អានតួអត្ថបទ
កម្ពុជា-សង្គម

​ប្រជា​កសិករ រាប់​ពាន់​នាក់​ប្រារព្ធទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​លើក​ទី​៧០ ដោយ​ទាម​ទារ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​

ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី៧០ ឆ្នាំ​២០១៨​នេះ ប្រជាពល​រដ្ឋ និង​កសិករ​រាប់​ពាន់​នាក់​នៅ​តាម​សហគមន៍​មូល​ដ្ឋាន​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ជា​បន្ត​បន្ទាប់​ចាប់​ពី​ថ្ងៃ​ទី០៥ រហូត​ដល់​ថ្ងៃ​ទី១០ ខែធ្នូ​។ ប្រជា​កសិករ​ក៏​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​លើក​កម្ពស់​សិទ្ធិ និង​ជីវិភាព​រស់​នៅ​តាម​រយៈ​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ផង​ដែរ​។ 

ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី កាលពីពេលកន្លងទៅ។ (រូបភាពឯកសារ)
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី កាលពីពេលកន្លងទៅ។ (រូបភាពឯកសារ) RFI/ វណ្ណ សុគន្ធា
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី៧០ ប្រជាពល​រដ្ឋ និង​កសិករ​ប្រមាណ​៧ពាន់​នាក់ ពី​ខេត្ត​ព្រះសីហនុ ព្រៃ​វែង ស្វាយ​រៀង ត្បូង​ឃ្មុំ កណ្តាល កំពត និង​រាជធានីភ្នំពេញ នឹង​រៀប​ចំ​វេទិកា​សាធារណៈ​ដើម្បី​ជជែក​ពី​បញ្ហា​សិទ្ធិ​មនុស្ស ដាក់​ញ្ញតិ្ត និង​សំណើ​ជូន​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​ស្តី​ពី​កង្វល់​បញ្ហា​សិទ្ធិ​មនុស្ស​។ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​។

សមា​គម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​បញ្ជាក់​ថា ខ្លួន​ក៏​បង្កើត​បរិយាកាស​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ ដែល​ចូល​រួម​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​លើក​ទី៧០​នេះ បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​វាង​អាជ្ញាធរ សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស ប្រជា​ធិបតេយ្យ យុត្តិធម៌​សង្គម​ និង​កិច្ច​គាំពារ​សង្គម និង​ឈាន​ទៅ​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ផល​ប៉ះពាល់​ជីវិភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន រដ្ឋា​ភិបាល​ដោះ​ស្រាយ​បញ្ហា​សំខាន់​របស់​កសិករ ដូច​ជា អាជ្ញាធរ​មូល​ដ្ឋាន​ត្រូវ​បង្ក​បរិយាកាស​ងាយ​ស្រួល និង​បង្កើត​កិច្ច​សហការ​ជាមួយ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​។ សមាគម​នេះ ក៏​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ជំរុញ​ការ​លើក​កម្ពស់​សិទ្ធិ និង​ជីវិភាព​រស់​នៅ​របស់​ពលរដ្ឋ កសិករ តាម​រយៈ​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​។

សូម​ជម្រាប​ជូន​ថា​នៅ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​ស្រី រ៉ូណាស ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ លោក​ស្រី​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ទាក់​ទង​នឹង​បញ្ហា​ដីធ្លី និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កែ​លម្អ​នូវ​មធ្យោបាយ​ទាំង​ឡាយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​ដីធ្លី​ដ៏​ស្មុក​ស្មាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជា​ការ​កត់​សម្គាល់ ក្រៅ​ពី​សមាគម​តំណាង​កសិករ​ខាង​លើ​នេះ អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​នេះ​ដែរ​។ ដោយ​ឡែក​រដ្ឋា​ភិបាល​កម្ពុជា ដែល​មាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ជា​សេនា​ធិការ ក៏​គ្រោង​រៀប​ចំ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ ក្រោម​ប្រធាន​បទ រួម​គ្នា​ថែ​រក្សា​សន្តិភាព ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ