អានតួអត្ថបទ
កម្ពុជា

ខៀវ សំផន អតីត​ប្រមុខរដ្ឋ របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រើ​សេរីភាព​ចុងក្រោយ​ក្នុង​ពន្ធនាគារ

ខៀវ សំផន គឺជា អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ត្រូវបាន តុលាការ​កូនកាត់​ខ្មែរក្រហម ចាប់ឃុំខ្លួន នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ ហើយ​សម្រេច​ទោស ដាក់ពន្ធនាគារ​អស់​មួយជីវិត បន្ទាប់ពី ការដួលរលំ​នៃ​របប​ខ្មែរក្រហម​ជាង ៣ទសវត្ស។ តើ ខៀវ សំផន មាន​ប្រវត្តិ​យ៉ាងណា ?

លោក​ ខៀវ ​សំផន ​ពេល​ស្ដាប់​ការ​ប្រកាស​សាល​ក្រម​កាល​ពី​ថ្ងៃ​ទី ​០៧ ​សីហា ​ឆ្នាំ ​២០១៤​។​
លោក​ ខៀវ ​សំផន ​ពេល​ស្ដាប់​ការ​ប្រកាស​សាល​ក្រម​កាល​ពី​ថ្ងៃ​ទី ​០៧ ​សីហា ​ឆ្នាំ ​២០១៤​។​ @ECCC
ផ្សាយពាណិជ្ជកម្ម

ខៀវ សំផន កើត​នៅ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣១ នៅ​ស្រុក​រំដួល ខេត្តស្វាយរៀង។ គាត់​ជា កូនច្បង ក្នុង​គ្រួសារ​មួយ ដែលមាន​បងប្អូន​ប្រុស​ស្រី ប្រាំ​នាក់ និង​មាន​ឳ​ពុក​ជា ចៅក្រម។ កុមារភាព​របស់ ខៀវ សំផន គឺជា សិស្ស​ដែលមាន បញ្ញា​វ័យឆ្លាត មាន​មហិច្ឆតា​ខ្ពស់ និង​ជាម​នុស្ស​ចូលចិត្ត​នៅ​ដាច់​ឆ្ងាយ​ពី​គេឯង។

ខៀវ សំផន បាន​ចូលរៀន នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទីក្រុង​ភ្នំពេញ មុនពេល ទទួលបាន អាហារូបករណ៍ ទៅ​សិក្សា បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ១៩៥៣។ ទីនោះ​ហើយ ដែល​គាត់ ក្លាយជា អគ្គលេខាធិការ នៃ​ក្រុម​បញ្ញាជន​និស្សិត​កុ​ម្មុយ​នី​ស​ខ្មែរ​និយម​ឆ្វេង មុនពេល បញ្ចប់​ថ្នាក់បណ្ឌិត​សេដ្ឋកិច្ច នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ១៩៥៨។

ក្នុង​ឆ្នាំ១៩៥៩ ក្រៅពី ធ្វើជា សាស្ត្រាចារ្យ នៅ មហាវិទ្យាល័យ​ច្បាប់ នា​ក្រុងភ្នំពេញ ខៀវ សំផន បាន​បង្កើត កាសែត​និយម​ឆ្វេង​មួយ សរសេរ​ជា​ភាសា​បារាំង ឈ្មោះថា "L’Observateur"។ កាសែត​នេះ ត្រូវបាន​បិទ នៅ​ឆ្នាំ១៩៦០ ដោយសារ​រិះគន់​រដ្ឋាភិបាល សម្តេច នរោត្តម សីហនុ ហើយ ប៉ូលីស​ចាប់ វាយ​គាត់ សម្រាត​ខោអាវ នៅលើ​ដងផ្លូវ​សាធារណៈ ក្នុង​ទីក្រុង​ភ្នំពេញ និង ដាក់គុក​រយៈពេល មួយខែ ដោយ​គ្មាន​ការជំនុំជម្រះ​ឡើយ។

ខៀវ សំផន ធ្លាប់បាន​ជាប់ឆ្នោត​ជា តំណាងរាស្ត្រ​មណ្ឌលកណ្ដាល បាន​ពីរ​អាណត្តិ គឺ​ក្នុង​ឆ្នាំ១៩៦២ និង១៩៦៦។ ខៀវ សំផន ក៏​ធ្លាប់បានរ​ត់ទៅ​លាក់ខ្លួន​នៅក្នុង​ព្រៃ នៅ​ឆ្នាំ១៩៦៧ ហើយ​លេចមុខ​ជាថ្មី​ជាមួយ ចលនា​តស៊ូ​របស់់​ខ្មែរក្រហម ក្រោយ​ការចោទប្រកាន់​ពី​សំណាក់​សម្តេច នរោត្តម សីហនុ  ទាក់ទង​នឹង​អំពើ​បះបោរ​នៅ​សំឡូត។

ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ ឆ្នាំ១៩៧០ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ត្រូវបាន​បង្កើតឡើង ដែលមាន​សម្តេច នរោត្តម សីហនុ ជា​ប្រធាន ខៀវ សំផន ជា អនុប្រធាន​រណសិរ្ស។ បន្ទាប់មក រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ប៉េកាំង នៅ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០ ខៀវ សំផន ត្រូវបានតែងតាំង​ជា ឧបនាយករដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។ ខៀវ សំផន បន្ត​កាន់តំណែង​នេះ រហូតដល់​ខែមេសា ឆ្នាំ១៩៧៥ ទើប​ផ្លាស់​ទៅធ្វើជា អគ្គបញ្ជាការ​កងទ័ព​ជាតិ និង ឧបនាយករដ្ឋមន្ត្រី ដដែល។ នៅ​ខែមេសា ឆ្នាំ១៩៧៦ ក្រោយពី​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច ខៀវ សំផន ត្រូវបាន តែងតាំង​ឲ្យ​ធ្វើជា ប្រមុខរដ្ឋ នៃ​កម្ពុជា​ប្រជាធិបតេយ្យ ជំនួស​សម្តេច នរោត្តម សីហនុ ដែល​បាន សុំ​លាឈប់​ពី​តំណែង។

លុះ របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​ដួលរលំ នៅ​ឆ្នាំ១៩៧៩ ខៀវ សំផន បាន​ឡើងមក​កាន់តំណែង​ជា នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ជំនួស ប៉ុល ពត។ ហើយ​អំឡុង​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ១៩៩២ លោក ខៀវ សំផន នៅតែ​ជា តំណាង​ជាន់ខ្ពស់ របស់​ភាគី​ខ្មែរក្រហម ក្នុង​រដ្ឋាភិបាល​ត្រីភាគី ហើយ​នៅ ឆ្នាំ១៩៨៩ គាត់​បាន​ធ្វើជា តំណាង​កម្ពុជា ក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​កម្ពុជា​នៅ ទីក្រុង​ប៉ារីស។

បន្ទាប់ពី​ចុះចូល​ជាមួយ រដ្ឋាភិបាល​កម្ពុជា ក្នុង​ឆ្នាំ១៩៩៨ គាត់ បាន​ចាក​ចេញពី​ចលនា ខ្មែរក្រហម និង​បន្ត​រស់នៅក្នុង​ខេត្ត​ប៉ៃលិន រហូត​ដល់ពេល​ត្រូវបាន​ចាប់ឃុំខ្លួន ដោយ អង្គជំនុំជម្រះ​វិ​សាម​ញ្ញា​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ និង​ចោទប្រកាន់​ពី បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ អង្គជំនុំជម្រះ​សាលាដំបូង បាន​បើកសវនាការ​បឋម​នៅ​ខែមិថុនា ឆ្នាំ ២០១១ ហើយ​នៅ​ទីបំផុត អង្គជំនុំជម្រះ​សាលា​កំពូល នៃ តុលាការ​ខ្មែរ​កូនកាត់​ក្រហម បានសម្រេច​លើកចុងក្រោយ នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កំណត់​ទោស ខៀវ សំផន ដាក់ពន្ធនាគារ​អស់​មួយជីវិត បើទោះបីជា គាត់ តែងតែ​ប្រកាសជារឿយៗថា គាត់​មិនមាន​អំណាច​អ្វី​ឡើយ នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​របស់​ខ្មែរក្រហម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ