rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ច្បាប់ សារព័ត៌មាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ្នក​នាំ​ពាក្យ៖ ការ​ផ្តួច​ផ្តើម​គំនិត​ព្រាង​ច្បាប់​ស្តី​ពី​ព័ត៌មាន​ក្លែង​ក្លាយ ស្រប​នឹង​សភាពការណ៍​បច្ចុប្បន្ន

media
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា. © RFI

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ការ​ផ្តួច​ផ្តើម​គំនិត​ព្រាង​ច្បាប់​ស្តី​ពី​ព័ត៌មាន​ក្លែង​ក្លាយ​របស់​រដ្ឋាភិបាល គឺ​ស្រប​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​របស់​កម្ពុជា ដែល​ក្រុម​អតីត​គណបក្ស​ប្រឆាំង​កំពុង​ឃោសនា​បំភ័ន្ត​មតិ​សាធារណជាតិ និង​អន្តរជាតិ។ មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា ច្បាប់​នេះ​អាច​មាន​គោល​ដៅ​ពីរ។​


អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បញ្ជាក់​ថា​ជា​ធម្មតា​នៅ​ពេល​មាន​ការ​ផ្តួច​ផ្តើម​គំនិត ឬ​អនុសាសន៍​របស់​រដ្ឋាភិបាល នោះ​ក្រុម​អ្នក​ច្បាប់​កម្ពុជា​នឹង​រៀប​ចំ​សិក្សា​ស្រាវជ្រាវ​លើ​ខ្លឹមសារ​របស់​សេចក្តី​ព្រាង​ច្បាប់​ខាង​លើ​នេះ ប៉ុន្តែ​មិន​អាច​ដឹង​ថា​ក្រុម​ការងារ​អ្នក​ច្បាប់​បាន​ធ្វើ​ដល់​ណា​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​លោក ង្វៀន សួនហ៊្វុក នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​យល់​ព្រម​ជាមួយ​គ្នា ដើម្បី​ចូល​រួម​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ។ ជា​ការ​ឯកភាព​ដែល​ធ្វើ​ឡើង ក្រោយ​ប្រទេស​សមាជិក​អាស៊ាន គឺ​ប្រទេស​ម៉ាឡេស៊ី​អនុម័ត​ច្បាប់​ស្រដៀង​គ្នា​នេះ។​

ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​ពី​ការ​ចង​ក្រង​ច្បាប់​នេះ ក្នុង​សភាពការណ៍​បច្ចុប្បន្ន លោក សុខ ឥសាន បញ្ជាក់​ថា​វា​ស្រប​នឹង​សភាពការណ៍​​បច្ចុប្បន្ន ដែល​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង ឬ​លោក​សុខ ឥសាន ហៅ​ថា​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ កំពុង​តែ​បង្កើន​សកម្មភាព​ឃោសនា​បំភ័ន្ត​មតិ​ជាតិ និង​អន្តរជាតិ​ឲ្យ​មាន​ការ​យល់​ច្រឡំ។ លោក​បន្ថែម​ថា បើ​ប្រជាពលរដ្ឋ​មិន​បាន​ពិចារណា នោះ​នឹង​លង់​ជឿ​តាម​ការ​ឃោសនា​របស់​មន្ត្រី​គណបក្ស​ប្រឆាំង។

អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​លោក ម៉ៅ មុនីវណ្ណ បាន​លើក​ឡើង​ថា​គណបក្ស​ប្រឆាំង​ធ្វើ​នយោបាយ​ប្រកាន់​យក​សច្ចភាព យុត្តិធម៌ ហើយ​ប្រកាន់​យក​ការ​ពិត រួម​ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស​ផង។ លោក​បន្ថែម​ថា ធ្វើ​ច្បាប់​អ្វី​ក៏​ដោយ អតីត​គណបក្ស​ប្រឆាំង​មិន​ជំទាស់​ទេ ឲ្យ​តែ​ច្បាប់​នោះ​បំរើ​ផល​ប្រយោជន៍​សាធារណៈ។ ប៉ុន្តែ​ជា​ទម្លាប់​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ច្រើន​តែ​ធ្វើ​ច្បាប់​តម្រូវ​តាម​ចិត្ត ដែល​ខ្លួន​ចង់​បាន​ ហើយ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ជួប​ការ​ឈឺ​ចាប់។ នេះ​បើ​តាម​លោក ម៉ៅ មុនីវណ្ណ។

ដោយ​ឡែក លោក អំ សំអាត មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា​ប្រសិន​បើ​មាន​ច្បាប់​ស្តី​ពី​ព័ត៌មាន​ក្លែង​ក្លាយមែ​ន នោះ​គឺ​ជា​វិធានការ​ព្រួញ​មួយ បាញ់​បាន​សត្វ​ពីរ​របស់​រដ្ឋាភិបាល។ លោក​បន្ថែម​ថា ជា​ការ​ល្អ​ដែល​មាន​ច្បាប់​បែបនេះ ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ក្លែង​ក្លាយ តែ​ច្បាប់​នេះ​ក៏​អាច​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ផង​ដែរ៕