rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សហភាព​អន្តរ​សភា ថា​នឹង​ជួយ​សម្រប​សម្រួល​ការ​ចរចា​នយោបាយ បើ​សិន​ភាគី​កម្ពុជា​ត្រូវ​ការ​ជំនួយ​ពី​ខ្លួន

media
សហភាព​អន្តរសភា ឬ ហៅ​កាត់​ថា IPU @សហការី

សហភាព​អន្តរសភា (IPU) ដែល​តំណាង​ឲ្យ​ប្រទេស​ចំនួន​១៧៨ នៅ​ថ្ងៃ​ទី​២៨ មីនា បាន​ថ្កោល​ទោស និង​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បំពាន​សិទ្ធិ​មនុស្ស​ដោយ​ខុស​ច្បាប់​ទៅ​លើ​អ្នក​តំណាង​រាស្រ្ត​ក្នុង​ប្រទេស​៤ គឺ​ម៉ាល់ឌីវ តួកគី វេណេស៊ុយអេឡា និង​កម្ពុជា។ សម្រាប់​កម្ពុជា សហភាព​អន្តរសភា (IPU) បាន​ស្នើ​ឲ្យ​រដ្ឋ​អំណាច​ខ្មែរ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​អតីត​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង និង​បន្ត​ការ​ចរចា​ផ្នែក​នយោបាយ​ឡើង​វិញ។


“សហភាព​អន្តរ​សភា (IPU) អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​អតីត​អ្នក​តំណាង​រាស្រ្ត​របស់​បក្ស​ប្រឆាំង​ទាំង​៥៥​រូប​ឡើង​វិញ​ជា​បន្ទាន់”។ នេះ​គឺ​ជា​សារ​របស់​សហភាព​អន្តរសភា (IPU) មក​កាន់​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ។ ជា​ការ​ឆ្លើយ​តប លោក​ឡេង ប៉េងឡុង ដែល​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ខ្មែរ លើក​ឡើង​ថា “វា​មិន​មែន​ជា​រឿង​ថ្មី ​និង​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល IPU អំពាវនាវ​មក​កាន់​កម្ពុជា”​។ សម្រាប់​លោក​ឡេង ប៉េងឡុង អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​គឺ​គោរព​ទៅ​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង ច្បាប់​របស់​កម្ពុជា។

ប៉ុន្តែ​សម្រាប់​សហភាព​អន្តរសភា (IPU) វិញ អ្វី​ដែល​កម្ពុជា​បាន​ធ្វើ ដូច​ជា​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​សមាជិក​គណបក្ស​នេះ​រយៈ​ពេល​៥​ឆ្នាំ​ក្នុង​នោះ​មាន​ទាំង​តំណាង​រាស្រ្ត​៥៥​រូប​ផង គឺ​បាន​ឆ្លុះប​ញ្ចាំង​យ៉ាង​ច្បាស់​ពី​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​អ្នក​តំណាង​រាស្រ្ត​ខ្មែរ​។ ប៉ុន្តែ​លោក​ឡេង ប៉េងឡុង បាន​ទាត់​ចោល​ការ​លើក​ឡើង​នេះ ហើយ​ថែម​ទាំង​ចាត់​ទុក​សហភាព​អន្តរសភា (IPU) ថា មិន​មែន​ជា​ស្ថាប័ន​អព្យាក្រឹត​ទេ ដោយ​លោក​ចោទ​ចំៗ​ថា ស្ថាប័ន​មួយ​នេះ​តែង​តែ​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ហើយ​មិន​ស្ដាប់​ការ​ពន្យល់​របស់​រដ្ឋសភា​កម្ពុជា​ចំពោះ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ឡើយ។

ក្រៅ​ពី​លើក​ឡើង​ពី​បញ្ហា​រំលាភ​សិទ្ធិ​ទៅ​លើ​អតីត​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង សហភាព​អន្តរសភា​(IPU) បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ការ​សន្ទនា​ផ្នែក​នយោបាយ។ ហើយ​ថា បើ​ចាំ​បាច់ សហភាព​អន្តរសភា (IPU) នឹង​ជួយ​នៅ​ក្នុង​រឿង​នេះ​ថែម​ទៀត។ ប៉ុន្តែ​ការ​ចរចា​នយោបាយ​នេះ ធ្លាប់​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ប្រកាស​បិទ​ទ្វារ​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ។ លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​គូស​បញ្ជាក់​បន្ថែម​ត្រង់​ចំណុច​នេះ​ថា វា​មិន​អាច​កើត​ឡើង​នោះ​ទេ ព្រោះ​ថា​ វប្បធម៌​សន្ទនា​បាន​ស្លាប់​បាត់​ទៅ​ហើយ។

សូម​បញ្ជាក់​ថា នេះ​មិន​មែន​លើក​ទី​មួយ​ទេ​ដែល​សហភាព​អន្តរសភា​លើក​ឡើង​ពី​បញ្ហា​កម្ពុជា។ កន្លង​មក សហភាព​អន្តរសភា (IPU) ក៏​ធ្លាប់​បាន​បាន​ថ្កោល​ទោស និង​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​នៅ​កម្ពុជា​ដែរ ដូច​យ៉ាង​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​ក៏​ដូច​ជា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នានា​ដោយ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា។ សម្រាប់​លោក​សុខ ឥសាន សកម្មភាព​របស់​សហភាព​អន្តរសភា (IPU) មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ព្រោះ​ថា សហភាព​អន្តរសភា (IPU) នេះ មាន​និន្នាការ​កាន់​ជើង​អតីត​គណបក្ស​សង្រ្គោះ​ជាតិ៕