អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន៖ សារ​របស់​មេដឹក​នាំ​សិង្ហ​បុរី ជា​ការ​គាំទ្រ​និង​ចង់​ឱ្យ​របប​ខ្មែរ​ក្រហម​វិល​មក​កម្ពុជា​វិញ​

សារ​របស់​នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី​ពាក់​ព័ន្ធ​បញ្ហា​សង្រ្គាម​នៅ​កម្ពុជា​កំពុង​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ទាំង​ពីសំណាក់​មន្រ្តី​វៀតណាម និង កម្ពុជា​។ ចុង​ក្រោយ​នេះ គឺ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​តែ​ម្ដង ដែល​បាន​បញ្ចេញ​សារ​មិន​ពេញ​ចិត្ត និង​សោក​ស្តាយ​តាម​ហ្វេស​ប៊ុក តប​ទៅ​កាន់​នាយក​រដ្ឋ​មន្រ្តី​សិង្ហបុរី លោក​លី ស៊ានឡុង​។ សម្រាប់​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ការ​លើក​ឡើង​របស់​លោក​លី ស៊ានឡុង បង្ហាញ​ថា សិង្ហបុរី បាន​បង្ហាញ​ពី​ការ​គាំទ្រ​របប​ប្រល័យ​ពូជ​សាសន៍ និង ចង់​ឱ្យ​របប​នេះ​កើត​មាន​ឡើង​វិញ​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា @SPM page
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ផ្ទុះ​ឡើង​បន្ទាប់​ពី​សម​ភាគី​សិង្ហបុរី លោក លី ស៊ានឡុង សរសេរ​លើ​ហ្វេសប៊ុក ដោយ​លើក​ឡើង​ថា សមាជិក ASEAN ដែល​កាល​នោះ​មាន​សមាជិក​៥ប្រទេស បាន​រួម​គ្នា​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​វៀត​ណាម​មក​លើ​កម្ពុជា និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជំនួស​ខ្មែរ​ក្រហម​។ គឺ​ត្រង់​ពាក្យ​វៀត​ណាម​ឈ្លាន​ពាន​កម្ពុជា និង​រួម​គ្នា​ការ​ប្រឆាំង​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មក​ជំនួស​ខ្មែរ​ក្រហម​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កើត​ទុក្ខ​មិន​សុខ​ចិត្ត​បញ្ចេញ​សារ​តប​ត​ទាំង​យប់ ដោយ​បង្ហាញ​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ទៅ​កាន់​នាយក​រដ្ឋ​មន្រ្តី​សិង្ហ​បុរី​។

សម្រាប់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា ការ​លើក​ឡើង​របស់​នាយក​រដ្ឋ​មន្រ្តី​សិង្ហបុរី​នេះ​បង្ហាញ​ថា កាល​នោះ​សិង្ហបុរី បាន​គាំទ្រ​របប​ប្រល័យ​ពូជ​សាសន៍ ចង់​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​កម្ពុជា​វិញ និង ប្រឆាំង​នឹង​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​។ មិន​តែ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋ​មន្រ្តី​ បាន​អះអាង​ថា ការ​លើក​ឡើង​របស់​លោក​លី ស៊ានឡុង ក៏​ជា​ការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់​ឈាម​ស្រស់​របស់​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម ដែល​បាន​ជួយ​រំដោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​។ លោកហ៊ុន សែន បន្ថែម​ទៀត​ថា សារ​របស់​នាយក​រដ្ឋ​មន្រ្តី​សិង្ហបុរី​នា​ពេល​នេះ ក៏​បាន​បង្ហាញ​ដល់​ប្រជាជន​សិង្ហបុរី និង​ពិភព​លោក​ថា មេដឹក​នាំ​សិង្ហបុរី​នា​ពេល​នោះ បាន​រួម​ចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាង​ពិត​ប្រាកដ​។

សារ​ប្រតិកម្ម​ពី​ប្រមុខ​ដឹក​នាំ​កម្ពុជា​នេះ ក៏​បាន​បន្ទរ​បន្ថែម​ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ដែរ​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ពាក្យ​សម្តី​របស់​នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី​ដែល​សរសេរ​លើ​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃទី៣១ ឧសភា​កន្លង​ទៅ​។

មិន​មែន​តែ​កម្ពុជា​ទេ វៀតណាម​ឯណោះ​វិញ​ក៏​មិនបាន​នៅ​ស្ងៀម​ដែរ​ចំពោះ​ពាក្យ​សម្តី​របស់​មេដឹកនាំ​សិង្ហបុរី​នេះ​ដែរ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម​កាល​ពីថ្ងៃទី០៤ មិថុនា បាន​ចាត់​ទុក​សំណេរ​របស់​លោក​លី ស៊ានឡុង ថា មិន​បាន​បង្ហាញ​ពី​សច្ចភាព​នៃ​ប្រវត្តិសាស្រ្ត ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​អវិជ្ជមាន​ដល់​ការ​យល់​ឃើញ​របស់​សាធារណជន​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀត​ណាម​បាន​ចង្អុល​ប្រាប់​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​ថា សាល​ក្រម​កាត់​ទោស​លើ​មេដឹកនាំ​ខ្មែរ​ក្រហម​របស់​តុលាការ​កូន​កាត់​ខ្មែរ​ក្រហម គឺ​ជា​តឹក​តាង​បង្ហាញ​ពី​ការ​ពិត​នៃ​ប្រវត្តិសាស្រ្ត​ដែល​កើត​ឡើង​នៅ​កម្ពុជា​។​ និយាយ​ដល់​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនវិញ បាន​ចោទ​សួរ​ត្រង់​ទៅ​កាន់​លោកលី ស៊ានឡុងថា តើ​មេដឹកនាំ​សិង្ហបុរី ចាត់​ទុក​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​កន្លង​ទៅ​នេះ​ថា ជា​ការ​ត្រឹម​ត្រូវ​ដែរ​ឬទេ​?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ