អ្នកឃ្លាំមើល៖បើយកអាសនៈបក្សជាប់ឆ្នោតទៅឲ្យបក្សផ្សេងវាអយុត្តិធម៌
ភ្លាមៗបន្ទាប់ពីរដ្ឋសភា បានអនុម័តច្បាប់ចំនួន៤ទាក់ទងនឹងការបែងចែកអាសនៈរបស់គណបក្សដែលត្រូវរំលាយ យកទៅចែកឲ្យបក្សដទៃទៀតនោះ ប្រតិកម្មនានាបានធ្លាក់មកជាបន្តបន្ទាប់។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលការបោះឆ្នោត មានសុទិដ្ឋិនិយមថា ច្បាប់ដែលត្រូវបានអនុម័តដោយគណបក្សកាន់អំណាចតែឯងនេះទំនងជាមិនត្រូវបានយកទៅអនុវត្តជាទូទៅនោះទេ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៨
អត្ថបទដោយ៖ អ៊ឹង ប៊ុនថន
លោក សម គន្ធាមី នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និចហ្វិច យល់ថា ប្រសិនជាគេយកអាសនៈរបស់គណបក្សដែលត្រូវរំលាយដែលសំដៅដល់គណបក្សសង្រ្គោះជាតិនោះ ទៅចែកឲ្យគណបក្សដទៃទៀត លោកថាវាអយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោតព្រោះពលរដ្ឋបានបោះឆ្នោតឲ្យគណបក្សប្រឆាំងនេះតាំងពីយូរមកហើយ។ តែទោះជាយ៉ាងណា លោក សម គន្ធាមី មានសុទិដ្ឋិនិយមថា ច្បាប់ដែលត្រូវបានអនុម័តដោយគណបក្សកាន់អំណាចតែឯងនេះ ទំនងជាមិនត្រូវបានយកទៅអនុវត្តជាទូទៅនោះទេ ហើយគណបក្សសង្រ្គោះជាតិ ក៏ទំនងជាមិនត្រូវបានគេរំលាយនោះដែរ។
ចំណែកអនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ដែលកំពុងនៅក្រៅប្រទេស បានសរសេរហ្វេសប៊ុករបស់លោកថា ការអនុម័តច្បាប់វិសោធនកម្មនៅថ្ងៃចន្ទនេះគឺមិនអាចយកមកអនុវត្តនៅក្នុងអាណត្តិទី៥ នៃរដ្ឋសភា និងអាណត្តិទី៤ នៃការបោះឆ្នោតឃុំ សង្កាត់បានឡើយ ព្រោះផ្ទុយពីឆន្ទៈប្រជាពលរដ្ឋ។
លោក អេង ឆៃអ៊ាង បន្តថាប្រសិនបើអ្នកណាយកច្បាប់វិសោធនកម្មច្បាប់នេះ ទៅអនុវត្តក្នុងបែងចែកអាសនៈរដ្ឋសភា និងអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សនយោបាយមួយដែលត្រូវរំលាយ ទៅចែកឲ្យគណបក្សនយោបាយដទៃ គឺជាការ " ប្លន់ឆន្ទៈប្រជាពលរដ្ឋ" យ៉ាងកម្រោល ហើយអ្នកទទួលយកអាសនៈពីអំពើប្លន់នេះ មានឈ្មោះ ថា " ទទួលផលចោរកម្ម" ។
ឆ្លើយតបនឹងការលើកឡើងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា លោក អេង ឆៃអ៊ាង លើកឡើងដោយកំហឹងដោយថាគណបក្សប្រឆាំងបាត់បង់អ្វីៗអស់ហើយ។ លោកអះអាងថាការធ្វើច្បាប់នៅពេលនេះដើម្បីឲ្យស្របទៅតាមនីតិវិធីច្បាប់និងស្របតាមស្ថានភាពនយោបាយ។
សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ គឺឈរលើមូលដ្ឋានច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលរដ្ឋសភា បានអនុម័តមុនការបោះឆ្នោតឆ្នាំ២០១៣ ។
ឯលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ គឺឈរលើមូលដ្ឋានច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តនៅឆ្នាំ២០១៥ ។នេះបើតាម លោក អេង ឆៃអ៊ាង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ