អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

​ក្រុម​ហ៊ុន​ចំនួន​៨​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បញ្ជូន​ពលការិនី​ទៅ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ហុង​កុង​

រដ្ឋ​មន្ត្រី ក្រសួង​ការងារ​លោក អ៊ិត សំហេង បាន​ប្រាប់​ទៅ​ក្រុម​ហ៊ុន នាំ​ពលការិនី​ទៅ​ធ្វើ​ការ​ជា​ជំនួយ​ការ​ផ្ទះ​នៅ​ទីក្រុង​ហុងកុង ឲ្យ​យក​ចិត្ត​ទុក​ដាក់ គោរព​ច្បាប់​ជា​ធរ​មាន ដើម្បី​ធានា​ដល់​សុវត្ថិភាព និង​លក្ខ​ខណ្ឌ​ការងារ​ឲ្យ​កាន់​តែ​ប្រសើរ​​ឡើង​។ ការ​លើក​ឡើង​ដូច្នេះ ធ្វើ​ឡើង​ខណៈ​ដែល​លោក​រដ្ឋ​មន្ត្រី បាន​ចូលរួម​នៅ​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន នាំ​ពលការិនី​ទៅ​ធ្វើ​ការ​នៅ​ហុង​កុង Easy Reach International Co., Ltd នា​រសៀល​ថ្ងៃ​ចន្ទ​នេះ ដែល​ជា​ក្រុម​ហ៊ុន​ទី​៨​។ 

ពលករខ្មែរ
ពលករខ្មែរ @RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពិធី​សម្ពោធ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ក្រុមហ៊ុន​បញ្ជូន​ពលការិនី​ទៅ​ធ្វើ​ការ​ជា​ជំនួយ​ការ​ផ្ទះ ឬ​មេផ្ទះ​នៅ​ហុងកុង លោក អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បាន​ថ្លែង​ថា កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បំរើ​ការងារ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​សរុប ១,២​លាន​នាក់​។ ពួក​គេ​ត្រូវ​បាន​បញ្ចូន ដោយ​ក្រុមហ៊ុន​ឯកជន​នា​នា ទៅ​បំរើ​ការងារ​នៅ​តាម​ប្រទេស​ចំនួន​៦ រួម​មាន ប្រទេស​ថៃ កូរ៉េ​ខាង​ត្បូង ម៉ាឡេស៊ី ជប៉ុន សឹង្ហបុរី និង​ហុងកុង​។ ពលករ​ទាំង​នេះ បាន​ផ្ញើ​ថវិកា​មក​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុម​គ្រួសារ​របស់​ពួក​គេ ប្រមាណ​ជា ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។

ដោយ​ឡែក ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​សាក​ល្បង នៅ​ក្នុង​ការ​បញ្ជូន​ពលការិនី ទៅ​បំរើ​ការងារ​ជា​ស្ត្រី​មេ​ផ្ទះ​នៅ​ហុងកុង កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ បន្ទាប់​ពី​ក្រសួង​ការងារ​កម្ពុជា បាន​ចុះ​អនុស្សរណៈ នៃ​កិច្ច​ព្រម​ព្រៀង​ជាមួយ​សមាគម​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​កម្ពុជា​នៅ​ហុងកុង ក្នុង​ការ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្តល់​សេវា​គាំពារ និង​សេវា​គាំទ្រ​នានា​សម្រាប់​ពលការិនី​ជំនួយ​ការ​ផ្ទះ​នៅ​ហុងកុង​។

រហូត​មក​ទល់​ពេល​នេះ ​មាន​ពលការិនី​សរុបចំនួន៥៥នាក់ហើយ ដែលត្រូវបានបញ្ជូនទៅ​បំរើ​ការងារ​លើ​វិស័យ​នេះ ​នៅ​ហុង​កុង​ ខណៈ​មាន​ក្រុម​ហ៊ុន​ចំនួន​៨ បាន​ប្រតិបត្តិ​ការ​លើ​ការងារ​នេះ​។ ក៏​ប៉ុន្តែ​នៅ​ក្នុង​គម្រោង​លើក​ដំបូង​នៃ​ការ​សាក​ល្បង ក្រសួងការងារ បាន អនុញ្ញាតឲ្យមានការជ្រើស​រើស​ពលការិនីប្រមាណ១០០០​នាក់ ​ទៅ​ធ្វើ​ការ​នៅ​ហុងកុង។

តាម​ការ​បញ្ជាក់​ពី​លោក អ៊ិត សំហេង រដ្ឋា​ភិបាល​នៃ​តំបន់​រដ្ឋ​បាល​ពិសេស​ហុងកុង បាន​ដាក់​ឲ្យ​មាន​នូវ​កិច្ច​សន្យា​ការងារ​ស្តង់​ដារ​សម្រាប់​គាំ​ពារ​បន្ថែម​ជូន​ដល់​ពលករ​បរទេស​បំរើ​ការងារ​តាម​ផ្ទះ រួម​មាន​ប្រាក់​ឈ្នួល​ទាប​បំផុត ត្រឹម​ប្រមាណ​ជា ៥៧០​ដុល្លារ​អាមេរិក ដែល​នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ជា​ទៀង​ទាត់ នូវ​ការ​ផ្តល់​អាហារ ឬ​ប្រាក់​ហូប​ចុក​ចំនួន ១៣៣​ដុល្លារ​អាមេរិក ក្នុង​១ខែ ការ​ស្នាក់​នៅ​សមរម្យ​ដោយ​ឥត​គិត​ថ្លៃ ការ​ចេញ​ថ្លៃ​សំបុត្រ​យន្ត​ហោះ​ត្រឡប់​ទៅ​ប្រទេស​របស់​ពលករ​វិញ និង​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ