rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កងទ័ព ហ៊ុន សែន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ហ៊ុន សែន៖អ្នក​កុំ​មាន​ក្តី​ស្រមៃ​ឲ្យ​កង​ទ័ព​បះ​បោរ​ប្រឆាំង​រដ្ឋាភិបាល​នោះ

media
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា REUTERS

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ឆ្លើយ​តប​ដោយ​ប្រយោល​ទំនង​ជា​សំដៅ​ទៅ​លោក សម រង្ស៊ី បន្ទាប់​ពី​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ បាន​អំពាវនាវ​កុំ​ឲ្យ​កង​ទ័ព​ស្តាប់​បញ្ជា​របស់​លោក ហ៊ុន សែន និង​បញ្ជា​របស់​មេ​ទ័ព​ផ្សេង​ទៀត ឲ្យ​មក​សម្លាប់​ប្រជារាស្ត្រ​ខ្មែរ។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ព្រមាន​ថា លោក សម​ រង្ស៊ី ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​និយាយ​បែប​នេះ ដោយ​ថា​ប្រសិន​ជា​លោក​នៅ​ជិត នោះ​កង​ទ័ព​នឹង​ប្រតិកម្ម​ភ្លាមៗ។


អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន

នៅ​ចំពោះ​មុខ​មេទ័ព​កំពូលៗ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​អគារ​ចារកម្ម​កង​ទ័ព​នៅ​ថ្ងៃ​នេះ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ថ្លែង​ថា សូម​កុំ​មានក្តី​ស្រមៃ ដែល​ញុះញង់​ឲ្យ​កងទ័ព​បះ​បោរ​ចលា​ចល​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ ដោយ​ថា អ្នក​ដែល​ញុះ​ញង់​ឲ្យ​កង​ទ័ព​បះ​បោរ​គឺ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​កង​ទ័ព​អាច​នឹង​ធ្វើ​ប្រតិកម្ម​ភ្លាម​ៗ។

ជាមួយ​នឹង​ប្រតិកម្ម​ដូច​នេះ លោក ហ៊ុន សែន ក៏​បាន​អះ​អាង​ថា បក្ស​នយោបាយ​គ្មាន​សិទ្ធិ​បញ្ជា​កង​ទ័ព​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​ដែល​កើត​ឡើង​ពី​ការ​បោះ​ឆ្នោត​ទើប​មាន​សិទ្ធិ​បញ្ជា​ទៅ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ។

ការ​ឆ្លើយ​តប​ដោយ​ប្រយោល​របស់​ លោក ហ៊ុន សែន គឺ​បន្ទាប់​ពី លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ថ្លែង​ថា ​ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ រដ្ឋាភិបាល​របស់​លោក​នឹង​យក​ទ្រព្យ​សម្បត្តិ​ពី​មេទ័ព​ពុក​រលួយ ​យក​ទៅ​ចែក​កូន​ទាហាន​វិញ និង​ធានា​ឲ្យ​កូន​ទាហាន​បាន​ប្រាក់​ខែ​ច្រើន​ជាង​មុន។ ជាមួយ​គ្នា​នោះ លោក សម រង្ស៊ី ក៏​អំពាវនាវ​កុំ​ឲ្យ​កូន​​ទាហាន​ស្ដាប់​បញ្ជា​របស់​លោក ហ៊ុន សែន​ និង​បញ្ជា​របស់​មេទ័ព​ផ្សេង​ទៀត មក​សម្លាប់​ប្រជា​រាស្ត្រ​ខ្មែរ។​

ប៉ុន្តែ​ក្រោយ​ពី​ការ​ថ្លែង​របស់​លោក សម រង្ស៊ី បែប​នេះ លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយុទ្ធពល​ខេមរៈភូមិន្ទ តាម​រយៈ​មេធាវី​របស់​លោក​កាល​ពី​សប្តាហ៍​មុន បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក សម រង្ស៊ី ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ក្រោម​បទ​ចោទ​ញុះញង់​កង​ទ័ព​ប្រឆាំង​រដ្ឋាភិបាល។​ កាល​ពី​ចន្ទ​ម្សិល​មិញ តុលាការ​ក៏បាន​ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ចំពោះ​បណ្តឹង​នេះ​នៅ​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១៨។

ទោះ​ជា​យ៉ាង​ណា​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​ចន្ទ លោក សម រង្ស៊ី នៅ​តែ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត កុំ​ឲ្យ​ពល​ទាហាន​ស្តាប់​បញ្ជា​របស់​លោក ហ៊ុន សែន និង​មេទ័ព​​ ផ្សេង​ទៀត ដែល​លោក សម រង្ស៊ី ថា​ជា​ការ​បញ្ជា​ឲ្យ​សម្លាប់​ពលរដ្ឋ​ខ្មែរ។

លោក សម រង្ស៊ី អះអាង​ថា ការ​អំពាវនាវ​របស់​លោក​ធ្វើ​ឲ្យ​កូន​ទាហាន​ដែល​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​មាន​ការ​សប្បាយ​ចិត្ត​ប៉ុន្តែ​លោក​ថា​ផ្ទុយ​ទៅ​វិញ​មេ​ទាហាន​គឺ​ជា​អ្នក​ខូច​ចិត្ត។

​ចំពោះ​ការ​កោះ​ហៅ​របស់​តុលាការ​ជុំវិញ​បណ្តឹង​របស់​មេ​ទ័ព​នោះ លោក សម រង្ស៊ី អះ​អាង​ថា លោក​នឹង​ចូល​បំភ្លឺ​តាម​រយៈ​វីដេអូ​Skype បើ​សិន​ជា​តុលាការ​យល់​ព្រម។​

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ លោក សម រង្ស៊ី បាន​រង​បណ្តឹង​ចំពោះ​៩ ដែល​សុទ្ធ​សឹង​ជា​បណ្តឹង​ដែល​ធ្វើ​ឡើង​ដោយ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​៥​បណ្តឹង​បាន​កាត់​ទោស​រួច​ហើយ ខណៈ​៤​បណ្តឹង​ទៀត​នៅ​កំពុង​ដំណើរ​នីតិវិធី៕