អានតួអត្ថបទ
កម្ពុជា

ក្រុម​គ្រួសារ​លោក បណ្ឌិត កែម ឡី បាន​សិទ្ធិ​រស់​នៅ​អូស្រ្តាលី​ហើយ

បន្ទាប់​ពី​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជិត​ពីរ​ឆ្នាំ ហើយ​ទៅ​សំចត​ទៅ​ប្រទេស​ថៃ ភរិយា​និង​កូន​ប្រុស​ទាំង​៥​នាក់ របស់​លោក ​បណ្ឌិត កែម ឡី បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ហើយ កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​។ អូស្រ្តាលី ជា​ទី​ដែល​ក្រុម​គ្រួសារ​អ្នក​វិភាគ​ល្បី​ឈ្មោះ​រូប​នេះ សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​ ក្រោយ​ពី​លោក បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់​កណ្តាល​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០​កក្កដា​ឆ្នាំ​២០១៦។

ក្រុម​គ្រួសារ​លោក បណ្ឌិត កែម ឡី
ក្រុម​គ្រួសារ​លោក បណ្ឌិត កែម ឡី @RFA
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​នៃ​ការ​ទៅ​ដល់​ប្រទេស​ទី​៣ គឺ​ប្រទេស​អូស្ត្រាលី ដែល​ភរិយា​និង​កូន​ប្រុស​ទាំង​៥​នាក់​​ របស់​លោក​បណ្ឌិត កែម ឡី ទើប​តែ​បាន​ទៅ​ដល់​នោះ ទើប​តែ​ត្រូវ​បាន​​គេ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ចន្ទ។ អ្នក​ស្រី ប៊ូ រចនា ដែល​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​ផង​នោះ បាន​ចាក​ចេញ​ពី​កម្ពុជា​តាំង​ពី​ចុង​ខែ​សីហា​ឆ្នាំ​២០១៦​មក​ម៉្លេះ​ ពោល​គឺ​ជិត​ពីរ​ខែ​ក្រោយ​ស្វាមី​ត្រូវ​បាន​គេ​បាញ់​សម្លាប់។

ការ​ចាក​ចេញ​របស់​អ្នក​ស្រី ប៊ូ រចនា និង​កូន​ៗ ​របស់​លោក កែម ឡី ទៅ​កាន់​ក្រុង​មែលប៊ន​នៅ​ពេល​នេះ ត្រូវ​បាន​គេ​ដឹង​ថា ​រៀប​ចំ​ដោយ លោក ហុង លីម តំណាង​រាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ និង​អាណិកជន​ខ្មែរ​នៅ​អូស្ត្រាលី ដែល​ជា​អ្នក​ខ្នះ​ខ្នែង ក្នុង​ការ​ចេញ​មុខ​ធានា។

​ក្រោយ​ពី​ឃាតកម្ម​លោក បណ្ឌិត កែម ឡី មាន​ព័ត៌មាន​ថា ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​គឺ​អ្នក​ខ្នះ​ខ្នែង​ក្នុង​ធានា​ឲ្យ ​អ្នក​ស្រី ប៊ូ រចនា និង​កូនៗ​បាន​សិទ្ធិ​រស់​នៅ​សហរដ្ឋអាមេរិក។ ​ក៏​ប៉ុន្តែ​កាល​ណោះ ភរិយា ​លោក កែម ឡី មិន​ទាន់​សម្រេច​ចិត្ត​ភ្លាមៗ ដោយ​សារ​នៅ​ទី​នោះ គាត់​មិន​មាន​សាច់​ញាត្តិ​ជា​អ្នក​រស់​នៅ​អាមេរិក។

សូម​រំលឹក​ថា លោក បណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​ល្បី​ឈ្មោះ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​ទំនិញ​មួយ​កន្លែង នៃ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច ក្បែរ​​ស្តុប​បូក​គោ។

មក​ទល់​ពេល​នេះ មាន​តែ​បុរស​ម្នាក់​គត់​ឈ្មោះ អឿត អាង ហៅ ជួប​ សំលាប់ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​គុក​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន លើ​លោក បណ្ឌិត កែម ឡី​ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​និង​អតីត​គណបក្ស​ប្រឆាំង​នៅ​តែ​មិន​ជឿថា​ មាន​ជន​​ជាប់​ពាក់​ព័ន្ធ​តែ​ម្នាក់​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ