rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ ជប៉ុន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​ប្រហែល​៥លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ធន​ធាន​មនុស្ស​របស់​កម្ពុជា​

media
ជប៉ុនផ្ដល់ជំនួយឥតសំណងប្រហែល៥លានដុល្លារមកដល់កម្ពុជា @សហការី

រដ្ឋាភិបាលជប៉ុនបានសម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​សរុប​ប្រហែល​៥លាន​ដុល្លារ​អាមេរិក ទៅ​លើគម្រោង​កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និ​ការ​អភិវឌ្ឍន៍​ធនធានមនុស្សរបស់​កម្ពុជា។ ការ​ចុះ​ហត្ថ​លេខា​លើកិច្ចព្រៀម​ព្រៀង​ផ្តល់​ជំនួយនេះ គឺធ្វើឡើង​នៅព្រឹកថ្ងៃសុក្រនេះ ដែលជាថ្ងៃចុងក្រោយ នៃការស្នាក់នៅរបស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីចូលរួមសន្និសីទ​អន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» នៅទីក្រុងតូក្យូ។ 


កិច្ច​ព្រម​ព្រៀង ស្តីពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន​២គឺការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គម សម្រាប់​សាងសង់​ស្ថានីយ​កុងតឺណឺ ដែល​មាន​ទឹក​ប្រាក់ ២០០​លាន​យ៉េន​ស្មើ​ប្រមាណ១.៨​លាន​ដុល្លារ​អាមេរិក​។ ​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​របស់​កម្ពុជា ដែល​មាន​ទឹក​ប្រាក់ ៣៣៩​លាន​យ៉េន ស្មើ​ប្រមាណ​ជាង ៣លាន​ដុល្លារ​អាមេរិក​។ ​នេះ​ជាគូសបញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។

បើតាម​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ការ​បំពេញ​បេសកកម្ម​ការងារ​នៅ​ប្រទេស​ជប៉ុន​ចាប់​ពីថ្ងៃទី ២៨ ដល់ ៣១ ឧសភានេះ គឺ​ទទួល​បាន​ជោគ​ជ័យ ដោយ​បាន​ពង្រឹង​នូវ​មិត្ត​ភាព និង​សហ​ប្រតិបត្តិការ​កាន់​តែ​ល្អ​ជិត​ស្និទ្ឋ​ជប៉ុន​។

នៅចំពោះ​មុខ​អ្នក​វិនិយោគ​ជប៉ុន និង​អន្តរជាតិ ជា​ច្រើន​រូប លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​ជប៉ុន ដោយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ត្រី​មាស​ទី១​ឆ្នាំ២០១៩ គម្រោង​វិនិយោគ​របស់​ក្រុម​ហ៊ុន​ជប៉ុន មាន​ចំនួន​១៣៧​គម្រោង ក្នុង​នោះ​មាន​ទុន​វិនិយោគ​សរុប​ចំនួន ២,៥​ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​ជប៉ុន​ទាំង​នេះ ភាគ​ច្រើន​ផ្តោត​ទៅ​លើ​ការ​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី​និង​អេឡិច​ត្រូនិក គ្រឿង​បង្គុំ​រថយន្ត និងសម្ភារៈ​បរិក្ខា​បច្ចេកទេស កសិ-ឧស្សាហកម្ម ការកែ​ច្នៃ​ម្ហូប​អាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរ​ពេទ្យ និង​ផ្សារ​ទំនើប​។

​បើ​តាម​លោក ហ៊ុន សែន ​ក្រៅ​ពី​គម្រោង​វិនិយោគ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាង​លើ ក៏​មាន​វត្ត​មាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ធំ​ទាំង​តូច​ប្រមាណ១៧០០​ក្រុមហ៊ុន ដែល​មាន​សកម្មភាព​ក្នុង​វិស័យ​ធនាគារ អាកាស​ចរណ៍ និង​ភោជនីយ​ដ្ឋាន​ជា​ដើម​។

សូម​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ដល់ឆ្នាំ២០១៨ ជប៉ុន បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ចំនួន​២,៨​ពាន់​លាន​ដុល្លារ ស្មើ​នឹង​ប្រមាណ​១៥% នៃ​ហិរញ្ញប្បទាន​សរុប​របស់​ដៃ​គូ​អភិវឌ្ឍន៍​ទាំង​អស់ សម្រាប់​ចូល​រួម​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​៕