អានតួអត្ថបទ
កម្ពុជា

ខួប​២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី៖ អង្គការ​អន្តរជាតិ​ពីរ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ការ​ស៊ើប​អង្កេត

អង្គការ​អន្តរជាតិ​ធំៗ​ចំនួន​ពីរ បាន​ទាម​ទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បន្ត​បើក​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​មិន​សំចៃ​មាត់​នៅ​កម្ពុជា។ ការ​ទាម​ទារ​នេះ បាន​ធ្វើ​ឡើង​ចំ​ពេល ខួប​ពីរ​ឆ្នាំ​គត់ នៃ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​វិភាគ​ល្បី​ឈ្មោះ​ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ១០ កក្កដា ឆ្នាំ​២០១៦ ។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​ទាម​ទារ​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​នេះ​ថា​ គឺ​ជា​ការ​ជ្រៀត​ជ្រែក និង​រំលោភ​លើ​ឯករាជ្យ​ភាព និង​សមត្ថកិច្ច​នៃ​តុលាការ​កម្ពុជា ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

​ខួប​២​ឆ្នាំ​ នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម​លោក កែម ឡី
​ខួប​២​ឆ្នាំ​ នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម​លោក កែម ឡី @សហការី
ផ្សាយពាណិជ្ជកម្ម

អង្គការ​អន្តរជាតិ​ធំៗ​ទាំង​ពីរ​នោះ រួម​មាន គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ហៅ​កាត់​ថា ICJ និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Right Watch។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី ៩ កក្កដា គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ហៅ​កាត់​ថា ICJ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ ដែល​ឯករាជ្យ និង​មិន​លម្អៀង ដើម្បី​ស្រាវជ្រាវ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ គណៈកម្មការ​នេះ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា ការ​កាត់​ទោស​លើ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ អឿត អាង ហៅ​ជួប​សម្លាប់ កាល​ពី​ថ្ងៃ​ទី ២៣ មីនា ឆ្នាំ​មុន បាន​បន្សល់​ទុក​នូវ​សំណួរ​ជា​ច្រើន ដែល​មិន​ទាន់​មាន​ចម្លើយ។

ចំនែក អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Right Watch ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដូច​គ្នា​នេះ​ដែរ។ អង្គការ​អន្តរជាតិ​មួយ​នេះ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា អាជ្ញាធរ​កម្ពុជា​នៅ​មិន​ទាន់​បាន​ចាត់​វិធានការ​ស៊ើប​អង្កេត​ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ឡើយ ចំពោះ​ឃាតកម្ម​លើ​អ្នក​អត្ថាធិប្បាយ​នយោបាយ​នៅ​កម្ពុជា​រូប​នេះ។ ពី​ទីក្រុង​ញូយ៉ក Human Right Watch បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​អញ្ជើញ​មន្រ្តី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ មក​ស៊ើប​អង្កេត​លើ​ករណី​នេះ ដើម្បី​ធានា​ថា ការ​ស៊ើប​អង្កេត​ធ្វើ​ឡើង​ដោយ​ឯករាជ្យ និង​ស្វែង​រក​ការ​ពិត។ អង្គការ​អន្តរជាតិ​ទាំង​ពីរ​ខាង​លើ បាន​ដាក់​ការ​ព្រួយ​បារម្ភ នូវ​កង្វះ​ខាត​នៃ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​កម្ពុជា​នា​ពេល​កន្លង​មក ខណៈ​ដែល​ជន​ដៃ​ដល់​តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​ទាម​ទារ​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​នេះ​ថា គឺ​ជា​ការ​ជ្រៀត​ជ្រែក និង​រំលោភ​លើ​ឯករាជ្យ​ភាព និង​សមត្ថកិច្ច​នៃ​តុលាការ​កម្ពុជា ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ បើ​តាម​លោក សុខ ឥសាន ករណី​ឃាតកម្ម​លើ​លោក កែម ឡី ត្រូវ​បាន​តុលាការ​កម្ពុជា​ស៊ើប​អង្កេត និង​ជំនុំ​ជម្រះ​ក្តី​រួច​ហើយ។ ទន្ទឹម​គ្នា​នេះ លោក​បាន​ចោទ​ជា​សំណួរ​វិញ​ថា តើ​ស៊ើប​អង្កេត​ធ្វើ​អ្វី​ទៀត បើ​សំណុំ​រឿង​នេះ​បាន​កាត់​សេចក្តី​រួច​ទៅ​ហើយ? និង​ថា តើ​ក្រុម​ឯករាជ្យ​នោះ យក​មក​ពី​ណា ដើម្បី​ទទួល​បាន​ឯករាជ្យ?

គួរ​រំលឹក​ជូន​ថា លោក កែម ឡី អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០១៦ ខណៈ​ដែល​លោក​បាន​ចូល​ផឹក​កាហ្វេ​នៅ​ក្នុង​ហាង Star Mart នៃ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច (Caltex) បូក​គោ។ នៅ​ថ្ងៃ​ទី ១០ កក្កដា ឆ្នាំ​២០១៨​នេះ គឺ​ជា​ខួប​២​ឆ្នាំ​គត់ នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​ល្បី​ឈ្មោះ​រូប​នេះ។ នៅ​ថ្ងៃ​នេះ មាន​អតីត​សហការី និង​មិត្តភ័ក្រ​ជា​ច្រើន​របស់​លោក កែម ឡី បាន​នាំ​គ្នា​ទៅ​ដាក់​កម្រង​ផ្កា នៅ​ឯ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិច ដើម្បី​ជា​ការ​រំលឹក​វិញ្ញាណក្ខន្ធ​របស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ