អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោក ហ៊ុន សែន ​នឹង​ប្តឹង​លោក​សម រង្ស៊ី ទៅ​តុលាការ​បារាំង ដើម្បី​ទទួល​បាន​យុត្តិធម៌​សកល​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គ្រោងប្តឹងលោក សម រង្ស៊ី ទៅកាន់តុលាការប្រទេសបារាំង ចំនួន ២ករណីផ្សេងគ្នា​ ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌ជាសកល។ នេះបើ​តាមការ​ឲ្យដឹងពីលោក​ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាលកម្ពុជា។ តាម​លោក​ ផៃ ស៊ីផាន ពេលនេះ​ក្រុម​ការងារ​អ្នក​ច្បាប់​រដ្ឋាភិបាល​ កំពុង​សិក្សា​លើ​ករណី​បណ្តឹងជាលក្ខណៈអន្តរជាតិនេះ។ 

លោក ហ៊ុន សែន នឹងប្ដឹង លោក សម រង្ស៊ី
លោក ហ៊ុន សែន នឹងប្ដឹង លោក សម រង្ស៊ី @RFI
ផ្សាយពាណិជ្ជកម្ម

ករណី​បណ្តឹង​ទាំង ២ទៅកាន់​តុលាការ​បារាំងនោះ គឺទី ១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ប្តឹង​លោក សម រង្ស៊ី ដែល​បាន​ចោទប្រកាន់​លោក ថា​បានរៀបចំ​ផែន​ការ ដាក់​គ្រាប់​បែកលើ​ឧទ្ធម្ភាគចក្រ ដើម្បី​សម្លាប់​លោក ហុក ឡង់​ឌី កាលពីថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ ២០០៨។ ចំណែកបណ្តឹងទី ២ គឺលោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កំពុង​សិក្សា​ប្តឹង​លោក សម រង្ស៊ី ដែល​បាន​អំពាវនាវឲ្យលោកឧបនាយករដ្ឋមន្ត្រី ស ខេង ធ្វើរដ្ឋប្រហារទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច។

គម្រោងនៃការដាក់ពាក្យប្តឹងទៅកាន់តុលាការប្រទេសបារាំងទាំង​នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹក​ថ្ងៃ​សុក្រនេះ​។ នេះបើតាមការបញ្ជាក់ពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។

លោកមេធាវី សុខ សំអឿន មកពីក្រុម​មេធាវី​អម្រិន្ទ បញ្ជាក់ថា​ បើ​តាម​យុត្តិកា​សកល​របស់​តុលាការ​បារាំង គេ​នឹង​ទទួល​យក​ពាក្យ​បណ្តឹងរបស់​រដ្ឋាភិបាលខ្មែរ ព្រោះថា​លោក​សម រង្ស៊ី ក៏​​មានសញ្ជាតិ​បារាំង ហើយ​សំណុំ​រឿងនេះ នឹង​ធ្វើ​ឡើង​ក្នុងប្រទេស​បារាំង។

សូម​រម្លឹក​ជូនថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ខ្លាំងៗជាសាធារណៈ​កាលពី​​ថ្ងៃចន្ទ ដើម​សប្តាហ៍នេះ បន្ទាប់​ពីមាន​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​អះអាងថា លោក​នាយករដ្ឋមន្ត្រី គឺ​ជាឃាតករ​សម្លាប់​លោក ហុង ឡង់​ឌី តាម​រយៈ​ការ​ដាក់​គ្រាប់​បែក​ឲ្យ​ផ្ទុះ ក្នុង​ឧទ្ធម្ភាគ​ចក្រ នៅ​ពេល​ដែល​កំពុង​តែ​ហោះ​ហើរ លើ​ខេត្ត​ស្វាយ​រៀង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨​។ សំណេរនោះ ក៏បន្ត​ថា​ លោក ឌី វិជ្ជា ​អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ ដែល​ជា​កូន​ប្រុស​ច្បង របស់លោក ហុក ឡង់ឌី កំពុង​​គិត​គូរ​អំពី​ផែន​ការ​សង​សឹក ចំពោះករណីនេះ​។

​គួរ​ជម្រាបជូនថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៩ លោក សម រង្ស៊ី ដែល​កំពុងរស់នៅ​​និរទេសក្នុងប្រទេសបារាំង​ បាន​រង​បណ្តឹង​ ដល់​ទៅ​ ១០​រួច​ហើយ នៅ​តុលាការ​កម្ពុជា ដោយ​ក្នុងនោះ បណ្តឹងចំនួន ​៨ ត្រូវបាន​តុលាការ ជំនុំជម្រះ​រួចហើយ ខណៈ​បណ្តឹង​ ២​ទៀត កំពុងស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​។

​សរុប​ទោស​ទាំង ​៨​បទល្មើស​ លោក សម រង្ស៊ី ត្រូវតុលាការ​ កាត់ទោស​ឲ្យ​​ជាប់ពន្ធនាគា​រ ​១៣​ឆ្នាំ ​និង​ ២​ខែ ហើយ​ត្រូវ​បង់ប្រាក់​ទាំងអស់ ១,០៥៨,២៥០ដុល្លារ និង ១០០​រៀល​ ដល់​តុលាការ និងដើម​បណ្តឹង​។ ​យ៉ាងណាក៏ដោយ មកដល់ពេលនេះ លោក សម រង្ស៊ី មិនទាន់បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នៅឡើយ​ទេ ព្រោះ​លោក​នៅក្រៅប្រទេស។ ចំណែក​ប្រាក់​ទាំង​ប៉ុន្មាន ដែល​តុលាការ តម្រូវ​ឲ្យ​លោក​បង់ ក៏​លោក មិនទាន់បាន​បង់​ដែរ​។ ​ប៉ុន្តែ កន្លងមក តុលាការ បាន​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់លោក​ក្នុងប្រទេស​កម្ពុជា​ជា​បណ្តោះអាសន្ន គឺ​អតីត​ទីស្នាកការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ