អានតួអត្ថបទ
កម្ពុជា-តុលាការ

គិត​ត្រឹម​ថ្ងៃ​នេះ ​លោក​កឹម ​សុខា ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគា​រ​​រយៈពេល​ពេញ​១​ឆ្នាំ​ហើយ​

ថ្ងៃ​ទី០៣ កញ្ញា ឆ្នាំ២០១៧-ថ្ងៃ​ទី០៣ កញ្ញា ឆ្នាំ២០១៨ គឺ​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​គត់​ដែល​លោក​កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំ​ពេញ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង នា​ខេត្តត្បូង​ឃ្មុំ។ ឆ្លៀត​ឱកាស​នេះ វណ្ណ សុគន្ធា សូម​រំឮក​ជូន​ប្រិយ​មិត្ត​អ្នក​ស្តាប់​ឡើង​វិញ​អំពី​ហេតុ​ដើម​នៃ​ការ​ចាប់​និង​ឃុំ​ខ្លួន​លោក​កឹម សុខា​នេះ។

លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក
លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ម៉ោង​ប្រមាណ​ជាង​១២ រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃ​ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ អាជ្ញាធរ​កម្ពុជា​ជា​ច្រើន​នាក់​បាន​ឆ្មក់​ចូល​ផ្ទះ​លោក​កឹម សុខា​នៅ​ទួលគោក ដើម្បី​ចាប់​ខ្លួន​លោក​កឹម សុខា និង​ក្រុម​អង្គរក្ស​របស់​លោក​ចំនួន​៨នាក់​ទៀត។ ការ​ចាប់​ខ្លួន​នេះ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​មាន​ការ​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​នៅ​តាម​សារ​ព័ត៌មាន​ហ្វ្រេស​ញូវ។ ជា​វីឌីអូឃ្លីប​ដែល​លោក កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ អំពី​ការ​តស៊ូ​របស់​លោក​ក្នុង​ការ​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​កឹម សុខា ក៏​បាន​លើក​ឡើង​ដែរ​ថា លោក​ត្រូវ​បាន​ណែ​នាំ​ពី​សាស្រ្តាចារ្យ​បរទេស​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ ហើយ​គេ​ឲ្យ​លោក​យក​ម៉ូឌែល​តាម​នៅ​ប្រទេស​យូហ្គោ​ស្លាវី និង នៅ​ស៊ែបី។

គឺ​ចំណុច​នេះ​ហើយ ដែល​អាជ្ញាធរ​កម្ពុជា​បាន​យក​ធ្វើ​ជា​ភស្តុតាង​ចោទ​លោក​កឹម សុខា ពី​បទ​ក្បត់​ជាតិ​ឈាន​ដល់​ការ​ចាប់​ខ្លួន​ទាំង​យប់​នេះ។ ក្រោយ​ការ​ចាប់​ខ្លួន លោក​កឹម សុខា ត្រូវ​អាជ្ញាធរ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ ចំណែក​ក្រុម​អង្គរក្ស​របស់​លោក ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ក្រុម​មេធាវី​លោក​កឹម សុខា បាន​ហៅ​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​លោក​កឹម សុខានេះ ថា​ជា​ការ​អនុវត្ត​ខុស​នឹង​ច្បាប់ ហើយ​ភ្លាមៗ​នោះ ពួក​គេ​បាន​ប្តឹង​ទៅ​តុលា​ការ​ប្រឆាំង​នឹង​ដី​កា​ឃុំ​ខ្លួន​លោក​កឹម សុខា។ ប៉ុន្តែ​តុលាការ​ទាំង​គ្រប់​ជាន់​ថ្នាក់​បាន​ទាត់​ចោល​បណ្តឹង​ប្រឆាំង​ដី​កា​នេះ។ ក្រោយ​មក ក្រុម​មេធាវី​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​បន្ត​បន្ទាប់ ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​លោក​កឹម សុខា នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ ប៉ុន្តែ​តុលាការ​ទាំង​សាលា​ឧទ្ធរណ៏ និង​តុលាការ​កំពូល​សុទ្ធ​តែ​ច្រាន​ចោល​ទាំង​អស់។

តាំង​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​មក លោក​កឹម សុខា បាន​បង្ហាញ​មុខ​ជា​សាធារណៈ​តែ​ម្តង​គត់ កាល​ពី​អំឡុង​ដើម​ខែកុម្ភៈ ឆ្នាំ២០១៨ ដែល​នៅ​ពេល​នោះ លោក​ត្រូវ​បាន​បញ្ជូន​មក​ចូល​រួម​សវនាការ​សាលាឧទ្ធរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​មាន​សភាព​ស្គម​ស្គាំង​ជាង​មុន ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​ពីរ បី​ប្រភេទ​ផង។ តែ​ទោះ​បី​ជា​បែប​នេះ​ក្តី តុលាការ​នៅ​តែ​មិន​ព្រម​ដោះ​លែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ដដែល។

គិត​មក​ត្រឹម​ថ្ងៃ​ទី០៣ កញ្ញា​នេះ លោក​កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំរយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ហើយ។ លោក​ត្រូវ​បាន​តុលាការ​ពន្យារ​ការ​ឃុំ​ខ្លួន​ចំនួន​ពីរ​ដង ដោយ​ម្តង​នៅ​ពេល​លោក​ជាប់​ឃុំ​ផុត​កំណត់​ច្បាប់​៦ខែ និង​ម្តង​ទៀត គឺ​កាល​ពី​សប្តាហ៍​មុន​នេះ លោក​ត្រូវ​បាន​តុលាការ​ពន្យារ​ការឃុំ​ខ្លួន​រយៈ​ពេល​៦ខែ​ទៀត។ លោក​កឹម សុខា ត្រូវ​បាន​បន្ត​ឃុំ​ខ្លួន ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​បទ“សន្និដ្ឋិភាព​ជា​មួយ​បរទេស”។ ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​មែន​នោះ លោក​កឹម សុខា អាច​នឹង​ប្រឈមជាប់​ទោស​បទ​ល្មើស​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០ ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ