អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដោះ​លែង​អ្នក​ទោស ដោយ​សារ​សម្ពាធ​ពីអន្តរ​ជាតិ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បង្ខំ​ចិត្ត​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​សារ​តែ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ភ្លាមៗ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ឲ្យ​អ្នក​ណា​និយាយ​ថា ការ​ស្នើ​ដោះ​លែង​អ្នក​ទោស ធ្វើ​ឡើង​ដោយ​សារ​តែ​ការ​គាប​សង្កត់​ពី​សហគមន៍​អន្តរ​ជាតិ​ឡើយ​។

​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន  និង លោក សម រង្ស៊ី
​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី @សហការី
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​សរសេរ​សារ តាម​បណ្តាញ​សង្គម​របស់​លោក​កាល​ពី​យប់​ថ្ងៃទី​២៣ សីហា ថា ដោយ​សារ​តែ​លោក ហ៊ុន សែន ទាល់​ច្រក ក្រោយ​ពី​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ ថ្ងៃ ២៩ កក្កដា កន្លង​ទៅ​នេះ និង​ដោយ​សារ​តែ​សម្ពាធ​ពី​សហគមន៍​អន្តរ​ជាតិ ដែល​ដក​ភាព​ស្រប​ច្បាប់​ពី​រដ្ឋាភិបាល​របស់​គាត់ ហើយ​ត្រៀម​ដាក់​ទណ្ឌកម្ម កាន់​តែខ្លាំង​ឡើងៗ មក​លើ​របប​ផ្តាច់​ការ​របស់​គាត់ លោក ហ៊ុន សែន ត្រូវ​បង្ខំ​ចិត្ត​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

ការ​អះអាង​របស់​លោក សម រង្ស៊ី បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ថា​លោក​គ្រោង​ស្នើ​សុំ​លើក​លែង​ទោស​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ឆ្នាំ​នេះ​។ ប៉ុន្តែ​លោក​មាន​លក្ខខណ្ឌ​មួយ​ទៅ​កាន់​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំង​អស់ គឺ​កុំ​និយាយ​ថា គម្រោង​ស្នើ​លើកលែង​ទោស​នេះ​កើត​ចេញ​ពី​ការ​គាប​សង្កត់​ពី​សហគមន៍​អន្តរ​ជាតិ​ឲ្យ​សោះ​។ លោក​អះអាង​ថា លោក​ស្អប់​ពាក្យ​នេះ​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​ព្រ​មាន ពួក​គេ​ទាំង​នោះ ជា​ពិសេស​លោក សម រង្ស៊ី តែ​ម្តង​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​ទាំង​អស់​នេះ​មក​លើ​រូប​លោក​។

លោក សម រង្ស៊ី សរសេរ​លើ​បណ្តាញ​សង្គម​ឆ្លើយ​តប​ទៅ​លោក ហ៊ុន សែន ថា ក្រៅ​ពី​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ លោក ហ៊ុន សែន ត្រូវ​បំពេញ​ថែម​នូវ​លក្ខខណ្ឌ ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប​មាន​សិទ្ធិ​ធ្វើ នយោបាយ ផ្តល់​តំណែង​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​អតីត​គណបក្ស​នេះ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ជា​ដើម។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា គម្រោង​ស្នើ​លើក​លែង​ទោស​នេះ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សហគមន៍អន្តរ​ជាតិ​ណា​មួយ​ឡើយ​។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​បំណង​ដែល​កើត​ចេញ​ពី​ចិត្ត​ធម៌​របស់​លោក ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ឲ្យ​ពួក​គេ​បាន​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើង​វិញ។ លោក​នាយករដ្ឋ​មន្ត្រី​ក៏​បាន​អះអាង​ឲ្យ​ដឹង​ដែរ​ថា មនុស្ស​ទាំង​១២​នាក់ ដែល​ទំនងលោក​ចង់​សំដៅ​ទៅ​លើ​សកម្ម​ជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​សរសេរ​លិខិត​សុំទោស​រូបលោក​រួច​រាល់​ហើយ​។

សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី ប្រសិន​មាន​អ្នក​ណា​មួយ​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ថា ការ​ស្នើ​លើក​លែង​ទោស​របស់​លោក​នេះ បណ្តាល​មក​ពី​សម្ពាធ​ពី​បរទេស​នោះ លោក​នឹង​មិន​ទាន់​ធ្វើ​ការ​ស្នើ​នោះ​ទេ ពោល​គឺ​លោក​នឹង​ទុក​ពេល​ឲ្យ​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​១២​នាក់ ធ្វើ​លិខិត​ថ្កោល​ទោសដល់​អ្នក​ហ៊ាន​និយាយ​បែប​នេះ​ជា​មុន​សិន ទើប​លោក​ព្រម​ស្នើ​លើក​លែង​ទោស​ដល់​ពួក​គេ​។

សូម​ជម្រាប​ជូន​ថា សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ទាំង​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​៧ឆ្នាំ​ទៅ ២០​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ចូល​រួម និង​ដឹក​នាំកុប្បកម្ម​រំដោះ​ទីលាន​ប្រជាធិប​តេយ្យ ដែល​បាន​ធ្វើ​ឡើង​កាលថ្ងៃទី ១៥ ខែ​កក្កដា ​ឆ្នាំ២០១៤​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ