rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ខ្មែរក្រហម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​មរណៈ​ភាព នួន ជា ជំរុញ​ឲ្យ​បណ្ដឹង​សារ​ទុក្ខ​របស់​ ខៀវ សំផន ដំណើរ​ការ​បន្ត​

media
(ខាងឆ្វេង) នួន ជា និង (ខាងស្ដាំ) ខៀវ សំផន @RFI

ក្រោយ​មរណៈភាព​របស់​ជន​ជាប់​ចោទ នួន ជា សហ​ព្រះរាជអាជ្ញាជាតិ​បាន​គូសបញ្ជាក់​នៅ​ក្នុងសន្និសីទ​កាសែត​នៅ​ល្ងាច​ម្សិល​មិញ​ថា បណ្ដឹង​សារទុក្ខ​របស់ខៀវ សំផន នឹង​ដំណើរ​ការ​បន្ត។ មួយ​ផ្នែក​នៃ​មរណៈភាព​របស់ នួន ជា ជំរុញ​ឲ្យ​អង្គ​ជំនុំ​ជម្រៈ​ពន្លឿន​នីតិវិធី​ជំនុំ​ជម្រៈ​លើ​បណ្ដឹងសារទុក្ខ​របស់ ខៀវ សំផន។ នេះ​បើ​តាម​លោកស្រី ជា លាង​ សហ​ព្រះរាជ​អាជ្ញាជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។ 


មែនទែន​ទៅ​ជនជាប់​ចោទ នួន ជា និងខៀវ សំផន កំពុង​ជាប់​បណ្ដឹង​សារទុក្ខ​ទាំង​ពីរ។ ជា​បណ្ដឹ​ង​ប្រឆាំង​នឹង​ការផ្ដន្ទាស​ចំពោះ​ក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និងឧក្រិដ្ឋ​សង្គ្រាម ដែល​ជន​ជាប់ចោទ​ទាំងពីរ​ត្រូវ​បាន​ផ្ដន្ទាទោស​នៅ​ក្នុង​ការ​ជំនុំ​ជម្រៈ​លើក​ទី២​កា​ល​ពី​ចុង​ឆ្នាំ​២០១៨។ សម្រាប់ នួន ជា បណ្ដឹង​សារទុក្ខ​បាន​ផុត​រលត់​ហើយ ក្រោយ​មរណៈភាពរបស់​គាត់​នៅ​វេលាម៉ោង​៦ល្ងាច​ម្សិលមិញ ត្រូវ​នឹង​ថ្ងៃ​ទី​៤​ខែ​សីហា។

សូមជម្រាបជូនថា បណ្ដឹង​សារទុក្ខ​របស់​ជនជាប់ចោទ​ទាំងពីរ​ធ្វើ​ឡើង​ក្រោយ​តុលាការ​ខ្មែរក្រហ​ម​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ឆ្នាំ២០១៨ បាន​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ពីររូប​គឺ លោក នួន ជា និង ខៀវ សំផន ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិតនៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ០២។ នេះ​គឺជា​ការកាត់ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​​​អស់​មួយជីវិត​ជា​លើក​ទី០២ បន្ទាប់ពី​សំណុំរឿង​០០២វគ្គ០១ តុលាការ​ក៏បាន​កាត់​ទោស​​ឲ្យ​អតីត​មេដឹក​នាំ​ខ្មែរក្រហម​ទាំង​ពីររូប ជាប់ពន្ធ​នា​គារ​អស់​មួយជីវិត​ដែរ។

ដោយ​ឡែក​ជនជាប់ចោទ​ខៀវ សំផន! ខៀវ សំផន ត្រូវបាន​ចោទប្រកាន់ថា មាន​តួនាទី​ជាច្រើន​នៅក្នុង​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ ខៀវ សំផន ក៏ជា​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​នៃ​របប​ខ្មែរក្រហម។ ជនជាប់ចោទ​ទាំង​ពីររូប ខៀវ សំផន និង នួន ជា ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ជាច្រើន​ប្រឆាំងនឹង​មនុស្សជាតិ ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ តាមរយៈ​ការចូលរួម​នៅក្នុង​សហ​ឧក្រិដ្ឋកម្ម​រួម ចន្លោះ​ពីថ្ងៃ​ទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី ០៦ មករា ឆ្នាំ ១៩៧៩​។

បើទោះ​ជា​បណ្ដឹង​សារទុក្ខ​បាន​ផុត​រលត់​ទៅ​ជាមួយ​នឹង​មរណៈភាព​របស់ នួន ជា ក្ដី តែ​លោកស្រី ជា លាង សហ​ព្រះរាជាអាជ្ញាជាតិ​លើក​ឡើង​ថា ជន​ជាប់​ចោទ នួន ជា បាន​ទទួល​ខុស​ត្រូវផ្នែក​ព្រហ្មទណ្ឌ​ចំពោះ​ការ​ឈឺចាប់​របស់​ប្រជាជនកម្ពុជា​រាប់ម៉ឺន​នាក់​រួច​ហើយ ខណៈ​ពលរដ្ឋខ្មែរ​១​សែននាក់​បាន​ចូលរួម​សវនាការ​ជំនុំជម្រៈ និង​មើល​ឃើញ​សក្ខី​កម្ម​ជា​ជន​រង​គ្រោះ​ជា​ច្រើនមាន​ឱកាស​តទល់​ជាមួយ​ជន​ជាប់​ចោទ នួន ជា៕