rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ពលករចំណាកស្រុក នីតិការងារ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពលករ​ខ្មែរ​ពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ទឹក​ដី​ថៃ​ដោយ​គ្រោះ​ថ្នាក់​បុក​ទូក

media
ពលករខ្មែរពីរនាក់បានស្លាប់នៅក្នុងទឹកដីថៃដោយគ្រោះថ្នាក់បុកទូក។ @នគរបាលជាតិ

យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ខ្មែរ​២​នាក់ និង ជន​ជាតិ​ថៃ​២​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ទូក​នេសាទ​របស់​ពួក​គេ​បាន​បុក​ជាមួយ​នឹង នាវា​ទឹក​ទំនិញ​កាល​ពី​រសៀល​ថ្ងៃ​សៅរិ៍ នៅ​ក្នុង​សមុទ្រ​ថៃ។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ប៉ូលីស​ជាតិ​ថៃ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ម្សិល​មិញ។ ក្រសួង​ការងារ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ កំពុង​តែ​អន្តរាគមន៍​ដើម្បី​បញ្ជូន​សព​ពលករ​ខ្មែរ​ទាំង​ពីរ​មក​កាន់​ប្រទេស​កម្ពុជា​វិញ។


ជុំវិញ​ឧប្បត្តិហេតុ​ដែល​បណ្តាល​ឲ្យ​ស្លាប់​កម្មករ​នេសាទ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​កណ្តាល​សមុទ្រ​ប្រទេស​ថៃ​នេះ លោក ហេង សួរ អ្នក​នាំ​ក្រសួង​ការងារ​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារំាង​RFI នៅ​ថ្ងៃ​នេះ​ថា ក្រសួង​ការងារ​ពិត​ជា​បាន​ទទួល​ដំណឹង​នេះ​រួច​ហើយ​ពី​ខាង​ភាគី​ថៃ ហើយ​ទីប្រឹក្សា​ទទួល​បន្ទុក​កិច្ច​ការងារ​ពលករ​របស់​ក្រសួង​ការងារ​រួម​ជាមួយ​នឹង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​កំពុង​តែ​សហការ​ជាមួយ​អាជ្ងាធរ​ថៃ​ដើម្បី​ធ្វើ​ការ​បញ្ជូន​សាក​សព​របស់​ពលករ​មក​កាន់​ប្រទេស​កំណើត​វិញ។

តាម​ការ​ចុះ​ផ្សាយ​របស់​​គេហទំព័រ​ប៉ូលីស​ជាតិ​ថៃ ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​៦​ ខែ​មករា​កន្លង​ទៅ ដែល​មាន​ចម្ងាយ​ ​ ប្រមាណ​ជាង៦១​ គីឡូម៉ែត្រ​ពី​ខេត្ត​ឈុនបុរី ខណៈ​ទូក​នេសាទ​មួយ​គ្រឿង​ដែល​រង​គ្រោះ​ថ្នាក់​នោះ មាន​ដឹក​មនុស្ស​សរុប​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​៥​នាក់​និង​ថៃ​៣​នាក់។

ភ្លាមៗ លោក​ឧត្តមសេនីយ៍​ បាន់​ចុប​ ពោធិ​ដែង​ មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​តំបន់​១​ ដែល​មាន​នាទី​ទំនាក់​ទំនង​ការងារ​និង​ការ​រក្សា​សុវត្ថិភាព​លើ​ផ្ទៃ​ទឹក​ បាន​ទទួល​ព័ត៌មាន​នេះ ក៏​បាន​ផ្តើម​បើក​កិច្ចការងារ​ជួយ​សង្គ្រោះ​ផង​ដែរ។ មន្រ្តី​ប៉ូលីស​ថៃ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទូក​លិច​ពួក​គេ​បាន​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ ដោយ​បាន​ជួយ​សង្គ្រោះ​មនុស្ស​៤​នាក់ ប៉ុន្តែ​ជា​អកុសល​មនុស្ស​៤​នាក់​ផ្សេង​ទៀត​មិន​អាច​សង្គ្រោះ​បាន។​

សាក​សព​អ្នក​ទាំង​៤​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​ពួក​គេ​ក៏​បាន​ជូន​ដំណឹង​នេះ​មក​កាន់​អជ្ញាធរ​កម្ពុជា​ដើម្បី​ធ្វើ​ការ​បញ្ជូន​សាក​សព​មក​កម្ពុជា​ផង​ដែរ។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា កម្មករ​ខ្មែរ​ទាំង​៥​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​២​នាក់ ​ធ្វើ​ការ​ក្រោម​ស្លាក​ក្រុមហ៊ុន​ណា​មួយ​នោះ​ទេ ក៏​ប៉ុន្ត​លោក ហេង សួរ បញ្ជាក់​ថា ក្រសួង​ការងារ​កម្ពុជា​នឹង​ធ្វើ​ការ​តវ៉ា​ជំនួស​កម្មករ​ដើម្បី​ទទួល​បាន​សំណង​ខាង​ផ្នែក​ហានិភ័យ​ការងារ ក៏​ដូច​ជា​ធានា​រ៉ាប់រង​ជីវិត បើ​ទោះ​បី​ជា​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ​ដោយ​ស្រប​ច្បាប់ ឬ មិន​ស្រប​ច្បាប់​ក៏​ដោយ។

សូម​បញ្ជាក់​ថា ជា​រឿយៗ​ពលករ​ខ្មែរ​ទាំង​ស្រប​ច្បាប់​និង​ខុស​ច្បាប់​ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ថៃ​បញ្ជូន​សាក​សព​មក​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់ ដោយ​ហេតុ​ថា​ភាគ​ច្រើន​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍ គ្រោះ​ថ្នាក់​នៅ​ការ​ដ្ឋាន​សំណង់ និង​រង​គ្រោះ​នៅ​លើ​ផ្ទៃ​សមុទ្រ​ខណៈ​ពួក​គេ​ត្រូវ​ក្រុមហ៊ុន​ជួល​ឲ្យ​ចេញ​ទៅ​នេសាទ៕