អានតួអត្ថបទ
កម្ពុជា-សង្គម

​សមត្ថកិច្ច​ចាប់​ថ្នាំ​បំរើ​ផ្លូវ​ភេទ​ជាង​២ម៉ឺន​គ្រាប់ នៅ​ផ្ទះ​លក់​ឱសថ​សម័យ បុរាណចិ​ន​ចំនួន​៣​

គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថា​គណៈកម្មការ ដែល​ដឹក​នាំ​ដោយ​ក្រសួង​មហា​ផ្ទៃ​មួយ​នេះ បាន​រក​ឃើញ​ឱសថ​ប្រភេទ​ស្រើប​ស្រាល និង​ជំនួយ​ផ្លូវ​ភេទ​ជា​ច្រើន ដោយ​ឱសថ​ទាំង​នេះ មិន​បាន​ចុះ​បញ្ជិ​ការ និង​ហួស​សុពល​ភាព​។ ផលិត​ផល​ទាំង​នេះ ត្រូវ​បាន​គេ​ដាក់​លក់​នៅ​តាម​វិថី Charles de Gaulle ក្រុង​ភ្នំពេញ ចំនួន​៣​ទីតាំង ដែល​មាន​ឈ្មោះ​ថា«លក់​ឱសថ សម័យ បុរាណ​ចិន»​។ 

ឱសថចិនដែលបំរើដល់បញ្ហាផ្លូវភេទ
ឱសថចិនដែលបំរើដល់បញ្ហាផ្លូវភេទ @FB
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពិធី​សន្និសីទ​កាសែត​មួយ ឯ​ក្រសួង​មហាផ្ទៃ លោក មាជ សុផាន់ណា រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ បាន​ថ្លែង​ថា​សមត្ថកិច្ច​បាន​រិប​អូស​ឱសថ ប្រភេទ​បង្កើន​ចំណង់​ផ្លូវ​ភេទ បង្កើន​ភាព​ស្រើប​ស្រាល ឬ​ថ្នាំ​សម្រើប បាន​ចំនួន​ជិត​២ម៉ឺន​គ្រាប់ ពី​ទីតាំង​ទាំង​៣​ខាង​លើ​។ ក៏​ប៉ុន្តែ​អ្នក​ទទួល​ខុស​ត្រូវ​ដែល​ជា​ពលរដ្ឋ​ខ្មែរ មាន​ឈាម​ជ័រ​ជា​ចិន​នោះ នៅ​មិន​ទាន់​មាន​ការ​ឃាត់​ខ្លួន​នៅ​ឡើយ​។

លោកថា ឱសថទាំងនេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ទេ ប្រសិន​បើ​រក​ទៅ​ឃើញ​ថា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធប្រសាទ ហើយ​បើ​ថ្នាំ​ទាំង​នេះ ជា​ប្រភេទ​ភ្ញោច​អារម្មណ៍​ផ្លូវ​ភេទ​វិញនោះ តាម​ច្បាប់​កម្ពុជា ​អ្នក​ជួញ​ដូរ​នឹង​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥០​លាន​រៀល​។

ទោះ​យ៉ាង​ណា ម្ចាស់​ទីតាំង​ទាំង​៣ ដែល​គេ​ស្គាល់​ថា​ជា​កន្លែង​លក់​ឱសថ​សម័យ បុរាណចិន ដ៏​ធំ​នោះ ត្រូវ​បាន​ដាក់​ក្នុង​ការ​ឃ្លាំ​មើល​ពី​សមត្ថកិច្ច និង​តុលាការ ដោយ​រង់​ចាំ​ការ​ស្រាវ​ជ្រាវ ប្រមូល​ព័ត៌មាន និង​ការ​ពិសោធន៍​រក​លទ្ធ​ផល​គ្រប់​ជ្រុង​ជ្រោយ​។ នេះ​បើ​តាម​គណៈ​កម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​។

យោង​ទៅ​តាម​ចម្លើយ​របស់​អ្នក​លក់ ឱសថ​ខុស​ច្បាប់ មិន​មាន​ចុះ​បញ្ជិការ​ទាំង​នេះ ត្រូវ​បាន​នាំមក​ពី​តំបន់​ផ្សេងៗ​នៃ​ប្រទេស​ចិន និង​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រំដែន​ផ្លូវ​គោក និង​តាម​យន្ត​ហោះ ​ដែល​ករណី​នេះ​ត្រូវ​បាន​ស្តី​បន្ទោស​ថា​មាន​ការ​ឆក​ល្វែង​ដោយ​សមត្ថកិច្ច​មួយ​ចំនួន​។

សូម​បញ្ជាក់​ថា​ឱសថ​បំរើ​ឲ្យ​តម្រូវ​ការ​ផ្លូវ​ភេទ ត្រូវ​បាន​គេ​ដាក់​លក់​តាម​ប្រព័ន្ធ​អន​ឡាញ​យ៉ាងព្រោង​ព្រាធ រួម​មាន​គេហទំព័រ និង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។ ករណី​នេះ លោក មាជ សុផាន់ណា បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា សមត្ថកិច្ច​របស់​លោក កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​បច្ចេក​ទេស​ជំនាញ​ផង​ដែរ ដើម្បី​ឈាន​ទៅ​ចាត់​វិធាន​ការ​ប្រឆាំង​ការ​ឃោសនា​លក់​ឱសថ​បំរើ​ផ្លូវ​ភេទ​តាម​អន​ឡាញ​នេះ​។ ប្រធាន​គណៈ​កម្មការ​រូប​នេះ ក៏​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ សុំ​ឲ្យ​ចៀស​វាង​ការ​ប្រើ​ប្រាស់​ឱសថ​ទាំង​អស់​នេះ និង​ព្យាយាម​ប្រតិបត្តិ​ផ្លូវ​ភេទ​បែប​ធម្មជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ