អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ហ៊ុន សែន ណែ​នាំ​ឲ្យ​មន្ត្រី​របស់​លោក​ចុះ​ឲ្យ​ដល់​ទីតាំង ខណៈ​ខេត្ត​ចំនួន​៥​បាន​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ១២ កក្កដា នេះ បាន​ណែនាំ​ទៅ​ដល់​បណ្តា​ខេត្ត​ដែល​មាន​ផ្ទុះ​ឡើង​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក ចុះ​ពិនិត្យ​តាម​ដាន​ឲ្យ​ដល់​ទីតាំង​ផ្ទាល់ ដើម្បី​ចាត់​វិធាន​ការ​បាន​ទាន់​ពេល​វេលា​។ គួរ​ជំរាប​ជូន​ថា តាម​តុល្យការ​ចុង​ក្រោយ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​បាន​ឆ្លង​រីក​រាល​ដាល​ដល់​ខេត្ត​ចំនួន​៥ហើយ​នៃ​ប្រទេស​កម្ពុជា ខណៈ​ជ្រូក​រាប់​ពាន់​ក្បាល​បាន​ងាប់​និង​កម្ទេច​ចោល​។ 

លោក ហ៊ុន សែន ណែនាំឲ្យមន្ត្រីរបស់លោកចុះឲ្យដល់ទីតាំង ខណៈខេត្តចំនួន៥បានផ្ទុះជំងឺប៉េស្តជ្រូក
លោក ហ៊ុន សែន ណែនាំឲ្យមន្ត្រីរបស់លោកចុះឲ្យដល់ទីតាំង ខណៈខេត្តចំនួន៥បានផ្ទុះជំងឺប៉េស្តជ្រូក @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​ណែ​នាំ​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ខេត្ត​ចំនួន​៥​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រកាស​ថា បាន​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​ដំបូង​នៅ​ក្នុង​ខេត្ត​រតនគីរី​កាល​ពីអំឡុង​ខែមីនា ឆ្នាំ២០១៩​មក​។ តាម​រយៈ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី នៅ​ព្រឹក​ថ្ងៃទី ១២ កក្កដា នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ណែ​នាំ​ទៅ​ដល់​បណ្តា​ខេត្ត​ដែល​កំពុង​ផ្ទុះ​ឡើង​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នេះ ឲ្យ​ចុះ​ពិនិត្យ​តាម​ដាន​ឲ្យ​ដល់​ទីតាំង​ផ្ទាល់ ដើម្បី​អាច​ចាត់​វិធាន​ការ​បាន​ទាន់​ពេល​វេលា​។

តាម​តុល្យការ​ចុង​ក្រោយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១២ កក្កដា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ចំនួន៥​ហើយ​នៃ​ប្រទេស​កម្ពុជា ក្នុង​នោះ រួម​មាន ខេត្ត​រតនគីរី ខេត្ត​ត្បូង​ឃ្មុំ ស្វាយ​រៀង តាកែវ ។ ហើយចុងក្រោយនេះ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល គឺជាខេត្តទី៥ ដែលត្រូវបានរកឃើញថា មានផ្ទុះនូវជំងឺប៉េស្តជ្រូកអាហ្រ្វិក។

ជ្រូក​ប្រមាណ​ជា​៥០០​ក្បាល​នៅ​ក្នុង​ឃុំ​នេះ ត្រូវ​បាន​រាយការណ៍​ថា​បាន​ងាប់ និង​យក​ទៅ​កម្ទេច​ចោល​បន្ទាប់​ពី​ឆ្លង​ជំងឺ​។ ដោយ​ឡែក បើ​តាម​តួលេខ​របស់​នាយក​ដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បសុ​ព្យាបាល គិត​ត្រឹម​ថ្ងៃទី ១១កក្កដា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​បាន​ធ្វើ​ឲ្យ​ជ្រូក​ចំនួន ២៥៥៧​ក្បាល​បាន​ងាប់ ដែល​ក្នុង​នោះ ជ្រូក​ប្រមាណ​ជា​ជិត​៨០០​ក្បាល ត្រូវ​បាន​សម្លាប់​ចោល​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា កាល​ពីថ្ងៃទី ១១ កក្កដា មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​បាន​អះអាង​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក គឺជា​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ ដែល​ធ្វើ​ឲ្យ​សត្វ​ជ្រូក​ងាប់​១០០%​។ តែ​ជំងឺ​នេះ មិន​ឆ្លង​មក​មនុស្ស​នោះ​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជា​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន ហាក់​បង្ហាញ​ភាព​ខ្លាច​រអា​ក្នុង​ការ​បរិភោគ​សាច់​ជ្រូក​នេះ​បន្ត​ទៅ​ទៀត​។

គួរ​ជំរាប​ជូន​ថា នៅ​ក្នុង​ប្រតិបត្តិ​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​ប្រទេស​ជិត​នា​ពេល​កន្លង​មក រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​លោក វេង សាខុន បាន​ព្រមាន​ថា នឹង​ដក​តំណែង​មន្ត្រី​បសុ​ពេទ្យ​ណា ដែល​មាន​ការ​ធ្វេស​ប្រហែស​នឹង​ការងារ ខណៈ​ប្រធាន​ការិយាល័យ​បសុ​ពេទ្យ​មួយ​រូប​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ដក​ពី​តំណែង​កាល​ពីថ្ងៃចន្ទ ដោយ​សារ​មិន​មាន​កិច្ច​សហការ​ពេញ​លេញ​នៅ​ក្នុង​ការងារ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ