​សម្រេច​បាន​ទំហំ ១៥​ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២០​។

ខណៈ​ជញ្ជីង​ពាណិជ្ជកម្ម ហាក់​ផ្អៀង​ទៅ​ខាង​ប្រទេស​ថៃ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ អះ​អាង​ថា កន្លង​មក​ក្រសួង​ពាណិជ្ជកម្ម​បាន​ពិភាក្សា​ច្រើន​លើក​ច្រើន​សារ​ហើយ​ជាមួយ​ភាគី​ថៃ ដើម្បី​ឲ្យ​ពួក​គេ​បង្កើន​ការ​ទិញ​ទំនិញ​ពី​កម្ពុជា​ឲ្យ​បាន​ច្រើន ជា​ពិសេស​ផលិតផល​កសិកម្ម ដោយ​មិន​កំណត់​កូតា ព្រម​ទាំង​មិន​បង្ក​ភាព​ស្មុគ​ស្មាញ​ក្នុង​ការ​នាំ​ចេញ​នូវ​គ្រប់​រដូវ​ប្រមូល​ផល​កសិកម្ម​។

សូម​រំឮក​ជូន​ថា នៅ​ឆ្នាំ​២០១៧​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជាប់​ព្រំដែន​គ្នា​កម្ពុជា-ថៃ នេះ មាន​រហូត​ដល់​៦,១៦៤.៨៧​លាន​ដុល្លារ កើន​ឡើង​១០​ភាគ​រយ បើ​ធៀប​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​៥,៦០៩.៤៨​លាន​ដុល្លារ​។ នៅ​ក្នុង​នោះ​ទំហំ​នៃ​ការ​នាំ​ចូល​ទំនិញ​របស់​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ តិច​ជាង​ថៃ​នាំ​ចូល​មក​កម្ពុជា រហូត​ដល់​ជិត​៦ដង​។

ផលិត​ផល ដែល​កម្ពុជា នាំ​ចេញ​ទៅ​ថៃ ភាគ​ច្រើន​ជា​កសិផល រួម​មាន​ដូច​ជា ពោត ដំឡូងមី សណ្តែក ជា​ដើម ខណៈ​ប្រទេស​ថៃ​នាំ​ចូល​មក កម្ពុជា​វិញ មាន​ដូច​ជា គ្រឿង​ចក្រ ឧបករណ៍​អេឡិចត្រូនិច ប្រេង​ឥន្ធនៈ សម្ភារៈ​​សំណង់ គ្រឿង​ឧបភោគ​បរិភោគ គ្រឿង​សម្អាង សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ