អានតួអត្ថបទ
កម្ពុជា-សង្គម

​កម្ពុជា​ថ្កោលទោស​ចំពោះ​ក្រុម​ហ៊ុន​បរទេស​ដែល​យក​រូបភាព​ទង់​ជាតិ​និង​ប្រាសាទ ​ទៅ​រចនា​ជា​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក​ និង​ផ្ទះ​បាយ​

កម្ពុជា​បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅ​កាន់​បណ្ដាល​ក្រុម​ហ៊ុន​បរទេស​ដែល​យក​ទង់ជាតិ​និង​រូបភាព​ប្រាសាទ​ខ្មែរ ដែល​បាន​ចុះ​បញ្ជី​ជា​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក​រួច​ហើយ​នោះ រចនា​ជា​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​បន្ទប់​ទឹក​និង​ផ្ទះ​បាយ​។ ជុំវិញ​បញ្ហា​គួរ​ឲ្យ​សោក​ស្តាយ​នេះ ស្ថាន​ទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ធ្វើ​ការ​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​ហ៊ុន​អាមេរិក​ឈ្មោះAmazon ដែល​កំពុង​តែ​លក់​ទំនិញ​ទាំង​នេះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​។ 

ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង
ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង @RFI
ផ្សាយពាណិជ្ជកម្ម

«តក់​ស្លុត​និង​ស្រងាក​ចិត្ត»ជា​សារ​របស់​ឯក​អគ្គ​រដ្ឋ​ទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ផ្ញើ​ទៅ​កាន់​អគ្គ​នាយក​ក្រុម​ហ៊ុន​Amazon​។ Amazon ជា​ក្រុមហ៊ុន​មួយ​ដែល​ផ្គត់​ផ្គង់​ទំនិញ​តាម​អន​ឡាញ​បាន​យក​រូបភាព​ប្រាសាទ​អង្គរវត្ត​ដោយ​រួម​មាន ប្រាសាទ​តាព្រហ្ម ប្រាសាទ​បាយ័ន​និង​ប្រាសាទ​បឹង​មាលា រចនា​ជា​គម្រប​បង្គន់ កំរាល​បន្ទប់​ទឹក កំរាល​ជើង​មុខ​បង្គន់ វាំង​នន​ងូត​ទឹក និង​កំរាល​ផ្ទះ​បាយ​។

ទង្វើ​នេះ​ត្រូវ​បាន​កម្ពុជា​ចាត់​ទុក​ថា ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កិត្តយស​របស់​ខ្លួន និង​ជា​រឿង​ស្អប់​ខ្ពើម​។ ស្អប់​ខ្ពើម​ព្រោះ​ក្រៅ​ពី​ប្រាសាទ​គេ​ឃើញ​ការ​ប្រើ​ប្រាស់​រូបភាព​ទង់​ជាតិ​ខ្មែរ​រចនា​ជា​កម្រាល​បន្ទប់​ទឹក​ទៀត​ផង​។ ជំហ៊ាន​ដំបូង​កម្ពុជា ថ្កោល​ទោស​និង​ទាម​ទារ​ក្រុម​ហ៊ុន​Amazonបញ្ឈប់​ជា​បន្ទាន់​នូវ​ការ​លក់​របស់​ខ្លួន ដោយ​ដក​ចេញ​ពី​គេហទំព័រ​នូវ​ផលិត​ផល​ទាំង​នេះ​។

សូម​ជម្រាប​ថា ប្រតិកម្ម​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​សហ​រដ្ឋអាមេរិក ធ្វើ​ឡើង​ទន្ទឹម​នឹង​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ស្រុក​ផ្ទុះ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​តាម​បណ្ដាញ​សង្គម​ចំពោះ​ករណី​នេះ​។ មុន​មាន​អន្ត​រាគមន៍​របស់​ស្ថាន​ទូត​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​និង​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ក្រុម​ហ៊ុន​Amazon​ដែរ ដើម្បី​សុំ​ឲ្យ​ក្រុមហ៊ុន​គិត​គូរ​ឡើង​វិញ​ដក​ការ​រចនា​រូប ដែល​ទាញ​ចេញ​ប្រាសាទ​អង្គរវត្ត ក៏​ដូច​ជា​ប្រាសាទ​នា​នា​មក​បង្ហាញ​លើ Online Shopping របស់​ខ្លួន​។ ក្នុង​នោះ​ក្រសួង​វប្បធម៌ ក៏​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ក្រសួង​ប្រៃ​សណីយ៍​កម្ពុជា ជួយ​ទប់​ស្កាត់​ការ​ចែក​ចាយ​រូប​ភាព​ទាំង​នេះ​លើ​អ៊ិន​ធើ​ណេត​ដែរ​។

ជា​ការ​កត់​សម្គាល់ នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ ដែល​រូប​ភាព​តំណាង​ឲ្យ​សម្បត្តិ​វប្បធម៌​កម្ពុជា ត្រូវ​បាន​គេ​យក​ប្រើ​ប្រាស់​ក្នុង​រូប​ភាព​ប្រហាក់​ប្រហែល​នេះ​។ លោក ឈត ប៊ុនថង មន្ដ្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ថ្លែង​ថា កម្ពុជា​គួរ​មាន​វិធាន​ការ​ទុក​ជា​មុន ប្រសើរ​ជាង​បញ្ហា​កើត​ឡើង​ហើយ​នាំ​គ្នា​ប្រតិ​កម្ម​។ ជា​វិធាន​ការ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ដើម្បី​ឈាន​ដល់​ការ​ដាក់​ទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​។ ការ​មើល​ឃើញ​ដោយ​ឡែក លោក ឈត ប៊ុនថង ថា កម្ពុជា​ខ្លួន​ឯង​ក៏​មាន​ការ​ថ្លោះ​ធ្លោយ​ដែរ ដែល​ដាក់​រូប​ប្រាសាទ​អង្គរវត្ត ឬ​ប្រាសាទ​ព្រះវិហារ​លើ​កំប៉ុង​ស្រាបៀរ​។ រូប​ភាព​អាច​ជា​លេស​មួយ​ដែល​ក្រុម​ហ៊ុន​បរទេស​មើល​គំរូ​តាម​។ នេះ​បើ​តាម​លោក ឈត​ ប៊ុន​ថង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ