អានតួអត្ថបទ
កម្ពុជា-ព្រំដែន

កម្ពុជា​នឹង​បង្កើត​កង​ពល​តូច​ថ្មី​មួយ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង ក្រោយ​ពី​មាន​ការ​ឈ្លាន​ពាន​ពី​ភាគី​ឡាវ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ១៦ សីហា​នេះ បាន​ធ្វើ​ដំណើរ​តាម​ឧត្ថម្ភាគចក្រ ពី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង ដើម្បី​ពិនិត្យ និង​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​ទី​នោះ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា លោក​នឹង​បង្កើត​កង​ពល​តូច​អន្តរាគមន៍​ពិសេស​ថ្មី​មួយ​ទៀត ដើម្បី​ឲ្យ​ប្រចាំ​ការ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។ បន្ថែម​លើ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រកាស​ពី​ការ​បោះ​ទី​តាំង​កង​ទ័ព​ជើង​ទឹក ឲ្យ​ទៅ​ប្រចាំ​ការ​នៅ​ទី​នោះ​ផង​ដែរ។ សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ការ​បង្កើន​ចំនួន​កង​ទ័ព​នៅ​ព្រំដែន​ឡាវ​នេះ មិន​មែន​ជា​គោល​ដៅ​ដើម្បី​ធ្វើ​សង្រ្គាម​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ពិនិត្យ និង​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​ខេត្ត​ស្ទឹងត្រែង។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ពិនិត្យ និង​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​ខេត្ត​ស្ទឹងត្រែង។ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

កង​ពល​តូច​អន្តរាគមន៍​ពិសេស​ថ្មី​នេះ​ មាន​លេខ ១២៨ ឬ ហៅថា “កងពល​តូច​ថ្មើរ​ជើង​លេខ​១២៨”។ កង​ពល​តូច​ថ្មើរ​ជើង​ថ្មី​នេះ នឹង​ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​១ ដែល​មាន​ទី​បញ្ជាការដ្ឋាន ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ខណៈ​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ឧត្ថម្ភាគចក្រ ពី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី ១៦ សីហា​នេះ។ ក្រៅ​ពី​បាន​ប្រកាស​ពី​គម្រោង​បង្កើត​កង​ពល​តូច​ថ្មើរ​ជើង​ថ្មី​នេះ​ហើយ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រកាស​ពី​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បោះ​ទី​តាំង​កង​ទ័ព​ជើង​ទឹក​កម្ពុជា ឲ្យ​ទៅ​ប្រចាំ​ការ​នៅ​ក្នុង​ខេត្ត​ភាគ​ឥសាន នៃ​ប្រទេស​កម្ពុជា​នេះ​ដែរ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​រចនា​សម្ព័ន្ធ​កង​ពល​តូច​ថ្មី​នេះ​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ការ​បង្កើត​ឡើង​នូវ​កង​ពល​តូច​ថ្មី​នេះ គឺ​ដើម្បី​បន្ថែម​ការ​ការពារ​តំបន់​ព្រំដែន​កម្ពុជា​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ក្នុង​រង្វង់​ផ្ទៃ​ដី​៥០​គីឡូម៉ែត្រ​ការ៉េ។ កង​កម្លាំង​នេះ គឺ​ជា​កង​កម្លាំង​សន្តិភាព ដែល​នឹង​ដើរ​ល្បាត​ជាមួយ​កង​ម៉ារីន​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​ឆ្លង​ដែន គ្រឿង​ញៀន និង​ជម្លោះ​ប្រពៃណី​ផង​ដែរ។

ប៉ុន្តែ អ្វី​ជា​ការ​កត់​សំគាល់ ការ​បង្កើន​វត្តមាន​កង​យោធា​កម្ពុជា​នៅ​តំបន់​ព្រំដែន កម្ពុជា-ឡាវ គឺ​បន្ទាប់​ពី​ភាគី​ឡាវ​បាន​ចូល​មក​រំលោភ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា នៅ​ត្រង់​អូតាង៉ាវ និង​អូអាឡៃ ស្រុក​សៀង​ប៉ាង ខេត្ត​ស្ទឹងត្រែង រួម​ទាំង​ការ​រារាំង​ការ​ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា ពី​សំណាក់​យោធា​ឡាវ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ប៉ុន្តែ ភាព​តាន​តឹង​រវាង​ភាគី​ទាំង​ពីរ​បាន​បញ្ចប់​ទៅ កាល​ពី​ថ្ងៃ​ទី ១២ សីហា បន្ទាប់​ពី​មាន​ការ​ចរចា​ដោះ​ស្រាយ​តាម​បែប​កាទូត​ក្នុង​កំរិត​ខ្ពស់ រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។ ទន្ទឹម​គ្នា​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បដិសេធ​ដែរ​ថា ការ​បន្ថែម​វត្តមាន​កង​ទ័ព​ទាំង​ជើង​គោក​និង​ជើង​ទឹក​នេះ មិន​មែន​សំដៅ​ធ្វើ​សង្រ្គាម​ជាមួយ​ប្រទេស​ជិត​ខាង (ឡាវ) នោះ​ទេ តែ​គឺ​ដើម្បី​កិច្ច​ការពារ​ជាតិ ការពារ​ប្រជាជន និង​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង​តែ​ប៉ុណ្ណោះ។

អ្វី​ជា​ការ​កត់​សំគាល់​ដែរ​នោះ នៅ​ថ្ងៃ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​គ្រង​ឯក​សណ្ឋាន​យោធា​ជា​ថ្មី​ម្តង​ទៀត ក្នុង​នាម​ជា​នាយ​ឧត្តមសេនីយន៍​ផ្កាយ​មាស​៥​ផុត​លេខ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ឧត្ថម្ភាគចក្រ ពី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង។ ដំណើរ​របស់​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ពេល​នេះ ក៏​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ពី​ការ​រក​ឃើញ​សាក​សព​យោធា​កម្ពុជា​ម្នាក់ ដែល​សង្ស័យ​ថា បាន​ស្លាប់​បាត់​បង់​ជីវិត ដោយ​សារ​តែ​ការ​លិច​ទូក នៅ​ក្នុង​បេសកម្ម​ការពារ​ព្រំដែន​នៅ​ទី​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ