rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់ កឹម សុខា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចៅ​ក្រម​បញ្ចប់​ការ​សួរ​ចម្លើយ​លោក​កឹម សុខា​ បើ​ទោះ​បី​គ្មាន​មេធាវី​ចូល​រួម

media
លោកកឹម សុខា អតីត​ប្រធានគណបក្សសង្រ្គោះជាតិ៕ @Facebook

ម្សិល​មិញ លោក​គី ឫទ្ធី ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​សួរ​យក​ចម្លើយ​ពី​លោក​កឹម សុខា ដោយ​ផ្ទាល់​ម្តង​ទៀត​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ ការ​ចុះ​សួរ​ចម្លើយ​លើក​នេះ គឺ​គ្មាន​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា ចូល​រួម​ឡើយ។ បើ​ទោះ​ជា​បែប​នេះ​ក្តី ចៅក្រម​ស៊ើប​សួរ​នៅ​តែ​បន្ត​នីតិវិធី​សួរ​ចម្លើយ​​រហូត​ដល់​ចប់។


នេះ​គឺ​ជា​លើក​ទី​បី​ហើយ ដែល​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​សួរ​ចម្លើយ​លោក​កឹម សុខា​ដោយ​ផ្ទាល់​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង។ ក៏​ប៉ុន្តែ​លើក​នេះ ខុស​ពី​លើក​មុនៗ។ ខុស​គ្នា​ដោយ​សារ​តែ​ក្រុម​មេធាវី​ការពារ​ក្តី​បាន​សម្រេច​គ្នា​មិន​ចូល​រួម​ឡើយ ដោយ​ហេតុ​ថា​គោរព​តាម​ឆន្ទៈ​លោក​កឹម សុខា។ លោក​កឹម សុខា ដែល​តាម​រយៈ​ក្រុម​មេធាវី បាន​ស្នើ​សុំ​ឲ្យ​ចៅក្រម​សួរ​ចម្លើយ​លោក​នៅ​ក្នុង​តុលាការ​ជា​ជាង​នៅ​ក្នុង​ពន្ធនាគារ។ សម្រាប់​លោក​កឹម សុខា ការ​សួរ​ចម្លើយ​នៅ​ក្នុង​ពន្ធនាគារ គឺ​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​មិន​សន្តិសុខ​ក្នុង​ការ​ឆ្លើយ​នឹង​សំណួរ​របស់​ចៅក្រម។ ចំណែក​សម្រាប់​ក្រុម​មេធាវី​វិញ ពួក​គេ​អះ​អាង​ថា ការ​ធ្វើ​នីតិវិធី​នៅ​ក្នុង​ពន្ធនាគារ​គឺ​សិទ្ធិ​របស់​ពួក​គេ​ត្រូវ​បាន​កាត់​បន្ថយ​មួយ​ចំនួន។ ប៉ុន្តែ​ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​ចៅ​ក្រម​បដិសេធ​ចោល។

បើ​ទោះ​បី​ការ​សួរ​ចម្លើយ​ជា​លើក​ទី​បី​នេះ មិន​មាន​មេធាវី​ចូល​រួម​ក៏​ដោយ ក៏​ចៅក្រម​ស៊ើប​សួរ​លោក​គី ឫទ្ធី​នៅ​តែ​បាន​បន្ត​នីតិវិធី​របស់​ខ្លួន​បាន​ដដែល។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​អ៊ី រិន្ធ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខណៈ​លោក​គី ឫទ្ធី​ផ្ទាល់​មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​បាន​ទេ​ចំពោះ​បញ្ហា​នេះ។ នៅ​ត្រង់​ចំណុច​នេះ លោក​មេធាវី​សំ សុគង់ ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​សួរ​ចម្លើយ​លោក​កឹម សុខា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពិត​ជា​បាន​ប្រព្រឹត្ត​ទៅ​បាន​មែន។ នេះ បើ​តាម​លោក​សំ សុគង់ ​គឺ​ចៅក្រម​ស៊ើប​សួរ​អាច​សាក​សួរ​ជន​សង្ស័យ​បាន បើ​សិន​ជន​សង្ស័យ​យល់​ព្រម​ឆ្លើយ​ដោយ​លះ​បង់​សិទ្ធិ​ត្រូវ​ការ​មេ​ធាវី​ចូល​រួម។

សូម​បញ្ជាក់​ថា លោក​កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​ភ្លាមៗ​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​សហការ​ជាមួយ​បរទេស​ក្បត់​ជាតិ​ខ្លួន​ឯង។ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ប៉ុន្មាន​សប្តាហ៍ គណបក្ស​សង្រ្គោះ​ជាតិ​របស់​លោក​ក៏​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល ហើយ​សហការី​របស់​លោក​ចំនួន​១១៨​នាក់​រួម​ទាំង​លោក​ផង​ក៏​ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ​ផង​ទៀត​ក្រោម​បទ​ចោទ​ដូច​គ្នា​នេះ។ បន្ទាប់​ពី​លោក​កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ក្រុម​មេធាវី​របស់​លោក​ចំនួន​៨​នាក់​បាន​ដាក់​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​តាំង​តុលាការ​ជាន់​ទាប​រហូត​ដល់​តុលាការ​កំពូល ប៉ុន្តែ​ត្រូវ​បាន​ច្រាន​ចោល​ជា​បន្ត​បន្ទាប់។

ក្រៅ​ពី​ការ​ខិត​ខំ​តាម​ផ្លូវ​តុលាការ​ក្នុង​ស្រុក ក្រុម​អតីត​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ពិសេស​កូន​ស្រី​លោក​ផ្ទាល់​តែ​ម្តង​ក៏​ធ្វើ​យុទ្ធនាការ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​ព្រម​ទាំង​ទាមទារ​ឲ្យ​ដំណើរ​ការ​គណបក្ស​សង្រ្គោះ​ជាតិ​ឡើង​វិញ។ ជា​លទ្ធផល​សហរដ្ឋ​អាមេរិក​បាន​សម្រេច​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន និង​បាន​បញ្ឈប់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា។ រីឯ​សហភាព​អឺរ៉ុប​ក៏​បាន​សម្រេច​ផ្តាច់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ផង​ដែរ ហើយ​សភា​អឺរ៉ុប​ក៏​បាន​ស្នើ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ចង់​ឲ្យ​បិទ​ទិដ្ឋាការ​និង​បង្កក់​ទ្រព្យ​សម្បត្តិ​មន្រ្តី​កម្ពុជា​មួយ​ចំនួន​ដែល​ទទួល​ខុស​ត្រូវ​លើ​រឿង​រ៉ាវ​ទាំង​អស់​នេះ​ថែម​ទៀត៕