rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ គណបក្សនយោបាយ គណបក្សប្រជាជនកម្ពុជា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ហ៊ុន សែន ​អះអាង​ថា បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​ទើប​អាច​រក្សា​សន្តិភាព​បាន

media
លោក ហ៊ុន សែន ពីខេត្តព្រះសីហនុ ក្នុង​ឱកាស​សំណេះ​សំណាល​ជា​មួយ​កម្មករ​ កម្មការនី​ @PM Hun Sen Facebook Page

ជា​ថ្មី​ម្តង​ទៀត​លោក ហ៊ុន សែន បាន​អះអាង​ពី​ខេត្ត​ព្រះសីហនុ​នា​ព្រឹក​នេះ​ថា ដើម្បី​រក្សា​បាន​នូវ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជម្រើស​ដែល​ល្អ​ជាង​គេ ហើយ​មិន​លំបាក​នោះ គឺ​មាន​តែ​ការ​បោះ​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ​។ ជា​ការ​កត់​សម្គាល់ ការ​អះអាង​សឹង​គ្រប់​វេទិកា​សាធារណ​របស់​លោក ហ៊ុន សែន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដែល​ធ្លាប់​មាន​សំឡេង​ប្រកៀកប្រកិត​នឹង​បក្ស​កាន់អំណាច​។


លោក​នាយក​រដ្ឋ​មន្ត្រី​អះអាង​ថា លោក​មាន​សមត្ថភាព​ការពារ​នូវ​សន្តិភាព និង​អាយុ​ជីវិត​ប្រជា​ជន ដោយ​មិន​ឲ្យ​មាន​ការ​ស្លាប់​ដូច​ដំណាក់​កាល​កើត​សង្រ្គាម ឬ​ការ​ស្លាប់​ដូច​នៅ​ក្នុង​ប្រទេស​ស៊ីរី ឬ​លីប៊ី​សព្វ​ថ្ងៃ​នេះ​។ លោក​ហ៊ុន សែន បាន​បន្ត​ឃោសនា​ថា មិន​ចាំ​បាច់​ជូន​ពរ​រូប​លោក​ឲ្យ​មាន​សេច​ក្តី​សុខ​ក្នុង​ការ​បន្ត​ធ្វើ​ជា​ម្លប់​អ្វី​នោះ​ទេ ពោល​គឺ​ពេល​បោះ​ឆ្នោត​គ្រាន់​តែ​បោះ​ឲ្យ​គណបក្ស​របស់​លោក គឺ​ស្មើ​នឹង​ជូន​ពរ​រូប​លោក​ដូច្នេះ​ដែរ​។

ពី​ខេត្ត​ព្រះ​សីហនុ ក្នុង​ឱកាស​សំណេះ​សំណាល​ជា​មួយ​កម្មករ កម្មការនី ប្រមាណ​១ម៉ឺន៤​ពាន់​នាក់ លោក​ហ៊ុន សែន លើក​ឡើង​ដែរ​ថា​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​អ្នក​ណា​ហ៊ាន​មក​ដណ្តើម​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​ពី​លោក​នោះ​ទេ ព្រោះ​លោក​គឺ​ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​កាន់​អំណាច​មួយ​នេះ​ជា​រៀង​រហូត​មក។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​ចាប់​ខ្លួន​មេដឹក​នាំ​អតីត​គណបក្ស​ប្រឆាំង​ឃុំខ្លួន គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ពី​ការ​ប្តូរផ្តាច់​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​របស់​កម្ពុជា។ ក្រៅ​ពី​នេះ​ក៏​តែង​មាន​ការ​អះអាង​ថា មាន​តែ​គណបក្ស​កាន់​អំណាច​ទេ ​ដែល​បាន​រក្សា​សន្តិភាព​សម្រាប់​ប្រជាពល​រដ្ឋ​កម្ពុជា​នា​ពេល​កន្លង​មក​។​

លោក​បណ្ឌិត ​ឡៅ ម៉ុង​ហៃ អ្នកវិភាគ​នយោបាយ​បាន​លើក​ឡើង​ថា​ការ​បោះ​ឆ្នោត​ពី​មុនៗមក ដូច​ជា​មិន​មាន​សង្រ្គាម​នោះ​ទេ ហើយ​ក៏​មាន​ការ​បោះ​ឆ្នោត​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​នេះ​ផង​ដែរ​។ លោក​ឡៅ ម៉ុងហៃ បាន​ដាក់​ជា​សំនួរ ចំពោះ​ការ​អះអាង​ថា​ការ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​មាន​សន្តិភាព​ នោះ​មាន​ន័យ​ថា ការ​បោះ​ឆ្នោត​ពី​មុន​មក គឺ​ជា​ការ​បោះ​ឆ្នោត​ឲ្យ​មាន​សង្រ្គាម ឬ​យ៉ាង​ណា។ លោក​ឡៅ ម៉ុងហៃ មិន​ជឿ​លើ​ការ​អះអាង​នេះ​ទេ​។

គួរ​ជម្រាប​ជូន​ថា លោក ហ៊ុន សែន តែង​ប្រកាស​នៅ​តាម​វេទិកា​សាធារណ​របស់​លោក​ថា លោក​នឹង​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បន្ត យ៉ាង​តិច​១០​ឆ្នាំ ឬ​២​អាណត្តិ​បន្ថែម​ទៀត ដើម្បី​បន្ត​រក្សា​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​៕