ហេតុអ្វីខ្មែរមួយចំនួនមិនហ៊ានប្តឹងឬមិនចង់ប្តឹងផ្ដល់?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៣
នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន នៅពេលមានទំនាស់ ពលរដ្ឋមួយចំនួនមិនហ៊ានប្ដឹងផ្ដល់ ឬមិនចង់ប្ដឹងផ្ដល់ដៃគូទំនាស់របស់ខ្លួន ដើម្បីឡើងទៅតតាំងរកយុត្តិធម៌នៅតុលាការទេ។ តើហេតុអ្វីបានជាដូច្នេះ?
ជាដំបូងគេគួរយល់ថាតាមទំនៀមទម្លាប់ប្រពៃណីខ្មែរជាយូរមកហើយដែលបានអប់រំប្រៀនប្រដៅកូនខ្មែរឲ្យមានចរិតស្ងប់ស្ងៀមនិងសន្សំក្តីសុខជាជាងបង្ករឿង។មិនខ្វះទេពាក្យស្លោកបុរាណខ្មែរដែលគេចាំរត់មាត់ដូចជាចាញ់ជាព្រះឈ្នះជាមារ។កុំឈ្លោះនឹងស្រីកុំក្តីនឹងចិន។រហូតដល់កវីក្រមង៉ុយបានចងជាពាក្យកាព្យផងថា “កុំជួញចង់ទាស់ខូចខាតរបស់អស់ទ្រព្យសម្បត្តិចង់គង់ប្រយោជន៍ឲ្យចេះប្រយ័ត្នពាក្យឪមួយម៉ាត់ឲ្យគិតមួយម៉ោង។” ដែលមានសរសេរចែងក្នុងល្បើកថ្មីជាដើម។
តាមការទូន្មានរបស់ចាស់បុរាណនិងតាមទម្លាប់នៃអប់រំកូនចៅក្នុងប្រពៃណីគឺជាកត្តាមួយដែលបានចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិតខ្មែរនិងដែលជំរុញពលរដ្ឋខ្មែរមួយចំនួនមិនឲ្យនិយមការប្តឹងផ្តល់គ្នាឡើងតុលាការនោះឡើយ។
ប្រការសំខាន់មួយទៀតដែលធ្វើឲ្យក្រុមអ្នករងគ្រោះមិនចង់ប្តឹងឬមិនហ៊ានគឺទំនងជាគេគិតថាបើទោះបីជាប្តឹងទៅក៏មិនឈ្នះគេដែរគឺនាំឲ្យតែបង់ខាតពេលវេលានិងប្រាក់កាសកាន់តែច្រើន។ជាមួយគ្នានេះអ្នកមួយចំនួនទៀតប្រហែលជាអាចគិតថាការខាតលុយនោះគឺវាលើសនិងច្រើនជាងសំណងដែលបានមកវិញទៅទៀត។ដូច្នេះក៏ខ្ចិលប្តឹងតែម្តងទៅ។ម្យ៉ាងវិញទៀតដំណើរការនៃរឿងក្តីទម្រាំដល់សម្រេចជំនុំជម្រះដឹងឈ្នះចាញ់គឺពេលខ្លះមានការស្មុគស្មាញនិងត្រូវចំណាយពេលវេលាយូរហើយវែងឆ្ងាយទៅទៀតផង។
រឿងខាតបង់ពេលវេលានិងចំណាយលុយកាក់គឺជារឿងមួយហើយតែសំខាន់ជាងនេះគឺការមិនសូវមានទំនុកចិត្តចំពោះមន្ត្រីតុលាការនិងប្រព័ន្ធយុត្តិធម៌ទាំងមូលគឺរឿងគួរឲ្យចាប់អារម្មណ៍មួយទៀត។មានពលរដ្ឋមិនតិចទេដែលធ្លាប់បានត្អូញត្អែរពីការកាត់ទោសនៅកម្ពុជាថាពេលខ្លះជញ្ជីងយុត្តិធម៌បានប្រែក្រឡាសធ្វើខ្មៅឲ្យទៅជាសត្រឡប់សទៅជាខ្មៅនោះ។រហូតដល់មានអ្នកខ្លះក្នុងសម័យថ្មីនេះបានចងក្រងជាពាក្យបង្អាប់ស្ថាប័នយុត្តិធម៌ផងថា “តុលាការជាទីគោរពបើលុយមិនគ្រប់ខ្ញុំកាត់ឲ្យចាញ់! តុលាការជាទីស្រលាញ់ខ្ញុំត្រូវកាត់ឲ្យចាញ់ព្រោះលុយមិនគ្រប់!” ជាពាក្យចំអកបែបលេងសើចជាដើមផង។
ដោយសារតែការគ្មានទំនុកចិត្តចំពោះតុលាការនិងប្រព័ន្ធស្វែងរកយុត្តិធម៌បានកើតមានដូច្នេះហើយទើបបានជាមានពេលខ្លះទៀតអ្នករងគ្រោះដោយអំពើអយុត្តិធម៌ខ្លះគឺមិនបានទៅតវ៉ាទាមទាររកខុសត្រូវចំពោះមុខវិស័យយុត្តិធម៌នោះទេគឺបែរជាទៅស្រែកពឹងពាក់អ្នកធំអ្នកមានលុយនិងមានអំណាចឬរកជំនួយពីសំណាក់អ្នកដែលមានខ្នងក្រាស់ឲ្យជួយដោះស្រាយរឿងរបស់ខ្លួនទៅវិញគឺដូចអ្វីដែលគេធ្លាប់បានដឹងឮនិងឃើញកើតមានស្រាប់។
បើគេពិនិត្យមើលឲ្យស៊ីជម្រៅទៀត! ភាគច្រើននៃអ្នកជួបរឿងអយុត្តិធម៌ហើយដែលមិនចង់ប្តឹងឬមិនហ៊ានប្តឹងផ្តល់នោះគឺជាជនរងគ្រោះដែលជាអ្នកទន់ខ្សោយ។ផ្ទុយទៅវិញបើជនរងគ្រោះនៃអំពើល្មើសនោះជាអ្នកមានលុយនិងមានអំណាចប្រហែលជានឹងតតាំងក្តីរហូតដល់ទីបំផុតផងក៏មិនដឹង។ដូច្នេះចំពោះជនរងគ្រោះដែលមានលុយតិចនិងគ្មានអំណាចធំគឺច្រើនតែត្រូវសម្ងំខ្លួនខាំមាត់សង្កត់ចិត្តបិទភ្នែកខ្ទប់ត្រចៀកនិងទទួលរងអំពើអយុត្តិធម៌ទៅ។
បើនិយាយដោយឡែកពីមន្ត្រីតុលាការនិងអ្នកជំនាញច្បាប់វិញមន្ត្រីជាន់របស់ក្រសួងយុត្តិធម៌បានថ្លែងទទួលស្គាល់និងប្រាប់ទៅដល់អ្នកសារព័ត៌មានជាញឹកញយដែរថាកម្ពុជាមិនទាន់មានធនធានមនុស្សក្នុងវិស័យច្បាប់នេះឲ្យបានច្រើនសម្បូរបែបនិងគ្រប់គ្រាន់នៅឡើយដែរ។ការខ្វះខាតមន្ត្រីតុលាការនិងអ្នកជំនាញច្បាប់គឺបានធ្វើឲ្យសំណុំរឿងខ្លះត្រូវគរជាគំនរដែលសំណុំរឿងខ្លះត្រូវស៊ីចាយពេលវេលាច្រើនឆ្នាំទម្រាំកាត់សេចក្តីពីតុលាការ។ដូច្នេះហើយទើបសកលវិទ្យាល័យនីតិសាស្ត្រនៅភ្នំពេញខំប្រឹងបណ្តុះអ្នកច្បាប់ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។
បើទោះបីជាយ៉ាងណាក៏ដោយចុះ! កម្ពុជាគឺជាប្រទេសដែលអះអាងថាប្រកាន់នីតិរដ្ឋទំនងជាមិនអាចទុកឲ្យពលរដ្ឋរបស់ខ្លួនមានការភ័យខ្លាចរអារក្នុងការទាមទាររកយុត្តិធម៌ឲ្យខ្លួនហើយក៏មិនអាចបន្តបណ្តោយឲ្យពលរដ្ឋមានសតិអារម្មណ៍មិនល្អឬគ្មានទំនុកចិត្តចំពោះជញ្ជីងយុត្តិធម៌បាននោះទៀតទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ