អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន ​ជំរុញ​ឲ្យ​អាមេរិក​រឹប​អូស​ប្រាក់​កូនៗ​របស់​ លោក និង​ប្រាក់​របស់​មន្ត្រី បើ​មាន​នៅ​ក្រៅ​ប្រទេស​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បានជំរុញឲ្យ​សហរដ្ឋអាមេរិកពន្លឿន​ការ​រឹបអូស​យក​ប្រាក់​របស់​កូនៗលោក និង​ប្រាក់​របស់​មន្រ្តីរដ្ឋាភិបាលកម្ពុជា​មួយចំនួន ប្រសិន​បើ​ពួកគេ​មានលុយ​ចាយ​មិនអស់​ហើយ​យកទៅ​ផ្ញើទុក​នៅក្រៅ​ប្រទេសនោះ។ ការ​ថ្លែងបែបនេះ​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នៅថ្ងៃ​ចន្ទនេះ​គឺ​ជាការឆ្លើយតប​នឹង​ការ​អនុម័ត​ច្បាប់​នាពេល​ថ្មីៗ​នេះ របស់​រដ្ឋសភា​អាមេរិក ក្នុង​គោល​ដៅ​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​កម្ពុជា​​ដែល​ធ្វើ​ខូចលទ្ធិ​ប្រជាធិបតេយ្យ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលទៅទស្សនកិច្ចពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលទៅទស្សនកិច្ចពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» @SPM page
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិថ្មីនៅខណ្ឌ​ជ្រោយ​ចង្វារ​នៅ​ព្រឹក​ថ្ងៃចន្ទ លោក​នា​យក​​រដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាឧទាហរណ៍ថា ប្រសិន​បើ​ច្បាប់​ស្តី​ពី«​ដំណើរការ​ប្រជាធិបតេយ្យនៅកម្ពុជា»ត្រូវបាន​ឆ្លង​ផុត​ព្រឹទ្ធសភា និង​ប្រធានាធិបតីអាមេរិកមែន ក៏វាមិនប៉ះពាល់​អ្វីដល់​ប្រជា​ជន​ខ្មែរ​ជិត​១៦​លាននាក់ឡើយ។

​បើតាម​លោក ហ៊ុន សែន ច្បាប់​នេះ​ នឹង​ប៉ះពាល់​តែ​លើ​មន្រ្តី​របស់​លោក​យ៉ាង​ច្រើន​ណាស់​១០០នាក់​តែប៉ុណ្ណោះ។ តែលោកមិនជឿថា មន្រ្តី​របស់លោក និង​កូនៗរបស់​លោក គឺលោកស្រី ហ៊ុន ម៉ាលី និង​លោក ហ៊ុន ម៉ានិត មានលុយ​រាប់រយលាន​ដុល្លារ​រក្សាទុក​នៅក្រៅប្រទេសឡើយ ខណៈដែល​លោក​បង្ហើបថា គឺមានតែកូន​របស់​លោក អ៊ិត ប្រាង រដ្ឋលេខាធិការ​​​ក្រសួងរ៉ែ និងថាមពល ​ប៉ុណ្ណោះ ដែលមានចំការទំពាំងបាយជូនៅអាមេរិក។

នៅខណៈដែលច្បាប់នេះ​មិនទាន់​អាចប្រើ​ប្រាស់បាននៅឡើយ តែលោក ហ៊ុន សែន បានជំរុញ​ឲ្យ​អាមេរិកពន្លឿន​ការ​រឹបអូសប្រាក់​របស់​កូនៗលោក និង​ប្រាក់​របស់​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​មួយចំនួនទៀត ប្រសិន​បើ​ពួកគេ​មានលុយ​ចាយ​មិន​អស់ ហើយ​យក​ទៅ​ផ្ញើទុក​នៅក្រៅ​ប្រទេសមែននោះ។

សូមរំឭកថា សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ឬសភា​ជាន់​ទាប កាល​ពីថ្ងៃទី១៦​កក្កដា បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា ឬH.R. 526។ ខ្លឹម​សារ​នៃ​ច្បាប់​នេះ នឹង​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ជាន់​ខ្ពស់​នៅ​កម្ពុជា​ដែល​ស្និទ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​គេ​សំដៅ​ដល់​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​។

ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជឿថា ច្បាប់នេះនឹង​មិនអាច​ចេញរួចឡើយ ដោយ​លោក​អះអាងថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹងមិន​ល្ងង់​រុញ​កម្ពុជា​ចេញ​ទំនាក់ទំនង​របស់​​ខ្លួន​​ទេ។
សូម​បញ្ជាក់​ថា សេចក្តី​ស្នើ​ច្បាប់​នេះ ត្រូវ​បាន​ខក​ខាន​អនុម័ត​ម្តង​ហើយ កាល​ពី​ចុង​ឆ្នាំ២០១៨ ដោយ​សារ​តែ​សភា​អាមេរិក​ឈប់​សម្រាក។ យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្នើ​ច្បាប់​ដែល​មាន​ខ្លឹមសារ​ដាក់​ទណ្ឌ​កម្ម​លើ​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ពេល​នេះ គឺត្រូវ​ឆ្លងកាត់​សភាជាន់​ខ្ពស់​ឬ​ព្រឹទ្ធ​សភា​អាមេរិក​មួយ​ជំហាន​ទៀត មុន​នឹង​បញ្ជូន​ទៅ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​ការ​ចុះ​ហត្ថលេខា​ដាក់​ឲ្យប្រើជាផ្លូវការ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ