អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​៖ ​កម្ពុជា​ស្នើ​ឲ្យ​វៀត​ណាម​ជួយ​ទិញ​ស្រូវ​ពី​កម្ពុជា​តាម​តម្លៃ​ទីផ្សារ​វៀត​ណាម​

រដ្ឋ​មន្ដ្រី​ក្រសួង​កសិកម្ម​កម្ពុជា បាន​ស្នើ​ទៅ​កាន់​ភាគី​វៀតណាម ឲ្យ​ជួយ​ទិញ​ស្រូវ​អង្ករ​ពី​កម្ពុជា ខណៈ​កម្ពុជា​កំពុង​ជួប​ប្រទះ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ និង​ចំពេល​ដែល​កម្ពុជា​ត្រូវ​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​បង់​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ទៅ​អឺរ៉ុប​។ សំណើ​របស់​រដ្ឋ​មន្ដ្រី​ក្រសួង​កសិកម្ម​កម្ពុជា លោក វេង សាខុន ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​​ជាមួយ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ម្សិលមិញ​។ 

ស្រូវកម្ពុជា
ស្រូវកម្ពុជា @FB/ សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation-CRF
ផ្សាយពាណិជ្ជកម្ម

ខណៈ​តម្លៃ​ស្រូវ​នៅ​កម្ពុជា​កំពុង​ធ្លាក់​ថ្លៃ​នៅ​ក្រោម​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម លោក​រដ្ឋ​មន្ដ្រី​កសិកម្ម វេង សាខុន បាន​ស្នើ​ឲ្យ​ប្រទេស​វៀតណាម ជួយ​ទិញ​ស្រូវ​ពី​កម្ពុជា​ក្នុង​តម្លៃ​ត្រឹម​៧០០​រៀល​ឡើង​ទៅ​។ ប្រសិន​បើ​វៀតណាម​អាច​ជួយ​កម្ពុជា​ក្នុង​បញ្ហា​នេះ​បានពី​២​ទៅ​៣​សប្ដាហ៍ លោក​រដ្ឋ​មន្ដ្រី​កសិកម្ម ជឿ​ថា បញ្ហា​ស្រូវ​អង្ករ​កម្ពុជា នឹង​អាច​ធូរ​ស្បើយ​វិញ​ជាក់​ជា​ពុំ​ខាន​។

ជា​ការ​ឆ្លើយ​តប លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា វៀតណាម​នឹង​រៀបចំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ជាមួយ​ពាណិជ្ជករ​វៀតណាម មុន​ពេល​ធ្វើ​របាយការណ៍​លម្អិត​ជូន​នាយករដ្ឋ​មន្ដ្រី​វៀតណាម ដើម្បី​ជំរុញ​ឲ្យ​ពាណិជ្ជករ​វៀតណាម ជួយ​ប្រមូល​ទិញ​ស្រូវ​ពី​កម្ពុជា​ក្នុង​តម្លៃ​សមរម្យ​។ ទន្ទឹម​គ្នា​នេះ វៀតណាម នឹង​ជំរុញ​ឲ្យ​មាន​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម ជា​ពិសេស​លើ​ផលិតផល​ស្រូវ​អង្ករ និង​ថ្នាំ​ជក់ ដោយ​អត្រា​ពន្ធ​សូន្យ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ខណៈ​ទូរទស្សន៍​វៀតណាម​នឹង​ចុះ​ទៅ​កន្លែង​ប្រមូល​ផលស្រូវ ដើម្បី​ផ្សព្វផ្សាយ​ដល់​ពាណិជ្ជករ​វៀតណាម ឲ្យ​ជួយ​ទិញ​ស្រូវ​ពី​កម្ពុជា​ក្នុង​តម្លៃ​សមរម្យ​។

គួរ​ជម្រាប​ជូន​ថា តម្លៃ​ស្រូវ​នៅ​កម្ពុជា​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​បាន​ធ្លាក់​ចុះ​ក្រោម​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម ក្រោយ​ពេល​អឺរ៉ុប​ប្រកាស​ពី​ការ​យក​ពន្ធ​អង្ករ​កម្ពុជា​ដែល​នាំ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។ ភ្លាម​ៗក្រោយការ​ប្រកាស​របស់​សហភាព​អឺរ៉ុប ប្រទេស​ចិន​បាន​សន្យា​ទិញ​អង្ករ​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៩​នេះ​។ តំណាង​កសិករ​កម្ពុជា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចរចា​ជាមួយ​ចិន ដើម្បី​ពន្លឿន​ការ​ទិញ​អង្ករ​ពី​កម្ពុជា ខណៈ​តម្លៃ​ស្រូវ​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ