អានតួអត្ថបទ
កកម្ពុជា-វៀតណាមម

កម្ពុជា-វៀតណាម បើក​កិច្ច​ប្រជុំ​ចង្អៀត មុន​ពេល​សម្រេច​ចុះហត្ថលេខា​លើ​ពិធីសារ​ចំនួន ៤

នាយក​រដ្ឋមន្រ្តី វៀតណាម លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) និង​គណៈប្រតិភូ កំពុង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ៣​ថ្ងៃ​នៅ​កម្ពុជា។ កាល​ពី​ម្សិល​មិញ លោក​បាន​ចូល​រួម​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា-វៀតណាម ឆ្លង​កាត់​ព្រំដែន​ខេត្ត​កណ្តាល និង​បន្ត​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ។ នៅ​ព្រឹក​ថ្ងៃ​ទី ២៥​មេសា​នេះ លោក​បាន​បន្ត​ជួប​ជាមួយ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព។ នៅ​ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​បើក​កិច្ច​ប្រជុំ​ចង្អៀត​មួយ មុន​ពេល​សម្រេច​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ចំនួន ៤។

នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន និង​លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) នាយក​រដ្ឋមន្រ្តី វៀតណាម។
នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន និង​លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) នាយក​រដ្ឋមន្រ្តី វៀតណាម។
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​ពិធីសារ​សំខាន់ៗ​ចំនួន ៤ ដែល​ភាគី​កម្ពុជា-វៀតណាម​បាន​ចុះ​ហត្ថលេខា​កាល​ពី​ព្រឹក​មិញ​នេះ ក្នុង​នោះ​រួម​មាន ឯកសារ​ស្តី​ពី​ការ​សិក្សា​រួម​គ្នា លើ​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត និង​ផ្លូវ​ល្បឿន​លឿន ហូជីមិញ-ម៉ក់បៃ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា ដោយ​លោក​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា ជាមួយ​នឹង​រដ្ឋមន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម។ បន្ទាប់​មក ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ ស្តី​ពី ​គម្រោង​សាង​សង់​មជ្ឍមណ្ឌល​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្ម័គ្រ​ចិត្ត និង​ផ្អែក​លើ​សហគមន៍ ដល់​អ្នក​ញៀន​គ្រឿង​ញៀន ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​រវាង​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​របស់​វៀតណាម​។ ចំណែក​ពិធីសារ​ទី ៣ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ លោក វេង សាខុន រដ្ឋមន្រ្តី​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ ស្តី​ពី កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី លើ​វិស័យ​ជលផល និង​ចុង​ក្រោយ​គឺ​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ ស្តី​ពី ការ​គាំទ្រ​ការ​សាង​សង់​មហា​វិថី​មិត្តភាព​ភ្នំពេញ-ហាណូយ។ ពិធី​ចុះ​ហត្ថលេខា​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ឯ​វិមាន​សន្តិភាព។

គួរ​ជំរាប​ជូន​ថា លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) នាយក​រដ្ឋមន្រ្តី វៀតណាម បាន​មក​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ៣​ថ្ងៃ​នៅ​កម្ពុជា ដោយ​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី ២៤​មេសា​មក។ នៅ​ពេល​ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ម្សិលមិញ នាយក​រដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) និង​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន បាន​អញ្ជើញ​ចូល​រួម​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា-វៀតណាម ឆ្លង​កាត់​ព្រំដែន ជ្រៃ​ធំ-ឡុងប៊ិញ ជា​លើក​ដំបូង ដែល​មាន​តម្លៃ​ជាង ៣០​លាន​ដុល្លារ​អាមេរិក។ ហើយ​បន្ត​មក បាន​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង និង​ជំនួប​ក្រៅ​ផ្លូវ​ការ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ឯ​ភូមិ​គ្រឹះ​របស់​លោក ស្ថិត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ផង​ដែរ មុន​ពេល​មាន​ជំនួប​ផ្លូវ​ការ ដែល​ធ្វើ​ឡើង​នៅ​ឯ​វិមាន​សន្តិភាព​នៅ​ព្រឹក​មិញ​នេះ។

តាម​គម្រោង​នាយក​រដ្ឋមន្រ្តី​វៀតណាម ក៏​នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក សាយ ឈុំ, ប្រធាន​រដ្ឋសភា​លោក ហេង សំរិន, និង​ចូល​ថ្វាយ​បង្គំ​សម្តេច​ព្រះ​សង្ឃរាជ្យ ទេព វង្ស ផង​ដែរ។ ក្រៅ​ពី​នេះ នាយក​រដ្ឋមន្រ្តី វៀតណាម ក៏​បាន​អញ្ជើញ​ទៅ​ដាក់​កម្រង​ផ្កា​នៅ​វិមា​នឯករាជ្យ និង​ស្តូប​ព្រះ​បរមរូប ព្រះ​បរម​រតន​កោដ្ឋ ថែម​ទៀត។

ក្រៅ​ពី​ការ​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ចំនួន ៤ កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៤​មេសា​នេះ​ នាយក​រដ្ឋមន្រ្តី​កម្ពុជា-វៀតណាម ក៏​មាន​កិច្ច​ប្រជុំ​ចង្អៀត​មួយ​ផង​ដែរ។ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ សេចក្តី​ថ្លែងការណ៍​មួយ នឹង​ត្រូវ​ធ្វើ​ឡើង​រវាង​ភាគី​ទាំង​ពីរ មុន​ពេល​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៣​ថ្ងៃ​នៅ​កម្ពុជា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ