rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ខ្មែរ
rss itunes

រថភ្លើង​ខ្មែរ៖ ម្សិល​មិញ ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក

ដោយ អ៊ឹម រចនា

បន្ទាប់​ពី​អាក់​ខាន​លែង​បាន​ដឹក​អ្នក​ដំណើរ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ រថភ្លើង​ខ្មែរ​កំពុង​តែ​ត្រឡប់​មក​រស់រាន​មាន​ជីវិត​ឡើង​វិញ​។ ក្រុមហ៊ុន​ឯកជន​ដែល​វិនិយោគ​លើ​វិស័យ​នេះ​ទើប​តែ​បាន​ប្រកាស​ថា រថភ្លើង​នឹង​ចាប់​ផ្ដើម​ការ​សាកល្បង​ដឹក​អ្នក​ដំណើរ​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​ព្រះសីហនុ នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ​។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្វាគមន៍​អបអរ ខណៈ​មួយ​ចំនួន​ផ្សេង​ទៀត អន់​ចិត្ត​ចំពោះ​ជោគ​វាសនា​រថភ្លើង​ខ្មែរ។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ រំលឹក​ឡើង​វិញ​ពី​ប្រវត្តិ​របស់​រថភ្លើង​ខ្មែរ​ជូន​លោក​អ្នក​នាង​។

ខ្សែ​រថភ្លើង​ទាំង​ពីរ​ខ្សែ​នៅ​កម្ពុជា ត្រូវ​បាន​សាង​សង់​និង​ដាក់​ឲ្យ​ដំណើរការ​ដំបូង​បង្អស់​នៅ​ចន្លោះ​ទសវត្សរ៍​ឆ្នាំ ១៩៣០ និង ១៩៦០ ជា​ពេល​ដែល​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​បារាំង​នៅ​ឡើយ​។ ក្នុង​នោះ ខ្សែ​ទី​មួយ​ភ្ជាប់​ទីក្រុង​ភ្នំពេញ ទៅ​ពោធិ៍សាត់ បាត់ដំបង សេរីសោភណ្ឌ និង​ប៉ោយប៉ែត មាន​ចម្ងាយ​សរុប ៣៨៦ គីឡូម៉ែត្រ ខណៈ​ខ្សែ​រថភ្លើង​ទី​ពីរ ភ្ជាប់​ភ្នំពេញ​ទៅ​ទី​ក្រុង​ព្រះសីហនុ ដោយ​ឆ្លង​កាត់​ខេត្ត​កំពត មាន​ចម្ងាយ​ចំនួន ២៦៦ គីឡូម៉ែត្រ។ សរុប​ផ្លូវ​ដែក​កម្ពុជា​ទាំង​ពីរ​ទិស មាន​ប្រវែង​សរុប ៦៥២ គីឡូម៉ែត្រ។

នៅ​ក្នុង​អំឡុង​ពេល​នោះ សេវា​ដឹក​ជញ្ជូន​តាម​រថភ្លើង​មាន​សកម្មភាព​មមាញឹក​ខ្លាំង​មែន​ទែន ដោយ​បាន​ដឹក​អ្នក​ដំណើរ​ជាង​២​លាន​នាក់ និង​ទំនិញ​ប្រមាណ​៣​សែន​៥​ម៉ឺន​តោន​។
បន្ទាប់​ពី​នោះ ពោល​គឺ​នៅ​ក្រោយ​សម័យ​សាធារណរដ្ឋ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ដែក ត្រូវ​រង​ការ​បំផ្លាញ និង​ទ្រុឌ​ទ្រោម​ជា​បន្ត​បន្ទាប់។ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ក្រោយ​ពី​នោះ ផ្លូវ​ដែក​បាន​ក្លាយ​ទៅ​ជា​មុខ​សញ្ញា​សំខាន់ ដែល​កង​ទ័ព​ព្រៃ​ខ្មែរ​ក្រហម​ដាក់​មីន​បំផ្លាញ​ចោល នៅ​ក្នុង​ការវាយ​ប្រហារ​ជាមួយ​កង​ទ័ព​រដ្ឋាភិបាល​។

រថភ្លើង​​នៅ​ស្រុក​ខ្មែរ​ដែល​ចាស់​ទ្រុឌ​ទ្រោម និង​ខូច​ខាត ត្រូវ​បាន​គេ​ទុក​ចោល​លែង​ប្រើ​ការ​កើត​រហូត​មក គឺ​រហូត​ទាល់​តែ​ក្រុមហ៊ុន​ឯកជន​​និង​អង្គការ​អន្ដរជាតិ​បាន​ដាក់​ទុន​វិនិយោគ​ជួស​ជុល​ស្ដារ​ឡើង​វិញ​នៅ​ឆ្នាំ​២០០៧​ជា​បន្ត​បន្ទាប់​រហូត​មក​។ បញ្ហា​ខ្វះ​ទុន គឺ​ជា​ការ​ប្រឈម​ដ៏​ធំ​មួយ​នៅ​ក្នុង​ដំណើរ​ការ​ជួស​ជុល​ខ្សែ​រថភ្លើង​នេះ ប៉ុន្តែ​បញ្ហា​ធំ​ជាង សាំញ៉ាំ និង​ពិបាក​ដោះ​ស្រាយ​ជាង​នេះ គឺ​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​រាប់រយ រាប់​ពាន់​គ្រួសារ ដែល​បាន​តាំង​ទីលំនៅ​យូរ​ឆ្នាំ យ៉ាង​អាណាធិបតេយ្យ នៅ​អម​សង​ខាង​ផ្លូវ​រថភ្លើង​។

អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់​១ពាន់​គ្រួសារ​ត្រូវ​ផ្លាស់​ទីលំនៅ និង​ជាង​៤ពាន់​គ្រួសារ​ផ្សេង​ទៀត ត្រូវ​បាត់បង់​ដី​យ៉ាង​តិច​៧ម៉ែត្រ​អម​សង​ខាង​ផ្លូវ​ដែក។ ក្រៅ​ពី​នោះ នៅ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាត់បង់​មុខរបរ​ចិញ្ចឹម​ជីវិត និង​ត្រូវ​ជំពាក់​បំណុល​គេ​ជា​ដើម។

សព្វ​ថ្ងៃ ការ​ជួស​ជុល​ស្ដារ​ខ្សែ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត កំពុង​តែ​ត្រូវ​បាន​ជួសជុល​ស្ដារ​ឡើង​វិញ​នូវ​ផ្នែក​ខ្លះ​។ ចំណែក​ខ្សែ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​បាន​បញ្ចប់​រួច​រាល់​ហើយ ដោយ​មាន​ការ​ប្រើប្រាស់​ដឹក​ជញ្ជូន​ទំនិញ​ជា​ហូរហែ​ផង​ដែរ​។ ថ្មីៗ​នេះ ក្រុមហ៊ុន​ឯកជន​មួយ​ដែល​វិនិយោគ​លើ​ផ្លូវ​ដែក ទើបតែ​បាន​ប្រកាស​ថា រថភ្លើង​នឹង​ចាប់ផ្ដើម​ការ​សាក​ល្បង​ដឹក​អ្នក​ដំណើរ​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​ព្រះសីហនុ នៅ​ដើម​ខែ​មេសា​ខាង​មុខ​។

រថភ្លើង​​នេះ​អាច​រត់​ក្នុង​ល្បឿន​មធ្យម​ចន្លោះ​ពី​៣០​ទៅ​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​នឹង​ចំណាយ​ពេល​៨​ម៉ោង​ដើម្បី​ទៅ​ដល់​គោលដៅ​ចុង​ក្រោយ​។ ការ​ដាក់​ដំណើរការ​សាកល្បង​ដំបូង​មាន​ទូ​រថភ្លើង​ពីរ​ប្រភេទ គឺ​នៅ​ថ្ងៃ​សេស​សម្រាប់​ទូ​ម៉ាស៊ីន​ត្រជាក់ និង​នៅ​ថ្ងៃ​គូ សម្រាប់​ទូ​រថភ្លើង​កង្ហារ ដែល​អាច​បង្ហើប​បង្អួច​ស្រូប​ខ្យល់​អាកាស​បាន។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រំភើប និង​អបអរសាទរ​យ៉ាង​កុះករ​។

ប៉ុន្តែ ទន្ទឹម​នឹង​ការ​សាទរ​នេះ ពលរដ្ឋ​មួយ​ក្រុម​ផ្សេងទៀត​សម្ដែង​ការ​អាក់អន់​ស្រពន់​ចិត្ត​ចំពោះ​ជោគ​វាសនា​រថភ្លើង​ខ្មែរ​។ ហេតុអ្វី​ត្រូវ​អន់​ចិត្ត? អន់​ចិត្ត​ព្រោះ នៅ​ពេល​ពលរដ្ឋ​ខ្មែរ​ទើបតែ​បាន​ត្រឡប់​មក​ជិះ​រថភ្លើង​ល្បឿន​ពី​៣០​ទៅ​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​លើ​ផ្លូវ​តែ​មួយ​ខ្សែ ប្រទេស​ជិត​ខាង​ដទៃ​ទៀត​មាន​ខ្សែ​រត់​ភ្លើង​រត់​ស្ទើរ​តែ​ពាស​ពេញ​ផ្ទៃ​​ប្រទេស។ ហើយ​រថភ្លើង​ទៀត​សោត ក៏​មាន​ល្បឿន​លឿន ជិត​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ មិន​ត្រឹម​តែ​មាន​រថភ្លើង​ខ្វាត់ខ្វែង​ពី​ទី​ក្រុង​ទៅ​ខេត្ត​ជនបទ​ដាច់​ស្រយាល​ទេ ប្រទេស​ជិត​ខាង​កម្ពុជា​មាន​រថភ្លើង​ល្បឿន​លឿន រថភ្លើង​អាកាស និង​រថភ្លើង​ក្រោម​ដី​ប្រើ​ថែម​ទៀត​ផង។

យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​ជា​សប្បាយ​ចិត្ត​ក៏​ដោយ អន់​ចិត្ត​ក៏​ដោយ គេ​មិន​ត្រូវ​បោះបង់​ចោល​ឡើយ សុបិន​ដែល​ថា ថ្ងៃណា​មួយ​នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ កម្ពុជា​នឹង​ឈាន​ទៅ​វិនិយោគ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​រថភ្លើង​ល្បឿនលឿន​ក្រោម​ដី លើ​ដី និង​គ្រប​ដណ្ដប់​ទៅ​កាន់​បណ្ដា​ខេត្ត​នានា​ ដូច​ប្រទេស​ជិត​ខាង​ដែរ។ គេ​ត្រូវ​តែ​សង្ឃឹម! គេ​ត្រូវ​តែ​មាន​ក្ដី​សុបិន ព្រោះ​លោក នូ ហាច ដែល​ជា​អ្នកនិពន្ធល្បី​ឈ្មោះ​របស់​ខ្មែរ​ធ្លាប់​ចែង​ទុក​ថា យល់​សប្តិ​គង់​ក្លាយ​ជា​ការ​ពិត​មួយ​ដង​មួយ​កាល​ដែរ​៕

​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​រៀន​រស់​ដោយ​ខ្លួន​ឯង​!​

​អ្នក​នាំ​ពាក្យ​មួយ​ចំនួន​នៅ​តែ​អត់​ពាក្យ​នាំ​ដដែល ខណៈ​រដ្ឋា​ភិបាល​បង្កើត​អង្គ​ភាព​អ្នក​នាំ​ពាក្យ និង​ផ្តល់​ការ​រៀន​សូត្រ​

​តុលា​ការ​ប្រជាជន​ នៅ​តែ​ពេញ​និយម​ក្នុង​សង្គម​ខ្មែរ​!​

​ដល់​ពេល​ដែល​ត្រូវ​គិត​គូរ​ពី​គុណ​ភាព​សំណង់​!​

​ដំណក់​ប្រេង​របស់កម្ពុជា៖ ​ពរជ័យ ឬ ​បណ្ដាសារ?

​បរិស្ថាន​ល្អ គ្មាន​សំរាម អាស្រ័យ​ដោយ​ឆន្ទៈ​រួម​គ្នា​រវាង​អាជ្ញាធរ ក្រុម​ហ៊ុន​ប្រមូល​សំរាម និង​ប្រជា​ពលរដ្ឋ​

​យុត្តិ​ធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ដើរ​ដល់​ផ្លូវ​ទាល់​?​

ការ​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​របស់​វិនិយោគិន​ចិន ​និង​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ ​មិនអាច​ខ្វះ​មួយ​ណា​ឡើយ

​គួរ​បើក​វចនា​នុក្រម​ខ្មែរ ឲ្យ​បាន​ញឹក​ញាប់​ដូច​បើក​វចនានុ​ក្រម​ភាសា​បរទេស​

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​

​ហេតុ​អ្វី «ផ្លូវ​កាន់​តែ​ល្អ ចរិក​បើកបរ​នៅ​ដដែល​!»​

​ការ​លុប​បំបាត់​គ្រឿង​ញៀន ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម និង​ឆន្ទៈ​ពិត​ប្រាកដ​

​កម្ពុជា​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​អ្នក​និពន្ធ ដើម្បី​ថែ​រក្សា​អ្នក​អាន​

​រដ្ឋា​ភិបាល​នឹង​កើន​ពិន្ទុ​ខ្ពស់ អាស្រ័យ​លើ​ការ​អនុវត្ត​ច្បាស់​លាស់ ចំណុច​ចុង​ក្រោយ​នៃ​អភិក្រម​ទាំង​៥​

​ការ​ឆ្លើយ​តប​ចំពោះ​កំណើន​ពលរដ្ឋ​ទៅ​ចាក់​ថ្នាំ​ក្រោយ​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​នៅ​មាន​កម្រិត​ ឆ្លុះ​បញ្ជាំង​ដូច​ម្តេច​ពី​វិស័យ​សុខាភិបាល​?​

​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​បង្ក​ការ​លំបាក​ដល់​ការ​អភិវឌ្ឍ​សេវា​ដឹក​ជញ្ជូន​តាម​រថ​ភ្លើង​

អ្នកទេសចរ​បរទេស ហូរ​ចូល​មក​កម្ពុជា​ជាមួយ​នឹងប្រាក់​ចំណូល ក៏​ដូច​ជា​បញ្ហា​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន

រដ្ឋាភិបាល​ទំនង​ជា​យក​ចិត្ត​ទុក​ដាក់​ពេញ​លេញ ខណៈ​ឧស្សាហកម្ម​កាត់​ដេរ​មាន​កម្មករ​ជិត​១​លាន​នាក់

ចប់​បាក់ឌុប យុវជន​គួរ​សម្រុក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត

ជន​ជាតិ​ចិន​កាន់​តែ​ច្រើន​យក​ទឹក​ដី​កម្ពុជា​ជំរិត​ទារ​ប្រាក់​តាម​អន​ឡាញ តើ​មក​ពី​មូលហេតុ​អ្វី?