អានតួអត្ថបទ

​រូប​ថត​លោក សម រង្ស៊ី និង​មនុស្ស​២០​នាក់​ទៀត​ត្រូវ​បាន​បិទ​នៅតាម​ព្រំដែន​ដើម្បី​តាម​ចាប់​ខ្លួន​

យ៉ាង​ហោច​ណាស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ចំនួន២១​នាក់ ដែល​ជា​មនុស្ស​ស្និទ​នឹង​លោក សម រង្ស៊ី ត្រូវបាន​សមត្ថកិច្ច​ប្រកាស​តាម​ចាប់​ខ្លួន ដោយ​បិទរូបថត​របស់ពួកគេនៅ​ច្រក​ព្រំដែនប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ។ ការ​ស្វែង​រក​ចាប់​ខ្លួន​​មេដឹកនាំគណបក្សប្រឆាំងទាំងនោះ គឺបានធ្វើឡើងនៅគ្រា​ដែល​សមត្ថកិច្ចរាប់ទាំងកងទ័ពផង កំពុងតែ​បង្កើន​ការ​រឹតបន្តឹង​នៅតាម​ព្រំដែន​ទប់​ស្កាត់មិន​ឲ្យ​ក្រុម​លោក សម រង្ស៊ី វិល​ចូល​ស្រុក​នៅថ្ងៃ​៩វិច្ឆិកា។ 

រូបថត លោក សម រង្ស៊ី និងសមាជិកក្រុមរបស់លោក ត្រូវបានបិទប្រកាសតាមច្រកព្រំដែន ដើម្បីតាមចាប់ខ្លួន
រូបថត លោក សម រង្ស៊ី និងសមាជិកក្រុមរបស់លោក ត្រូវបានបិទប្រកាសតាមច្រកព្រំដែន ដើម្បីតាមចាប់ខ្លួន @FB
ផ្សាយពាណិជ្ជកម្ម

ខិតប័ណ្ណ​ដែល​ប៉ូលិស​ដើរ​បិទ​នោះ​បាន​សរសេរ​អក្សរ​ក្រហម​ធំៗ​ថា ស្នងការ​នគរបាល​​ខេត្ត​បន្ទាយមានជ័យ ​ប្រកាស​តាម​ចាប់​ខ្លួន​ «ក្រុម​ឧទ្ទាម ​ក្បត់ជាតិ» ហើយជាមួយគ្នានោះ សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ប្រ​ជាពលរដ្ឋ​​ឲ្យរាយការណ៍​ទៅ​នគរបាល​ ប្រសិន​បើ​ឃើញក្រុមអ្នកនយោបាយ​​ទាំងនោះ​។

ឈ្មោះ​អ្នកនយោបាយជាន់ខ្ពស់​របស់​អតីតគណបក្សសង្រ្គោះជាតិ​ទាំង២១នាក់​ដែល​ត្រូវ​បាន​បិទ​នៅតាម​ច្រក​ព្រំដែនប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ គឺនាំមុខ​ដោយរូប លោក សម រង្ស៊ី និង​​តាមពីក្រោយ​ដោយ​លោក អេង ឆៃអ៊ាង លោកស្រី ជូឡុង ស៊ូម៉ារ៉ា លោក​ស្រី មូរ សុខហួរ លោក តុ វ៉ានចាន់ លោក ឡុង រី លោក ហូ វ៉ាន់ លោក នុត រំដួល និង​សកម្មជនបក្សប្រឆាំង​នៅប្រទេសជប៉ុន លោក ហៃ វណ្ណា និង​អ៊ុំ សំអាន ដែលធ្លាប់​ជាប់​ពន្ធនាគារ​ទាក់ទង​នឹង​ការរិះគន់បញ្ហាព្រំដែនកន្លងមក។​

ជាមួយគ្នានោះ រូបថតមេដឹកនាំរបស់អតីតគណបក្សសង្គ្រោះជាតិ៩នាក់ ដែលមាន លោក សម រង្ស៉ី នាំមុខ ក៏ត្រូវបានទាហានឈុតខ្មៅរបស់ថៃយកទៅបិទនៅច្រកព្រំដែនអានសេះ ជាប់ព្រំដែនខេត្តព្រះវិហារ និងខេត្ដអ៊ូរប៊ុន ប្រទេសថៃផងដែរ។

យ៉ាងណាក៏ដោយ ការ​ស្វែង​រក​ចាប់​ខ្លួន​​មេដឹកនាំគណបក្សប្រឆាំងទាំងនោះ គឺបានធ្វើឡើងនៅគ្រា​ដែល​រដ្ឋាភិបាលហាម​ឃាត់​មិនឲ្យ​យន្ត​ហោះ​ដឹកលោក សម រង្ស៊ី ចូលកម្ពុជា ហើយ​សមត្ថកិច្ចរាប់ទាំងកងទ័ពផង កំពុងតែ​បង្កើន​ការ​រឹតបន្តឹង​នៅតាម​ព្រំដែន។

ការ​ដាក់​កម្លាំងនៅតាមព្រំដែនបែបនេះ ​ត្រូវ​បាន ​លោក ឆាយ គឹមខឿន អ្នកនាំ​ពាក្យ​អគ្គស្នង​ការ​នគរបាល​ជាតិ​បក​ស្រាយថា ជាការ​ត្រៀម​​ចាប់ខ្លួន​​ លោក សម រង្ស៊ី និង​បក្សពួក ដើម្បី​កុំ​ឲ្យ​បង្កការ​អុក​ឡុក​នៅតាម​ព្រំដែន គឺមិនមែន​ទប់​ស្កាត់​ខ្លាច​លោក សម រង្ស៊ី ចូល​ស្រុក​នោះឡើយ។

គួរឲ្យដឹងថា ទន្ទឹមគ្នា​នឹង​ការ​ប្រកាស​តាម​ចាប់​ខ្លួន លោក សម រង្ស៊ី និង​អ្នក​នយោបាយ​ជាន់​ខ្ពស់​២០​នាក់​ផ្សេងទៀតនោះ ក៏មានអ្នកនយោបាយជាន់ទាប​របស់​បក្សប្រឆាំង​ជិត​៦០​នាក់​ត្រូវ​បានចាប់​ខ្លួន និង​ជិត​២០០​នាក់​ត្រូវ​បាន​កោះហៅ បន្ទាប់ពីពួកគេ​ប្រកាស​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​៩​វិច្ឆិកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ