អានតួអត្ថបទ
កម្ពុជា

ឆ្នាំ​២០២២ កម្ពុជា​នឹង​មាន​ថាមពល​ប្រើ​ប្រាស់​គ្រប់​គ្រាន់ ដោយ​មិន​ចាំ​ពឹង​ផ្អែក​លើ​ប្រទេស​ជិត​ខាង

កម្ពុជា នៅ​ថ្ងៃ​ទី ២៥ កញ្ញា​នេះ បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន ៤០០ មេហ្គាវ៉ាត់។ ទំនប់​វារី​អគ្គិសនី​ធំ​ជាង​គេ​នៅ​កម្ពុជា មួយ​នេះ ស្ថិត​នៅ​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ចំនួន​៣ (កម្ពុជា ចិន វៀតណាម) ។ តាម​រយៈ​ពិធី​បិទ​ទ្វារ​ទឹក​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ នៅ​ថ្ងៃ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា នៅ​ត្រឹម​ឆ្នាំ​២០២២​ខាង​មុខ កម្ពុជា​នឹង​មាន​ថាមពល​ប្រើ​ប្រាស់​គ្រប់​គ្រាន់ រហូត​ដល់​ទី​ជន​បទ។

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន  អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បិទ​ទ្វារ​ទឹក​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២
លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បិទ​ទ្វារ​ទឹក​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ការ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ស្ថិត​នៅ​ភាគ​ឥសាន​កម្ពុជា នៅ​ថ្ងៃ​ទី ២៥ កញ្ញា​នេះ កម្ពុជា​រំពឹង​ថា ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​មួយ​នេះ នឹង​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង តួ​យ៉ាង​ដូច​ជា ប្រទេស​ថៃ ឡាវ និង​ប្រទេស​វៀតណាម។ លើស​ពី​នេះ កម្ពុជា​ក៏​ចង់​បាន​ដែរ នូវ​ឯករាជ្យ​ភាព​ខាង​ថាមពល​អគ្គិសនី​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ជិត​ខាង​ទៀត​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​បិទ​ទ្វារ​ទឹក​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ស្ថិត​នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី ២៥ កញ្ញា ឆ្នាំ ២០១៧​នេះ។

គួរ​បញ្ជាក់​ថា ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ដែល​ផលិត​ថាមពល​អគ្គិសនី ៤០០​មេហ្គាវ៉ាត់​នេះ ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន កម្ពុជា ចិន និង​វៀតណាម ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា​៨០០​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​ក្រុមហ៊ុន​ចិន Hydrolancang International Energy វិនិយោគ​៥១​ភាគ​រយ ទី​២. ក្រុមហ៊ុន Royal Group របស់​លោក​ឧកញ៉ា គិត ម៉េង ៣៩​ភាគ​រយ និង​ទី​៣. គឺ ក្រុមហ៊ុន EVN International នៃ​ប្រទេស​វៀតណាម​ចូល​រួម​វិនិយោគ​១០​ភាគ​រយ។ ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ ត្រូវ​បាន​អ្នក​បរិស្ថាន​និយម​រិះគន់​ថា បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​បរិស្ថាន ការ​ចរាចណ៍​ទៅ​មក​របស់​ត្រី ការ​ប្រកប​របរ​រក​ស៊ី និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ។ ហើយ​ក្នុង​នោះ ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នឹង​ត្រូវ​ចាក​ចេញ​ពី​ភូមិ។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កម្ពុជា នឹង​បន្ត​ជំរុញ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ទៅ​តាម​ដំណាក់​កាល បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវ​ការ​របស់​កម្ពុជា។

សូម​បញ្ជាក់​ថា ក្រៅ​ពី​ការ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នៅ​ថ្ងៃ​នេះ កាល​ពី​ដើម​ខែ​កញ្ញា​នេះ​ដែរ កម្ពុជា​ក៏​បាន​ដាក់​ឲ្យ​សាក​ល្បង​ការ​ផលិត​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​ជា​លើក​ដំបូង ដែល​ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ជាង​១០​មេហ្គាវ៉ាត់។ ថាមពល​អគ្គិសនី​ដែល​បាន​មក​ពី​ការ​ប្រើ​ប្រាស់​ផ្ទាំង​សូឡា​ចំនួន​៣៣០០​ផ្ទាំង​កញ្ចក់​នោះ ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន Sunseap Asset មក​ពី​សឹង្ហបុរី​ដែល​ចំណាយ​ថវិកា​ប្រមាណ​ជា​ ១២.៥ ​លាន​ដុល្លារ ​ក្នុង​កិច្ច​សន្យា​រយៈ​ពេល​២០​ឆ្នាំ។

បច្ចុប្បន្ន​នេះ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា ៣​លាន​២​សែន​៨​ម៉ឺន​ខ្នង​ផ្ទះ កំពុង​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី ខណៈ​ដែល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​នឹង​មាន​ថាមពល​ប្រើ​ប្រាស់​គ្រប់​គ្រាន់​នៅ​ទូទាំង​ប្រទេស នៅ​ត្រឹម​ឆ្នាំ​២០២២​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ