rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

គណបក្សនយោបាយ បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ថា អាជ្ញាធរ​មិន​ទទួល​ចុះ​ឈ្មោះ​បញ្ជី​បេក្ខជន​ឈរ​បោះឆ្នោត

media
លោកញ៉ែម អេន អ្នក​នាំ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ @RFI

អ្នក​នាំ​ពាក្យ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​ទី​១០ឧសភា​នេះ​ថា អាជ្ញាធរ​នៅ​ឃុំ​តាសាញ់ ស្រុក​សំឡូត ខេត្ត​បាត់ដំបង មិន​ទទួល​ចុះ​បញ្ជីបេ​ក្ខជន​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ខ្លួន​ឡើយ ហើយ​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គជប ជួយ​អន្តរាគមន៍​។ ឆ្លើយ​តប​នឹង​ការ​ទទូច​នេះ អ្នក​នាំ​ពា​ក្យ គជប នៅ​ភ្នំពេញ បាន​សន្យា​ថា​នឹង​តាម​ដាន ដើម្បី​ដោះ​ស្រាយ​បញ្ហានេះជូន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​​។


លោក ញ៉ែម អេន អ្នក​នាំ​ពាក្យ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​បាន​ស្រង់​សម្ដី​អាជ្ញាធរ​នៅ​ឃុំ​តាសាញ់ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដែល​ប្រាប់​លោក​ថា អាជ្ញាធរ​មិន​ហ៊ាន​ទទួលចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​នៃ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ គឺ​ដោយ​សារ​តែ​មិន​មាន​បញ្ជា​ពីថ្នាក់​ខេត្ត។ បើ​តាម​លោក ញ៉ែម អេន ការ​ទទួល​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត មិន​ចាំ​បាច់​មាន​គោលការណ៍​ពី​ថ្នាក់​ខេត្ត​នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​ខ្មែរ​សាធារណ​រូប​នេះ បាន​ចាត់​ទុក​ការ​បដិសេធ​របស់​អាជ្ញាធរខេត្តបាត់​ដំបង​ដូច្នេះ ថា​កំពុង​ដើរ​ផ្ទុយ​ពី​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន។ លោក ហ៊ុន សែន ដែល​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​ដល់​គណបក្ស​នយោបាយនៅ​ក្នុង​ដំណើរ​ការ​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បេក្ខជន​បោះឆ្នោត​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ទូទាំង​ប្រទេស​។ សម្រាប់​លោក​នាយករដ្ឋមន្ត្រី ទី​ណា​លើក​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​បាន ទី​នោះ​ក៏​អាច​លើក​ស្លាក​បក្ស​ផ្សេង​បាន​ដែរ។

នៅ​ខេត្ត​បាត់​ដំបង គណបក្ស​ខ្មែរ​សាធារណរដ្ឋ មាន​គម្រោង​ដាក់​បេក្ខជន​១៦​នាក់ រាប់​ទាំង​បេក្ខជន​បំរុង​ផង សម្រាប់​ឈរ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​។ ខណៈ​ពេល​ដែល រយៈ​ពេល​ទទួល​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​នៅ​សល់​តែ​៤​ថ្ងៃ​ទៀត ទើបលោក ញ៉ែម អេន ទទូច​ឲ្យ គ.ជ.ប ជួយ​សម្រួល​លើ​បញ្ហា​នេះ ដើម្បី​ឲ្យ​គណបក្ស​លោក​អាច​ចុះឈ្មោះ​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​បាន​ទាន់​ពេល​វេលា។

ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក ឌឹម សុវណ្ណរុំ ជាសមាជិក និង​ជា​អ្នក​នាំពាក្យ គ.ជ.ប បានអះអាង​ថា កន្លង​មក គ.ជ.ប បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ច្រើន​មក​ហើយ អំពី​កិច្ចការ​សម្របសម្រួល​របស់​អាជ្ញាធរ ជូន​ចំពោះ​គណបក្ស​នយោបាយ។ បន្ថែម​លើ​នេះ លោក​បានអំពាវនាវ​ដល់​អាជ្ញាធរ ជួយ​សម្រួល​ដល់​គណបក្ស​នយោបាយ ដើម្បី​ឲ្យ​ទាន់​ពេល​វេលាចុះ​ឈ្មោះ​គណបក្ស​នយោបាយ។ ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត ដែល​នឹង​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៤​ឧសភា។

សូម​ជម្រាប​ថា គណបក្ស​សាធារណរដ្ឋ​មិន​មែន​ជា​បក្ស​ដែល​ទើប​តែ​បង្កើត​ថ្មី​ឡើយ។ គណបក្ស​នេះ​បាន​ចូល​រួម​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០០៨​ម្ដង​រួច​ហើយ។ តែ​អវត្ត​មាននៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ មាន​ប្រធាន​ឈ្មោះ លន់ រិទ្ធ ដែល​គេ​ស្គាល់​ថា កូន​ប្រុស​របស់​លោក​សេនា​ប្រមុខ​លន់ ណល់ គណបក្ស​ខ្មែរ​សាធារណរដ្ឋ​នឹង​ចូល​រួមការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ​ឡើង​វិញ ដោយ​គ្រោង​ដាក់​បេក្ខជន​ជាង​១០០​នាក់ នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​១០៕