rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នយោបាយ គណបក្សនយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កឹម មនោវិទ្យា៖ ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​គឺ​ដើម្បី​បញ្ជាក់​ជំហរ​មិន​បែក​បាក់​អ្នក​ប្រជាធិបតេយ្យ

media
កញ្ញា ​កឹម ​មនោវិទ្យា ​អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​ @សហការី

គណបក្ស​សិទ្ធិ​មនុស្ស​ដែល​បង្កើត​ឡើង​ដោយ​លោក​កឹម សុខា បាន​ប្រកាស​រំលាយ​ដោយ​ខ្លួន​ឯង​ហើយ នៅ​ថ្ងៃ​​ទី​២៨​មករា ដោយ​យោង​ទៅ​លើ​គោលការណ៍​៣​ចំណុច។ ការ​ប្រកាស​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​មាន​រូប​សញ្ញា​ព្រះ​ចន្ទ​ពេញ​វង់​នេះ ត្រូវ​បាន​សម្រេច​ដោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ កាល​ពី​ម្សិល​មិញ ដោយ​មាន​ការ​យល់​ព្រម​ពី​លោក​សឺន ស៊ូបែរិ៍្ត ប្រធាន​គណបក្ស។


នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទើប​បាន​ទទួល​នៅ​ថ្ងៃ​នេះ គណបក្ស​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស ដែល​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ម្សិល​មិញ បាន​សម្រេច​ជា​ឯកច្ឆន្ទ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។

ការ​សម្រេច​រំលាយ​គណបក្ស​ដោយ​សំអាង​ទៅ​លើ​កិច្ច​ប្រជុំ​នោះ​ មិន​បាន​បង្ហាញ​ហេតុ​ផល​គ្រប់​គ្រាន់​ទេ ថា​មក​ពី​មូលហេតុ​អ្វី​ពិត​ប្រាកដ។ ក៏​ប៉ុន្តែ កញ្ញា កឹម មនោវិទ្យា កូន​ស្រី​ច្បង​លោក កឹម សុខា បាន​បក​ស្រាយ​តាម​រយៈ​បណ្តាញ​សង្គម​របស់​នាង​ថា ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស ដោយ​ឈរ​លើ​គោលការណ៍​៣​យ៉ាង។ ក្នុង​នោះ​មាន​ទី​១​ ដើម្បី​បញ្ជាក់​ពី​ជំហរ​នៃ​ការ​រួប​រួម​ក្រោម​ស្លាក​គណបក្ស​សង្រ្គោះ​ជាតិ​តែ​មួយ​គត់ មិន​មាន​ការ​បែក​បាក់​របស់​អ្នក​ប្រជាធិបតេយ្យ​ និង​អ្នក​ជាតិ​និយម។ ទី​២​ គឺ​មិន​ធ្វើ​តាម​ អ្វី​ដែល​គូរ​ប្រកួត​ឱ្យ​យើង​ដើរ គឺ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ គេ​មាន​បំណង​ឱ្យ​យើង​បែក​គ្នា​ទៅ​រក​គណបក្ស​ចាស់​រៀងៗ​ខ្លួន។ និង ទី​៣ គឺ​គោរព​ឆន្ទ:​របស់​ប្រជាពលរដ្ឋ​និង​ម្ចាស់​ឆ្នោតជាង​៣លាននាក់ដោយនៅជាមួយគណបក្សសង្រ្គោះជាតិ​ ។​នេះ​បើ​តាម កញ្ញា​កឹម មនោវិទ្យា

សូម​រំលឹក​ថា បង្កើត​ឡើង​កាល​ពី​កក្កដា ឆ្នាំ​២០០៧ ដឹក​នាំ​ដោយ​លោក​កឹម សុខា គណបក្ស​សិទ្ធិ​មនុស្ស បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០០៨ ដើម្បី​ដណ្តើម​ការ​គាំទ្រ​ពី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ដទៃ​ទៀត ដោយ​ឈរ​ក្រោម​ស្លាក​នៃ​លទ្ធិប្រជាធិបតេយ្យ។ គឺ​នៅ​ឆ្នាំ​នោះ​ហើយ​ប្រៀប​បាន​នឹង​ការ​ផ្តល់​កាដូ​ដល់​គណបក្ស​ប្រជាជន ដោយ​គណបក្ស​ដឹក​នាំ​ប្រទេស​មួយ​នេះ ទទួល​បាន​សម្លេង​គាំទ្រ​រហូត​ដល់​ទៅ​៩០​អាសនៈ​រដ្ឋសភា។ គណបក្ស​សម រង្ស៊ី បាន​២៦​អាសនៈ តាម​ពី​ក្រោយ​លេខ​៣​ដោយ​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​មាន​តែ​៣​អាសនៈ​ប៉ុណ្ណោះ។

បន្ទាប់​ពី​នោះ គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​សម រង្ស៊ី​ ក៏​បាន​ប្រកាស​រួប​រួម​គ្នា​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​គឺ​សង្រ្គោះ​ជាតិ​នៅ​ឆ្នាំ​២០១២ ហើយ​បាន​ចូល​រួម​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៣។ ការ​រួម​គ្នា​នេះ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ទទួល​បាន​៥៥​អាសនៈ​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​៦៨​អាសនៈ គឺ​ធ្លាក់​ចុះ​យ៉ាង​គំហុក។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រកាំ​រកូស​នឹង​គ្នា ខណៈ​លោក​សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ ដើម្បី​ធ្វើ​សកម្មភាព​ជួយ​ស្រោច​ស្រង់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧៕