លោកកឹម សុខា ចុះទៅប្រាប់ពីយុទ្ធសាស្រ្តថ្មីរបស់បក្សប្រឆាំងដល់ថ្នាក់ដឹកនាំមូលដ្ឋានទូទាំងប្រទេស
តាំងពីថ្ងៃទី២៣ ខែកក្កដាមក លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានផ្តើមចុះទៅកាន់មូលដ្ឋានជាថ្មី ដើម្បីផ្សព្វផ្សាយពីផែនការយុទ្ធសាស្រ្តរបស់គណបក្សប្រឆាំង។ ខេត្តកំពង់ចាម គឺខេត្តទីមួយនៃគោលដៅរបស់ប្រធានគណបក្សប្រឆាំងរូបនេះ មុនបន្តដំណើរជាបន្តបន្ទាប់ទៅកាន់ខេត្តផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងថា លោកកឹម សុខា នឹងចំណាយពេលប្រមាណជាង២០ថ្ងៃ ដើម្បីផ្សព្វផ្សាយពីផែនការយុទ្ធសាស្រ្តថ្មីរបស់គណបក្សសង្រ្គោះជាតិ។ លោកបន្តទៀតថា ក្នុងដំណើរចុះទៅកាន់មូលដ្ឋានជាថ្មីនេះ លោកប្រធានបក្សប្រឆាំងនឹងជួបសំណេះសំណាល ផ្លាស់ប្តូរមតិយោបល់គ្នាជាមួយថ្នាក់ដឹកនាំមូលដ្ឋាននានា ហើយជាមួយគ្នានេះ ក៏មិនភ្លេចលើកឡើងដែរពីផែនការសកម្មភាពរបស់គណបក្សប្រឆាំង ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជាតិឆ្នាំ២០១៨។
ការចុះផ្សព្វផ្សាយ និងណែនាំពីផែនការយុទ្ធសាស្រ្តថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបានប្រជុំពិភាក្សានិងសម្រេចនូវការកសាងផែនការយុទ្ធសាស្ដ្រ និងផែនការសកម្មភាពសម្រាប់មួយឆ្នាំគឺ ចាប់ពីខែកក្កដា ឆ្នាំ២០១៧ ដល់ខែកក្កដា ឆ្នាំ២០១៨ កាលពីដើមខែកក្កដាកន្លងទៅនេះ។ លោកកឹម សុខា នៅក្នុងបទសម្ភាសន៍មួយជាមួយភ្នាក់ងារផ្សព្វផ្សាយរបស់ខ្លួនបានអះអាងថា ជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់ខ្លួន គណបក្សសង្រ្គោះជាតិនឹងរក្សានូវគោលដៅចម្បងដដែលគឺដំណើរឆ្ពោះទៅរកការបោះឆ្នោតដើម្បីឲ្យមានការផ្លាស់ប្តូរ ដោយអត់ទៅធ្វើបដិវត្ត អត់ទៅធ្វើសង្រ្គាម និងប្រើប្រាស់អំពើហិង្សាណាមួយឡើយ។
ក្រៅពីនេះ បើតាមលោកកឹម សុខា យុទ្ធសាស្រ្តធំរបស់គណបក្សសង្រ្គោះជាតិគឺរក្សាភាពរឹងមាំនៅក្នុងគណបក្សដែលប្រសូតចេញមកពីការរួបរួមគ្នា។ បន្ថែមពីលើនេះ គណបក្សប្រឆាំងនឹងបន្តពង្រីកកម្លាំងបន្ថែមទៀត ដើម្បីឈានទៅរកជ័យជំនៈ។ លោកកឹម សុខា ក៏បានគូសបញ្ជាក់ដែរថា គណបក្សសង្រ្គោះជាតិនៅតែបន្តយុទ្ធសាស្រ្តនយោបាយមិនឆ្លង មិនឆ្លើយ មិនឈ្លោះ និងមិនយកខ្មែរណាធ្វើជាសត្រូវនោះទេ។
ជាការកត់សម្គាល់ ការចុះមូលដ្ឋានរបស់លោកកឹម សុខា នាពេលនេះ គឺជាលើកទីពីរហើយបន្ទាប់ពីការបោះឆ្នោតឃុំ សង្កាត់ដែលគណបក្សសង្រ្គោះជាតិទទួលបានការកើនឡើងអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយដំណើរនេះ ក៏កើតឡើងស្របពេលដែលគណបក្សប្រឆាំងកំពុងរៀបចំដករូបលោកសម រង្ស៊ី ចេញពីស្លាកសញ្ញាគណបក្ស ដើម្បីឲ្យស្របនឹងច្បាប់គណបក្សនយោបាយថ្មី។ ច្បាប់គណបក្សនយោបាយថ្មីដែលអនុម័តធ្វើវិសោធនកម្មដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា កំពុងស្ថិតក្នុងដៃក្រុមប្រឹក្សាធម្មនុញ្ញមុននឹងត្រូវបញ្ជូនបន្តទៅកាន់ស្ថាប័នព្រះមហាក្សត្រ ដើម្បីឲ្យព្រះសង្ឃឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ ក៏ប៉ុន្តែពេលនេះ ព្រះអង្គបានយាងទៅពិនិត្យព្រះរាជសុខភាពនៅស្រុកចិនបាត់ទៅហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ