rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេដ្ឋកិច្ច ឧស្សាហកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​កម្ពុជា​ត្រៀម​ខ្លួន​ប្រឈម​នឹង​ឧស្សាហ​កម្ម​ទី៤ ខណៈ​ការ​រីក​ចំរើន​នៃ​បច្ចេក​វិទ្យាទំនើប នៅ​មិន​ទាន់​ប៉ះ​ពាល់​កម្ពុជា​នៅ​ឡើយ​

media
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ Samer Muscati/Human Rights Watch

ក្រោម​ប្រធាន​បទ​ស្តីពី «អនាគត​ការងារ​សម្រាប់​កម្ពុជា» ក្រសួង​ការងារ​កម្ពុជា និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅ​ព្រឹក​ថ្ងៃ​ទី២៧​ខែ​ឧសភា​នេះ បាន​រៀប​ចំ​កិច្ច​សន្ទនា​ជាន់​ខ្ពស់​ថ្នាក់​ជាតិ​មួយ ខណៈ​ឧស្សាហកម្ម​ទី៤ ​បាន​ឈាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ជា​បណ្តើៗ​ហើយ​។
កិច្ច​សន្ទនា​នេះ ក៏​មាន​ការ​ចូល​រួម​ដែរ​ពី​តំណាង​និយោជក តំណាង​សហជីព កម្មករ និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត ទៅ​តាម​ការ​កំណត់​របស់​អង្គការ
ILO សម្រាប់​ប្រទេស​នីមួយៗ​។ 


ទាក់​ទង​ទៅ​នឹង​ការ​ប្រឈម​នឹង​អនាគត​ការងារ​កម្ពុជា ខណៈ​ដែល​ឧស្សាហ​កម្ម ៤.០​កំពុង​ពង្រីក​ឥទ្ធិពល​នៅ​ជុំវិញ​ពិភព​លោក លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បាន​លើក​ឡើង​ថា​ រដ្ឋា​ភិបាល បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៤ សំដៅ​ធានា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​ប្រកប​ដោយ​ចីរភាព តាម​រយៈ​ការ​ទាញ​យក​ប្រយោជន៍​ពី​កាលា​នុវត្តភាព​នៅ​ក្នុង​តំបន់​ ចាប់​យក​បច្ចេក​វិទ្យា​ថ្មីៗ និង​ចាប់​យក​ឱកាស​ក៏​ដូច​ជា​ជម្នះរាល់​ផល​អវិជ្ជមាន នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ព្រម​ទាំង​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា ក្នុង​គោល​ដៅ​ឈាន​ទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

តាម​លោក អ៊ិត សំហេង ចំណុច​សំខាន់ៗ ដែល​រដ្ឋា​ភិបាល​ត្រូវ​ផ្តោត​នោះ​គឺ ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋ​កិច្ច ការ​អភិវឌ្ឍ​វិស័យ​ឯកជន​និង​ការងារ​។ ដោយ​ឡែក​រដ្ឋា​ភិបាល​ក៏​បាន​ត្រៀម​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហ​កម្ម​ឆ្នាំ​២០១៥-២០២៥ ដែរ ដោយ​រួម​មាន​គោល​នយោបាយ​ជាតិ​ស្តី​ពី​មុខ​របរ​ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ គោល​នយោបាយ​ជាតិ​ស្តី​ពី​ការ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ ឆ្នាំ២០១៧-២០២៥​។

ជាមួយគ្នា​នេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ បាន​លើក​ឡើង​ថា សម្រាប់​បរិបទ​ប្រទេស​កម្ពុជា គឺ​ដល់​ពេល​ដែល​ត្រូវ​គិត​គូរ​ហើយ ប្រឈម​នឹង​ឧស្សាហកម្ម៤.០ ដែល​មាន​បច្ចេក​វិទ្យា​ជឿន​លឿន និង​ស្វ័យ​ប្រវត្តិ​។ លោក​ថា​ជំនាញ​កម្មករ​កម្ពុជា​នៅ​ទាប ហើយ​ក៏​ជា​ការ​បារម្ភ​ផង​ដែរ ដោយ​សារ​មាន​ការ​មើល​ឃើញ​ថា​វិស័យ​កាត់​ដេរ នឹង​បាត់​បង់​កម្លាំង​ពលកម្ម​រហូត​ដល់​៨០% នៅ​១០​ឆ្នាំ​ខាង​មុខ​។ ហេតុ​នេះ​សហ​ជីព​កម្មករ ត្រូវ​តែ​បង្កើន​ជំនាញ និង​បទ​ពិសោធន៍​ការងារ​ឲ្យ​ទាន់​ចាប់​ពី​ពេល​នេះ​ត​ទៅ​។

ការ​សិក្សា​មួយ​របស់​អង្គការ ILO ក្នុង​ឆ្នាំ​២០១៦ ស្តី​ពី​អនាគត​នៃ​ការងារ ដែល​ប្រឈម​នឹង​ហានិភ័យ​ស្វ័យ​ប្រវត្តិ​កម្ម បាន​បង្ហាញ​ថា​៥៦% នៃ​ការងារ​សរុប​នៅ​ក្នុង​ប្រទេស​អាស៊ាន​ចំនួន​៥ នឹង​ប្រឈម​ខ្ពស់​ទៅ​នឹង​ការ​ធ្វើ​ស្វ័យ​ប្រវត្តិ​កម្ម ក្នុង​រយៈ​ពេល​២ទសវត្សរ៍​ខាង​មុខ ក្នុង​នោះ​ប្រទេស​កម្ពុជា​មាន​៥៧% ឥណ្ឌូនេស៊ី ៥៦% ហ្វីលីពីន ៤៩% ថៃ ៤៤% និង​វៀត​ណាម ៧០%។ ទោះ​យ៉ាង​ណា យោង​តាម​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ស្តី​ពី​ការ​អង្កេត​អនាគត​នៃ​ការងារ​នៅ​ឆ្នាំ​២០១៨ មក​ទល់​បច្ចុប្បន្ន​នេះ ការ​រីក​ចំរើន​នៃ​បច្ចេក​វិទ្យា​នេះ មិន​ទាន់​បណ្តាល​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការងារ​ជា​ទូទៅ​នៅ​ឡើយ​ទេ​៕