អានតួអត្ថបទ
កម្ពុជា-ច្បាប់

​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​អំពាវ​នាវ​ជា​ថ្មី​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បង្កើត​គណៈ​កម្មាការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​ លោក កែម ឡី​

មួយ​ថ្ងៃ​មុន​ខួប​បី​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់ លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី១០​ខែ​កក្កដា អង្គការ​ជាតិ​និង​អន្តរជាតិ​ចំនួន​២៤ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​អំពាវ​នាវ​ជា​ថ្មី​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា បង្កើត​គណៈ​កម្មាការ​ស៊ើប​អង្កេត​លើ​ករណី​បាញ់​សម្លាប់ លោក កែម ឡី។ ជា​គណៈ​កម្មាការ​ស៊ើប​អង្កេត​ឯក​រាជ្យ និង​មិន​លម្អៀង ដើម្បី​រក​យុត្តិធម៌ ពេញ​លេញ​ដល់​លោក កែម ឡី។ ភ្លាមៗ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​លើក​ឡើង​ថា ការ​បង្កើត​គណៈ​កម្មការ​ណា​មួយ​នោះ​ជា​រឿង​មិន​អាច​ទៅ​រួច​។ 

រូបថត ​លោកបណ្ឌិត កែម ឡី ក្នុងពិធីបុណ្យខួប២ឆ្នាំ
រូបថត ​លោកបណ្ឌិត កែម ឡី ក្នុងពិធីបុណ្យខួប២ឆ្នាំ @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​ជម្រុញ​ជាថ្មី ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា បង្កើត​គណៈ​កម្មាការ​ស៊ើប​អង្កេត លើ​ឃាតកម្ម​បាញ់​សម្លាប់ លោក កែម ឡី កាល​ពីបី​ឆ្នាំ​មុន ដោយ​សារ​ការ​កាត់​ទោស​លើ​ជន​សង្ស័យ​ឈ្មោះ​ អឿត អាង ហៅ​ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធាគារ​អស់​មួយ​ជីវិត​នោះ នៅ​មិន​ទាន់​ស្រប​តាម​ស្តង់​ដា​អន្តរ​ជាតិ ដែល​ទទួល​យក​បាន​។ មិន​ត្រឹម​តែ​មិន​អាច​ទទួល​យក​បាន ការ​ផ្ដន្ទា​ទោស​នេះ បាន​បង្កើត​ជា​សំណួរ​យ៉ាង​ច្រើន រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឃាតករ​ដែល​បាញ់​សម្លាប់ លោក កែម ឡី។ នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​រួម របស់​អង្គការ​ជាតិ​និង​អន្តរ​ការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២៤​។

ក្នុង​នោះ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​អង្គការ​អាដ​ហុក ដែល​ចូល​រួម​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ថា បី​ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​លោក កែម ឡី យុត្តិធម៌​ពេញ​លេញ ដែល​លោក កែម ឡី ក៏​ដូច​ជា​ក្រុម​គ្រួសារ និង​ពលរដ្ឋ​អ្នក​ស្រឡាញ់ លោក កែម ឡី ចង់​បាន​នោះ គឺ​រក​អ្នក​ពាក់​ព័ន្ធ​ដែល​បញ្ជា​ពី​ក្រោយ​ខ្នង​ឃាតករ ជួប សម្លាប់ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​និទណ្ឌភាព​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃទី៩​ខែ​កក្កដា​នេះ​ថា លទ្ធ​ភាព​នៃ​ការ​បង្កើត​គណៈ​កម្មាការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​បាញ់​សម្លាប់ លោក កែម ឡី ជា​រឿង​មិន​អាច​ទៅ​រួច​។ មិន​អាច​ទៅ​រួច​ព្រោះ​ថា រដ្ឋា​ភិបាល​កម្ពុជា បាន​គោរព​ទៅ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ដែល​បាន​សម្រេច​ផ្តន្ទា​ទោស​ឈ្មោះ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ហើយ​នៅ​ថ្ងៃទី ២៤​ខែ​ឧសភា ឆ្នាំ២០១៩ តុលាការ​កំពូល​កម្ពុជា ក៏​បាន​បដិសេធ​បណ្តឹង​បន្ថយ​រយៈ​ពេល​ជាប់​ទោស​របស់ ជួប សម្លាប់ និង​រក្សា​សាល​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ឲ្យ​នៅ​ដដែល​។

ក្រៅ​តែ​ពី​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក​ពួក​គេ​នឹង​នាំ​គ្នា​ដាក់​កម្រង់​ផ្កា​នៅ​ស្តា​ម៉ាត​កាល​តិច កាច់​ជ្រុង​ស្តុប​បូកគោ ទី​ដែល​ឃាតករ​បាញ់​សម្លាប់ លោក កែម ឡី កាល​ពី​ថ្ងៃ​ទី១០ខែ​កក្កដា​ឆ្នាំ​២០១៦​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ