អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន​ថា វត្តមាន​វិនិយោ​គិន​ចិន​ជា​ភ័ព្វ​សំណាង​របស់​កម្ពុជា​និង​ប្រកាស​ថ្កោល​ទោស​អ្នក​រិះ​គន់​

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ នៅ​យប់​មិញ​នេះ បាន​ប្រកាស​បិទ​បញ្ចប់​ប្រតិបត្តិ​ការ​រុករក និង ជួយ​សង្រ្គោះ​ជន​រងគ្រោះ​ដោយ​សារ​តែ​ការ​បាក់​រលំ​អាគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ តុល្យការ​ចុង​ក្រោយ មាន​អ្នក​ស្លាប់​ចំនួន​២៨ នាក់ និង រង​របួស​ចំនួន​២៦​នាក់​។ ពី​កន្លែង​បាក់​រលំ​អាគារ លោកហ៊ុន សែន បាន​ថ្លែង​ការពារ​ការ​វិនិយោគ​របស់​ចិន​ដោយ​អះអាង​ថា វត្ត​មាន​របស់​វិនិយោគិន​ចិន ជា​ភ័ព្វ​សំណាង​របស់​កម្ពុជា និង បាន​ប្រកាស​ថ្កោល​ទោស​អ្នក​រិះគន់​ដែល​បាន​ចោទ​រដ្ឋា​ភិបាល​កម្ពុជា​ថា ជា​អាយ៉ង​របស់​ចិន​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់ទីកន្លែងកើតហេតុ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់ទីកន្លែងកើតហេតុ @សហការី
ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​តប​នឹង​សំណួ​របស់​អ្នក​កាសែត​នៅ​ក្នុង​សន្និសិទ​កាសែត​បិទ​បញ្ចប់​ប្រតិបត្តិ​ការ​រុក​រក​ជន​រង​គ្រោះ​ដោយ​សារ​ការ​បាក់​អាគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​លើក​ឡើង​ថា​បញ្ហា​បាក់​អា​គារ​នេះ​ត្រូវ​ក្រុម​ប្រឆាំង​យក​ទៅ​ធ្វើ​ជា​បញ្ហា​នយោបាយ ដើម្បី​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ​របស់​ចិន​។ ប៉ុន្តែ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​អះអាង​ថា បើ​ទោះ​អ្នក​វិនិយោគ​បរទេស​ណា​ក៏​ដោយ​ពេល​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ហើយ​ជួប​ឧប្បត្តិហេតុ​បែប​នេះ គឺ​ដូច​តែ​គ្នា​ទេ​។ ដូច​នេះ​ហើយ លោក​ប្រាប់​កុំ​ឱ្យ​រិះគន់​ទៅ​លើ​វិនិយោគិន​ចិន ព្រោះ​បើ​តាម​លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​គឺ​ថា​នៅ​ពេល​នេះ​ប្រទេស​ណា​ក៏​គេ​ចង់​បាន​ការ​វិនិយោគ​របស់​ចិន​ដែរ ហើយ​កម្ពុជា​មាន​ភ័ព្វ​សំណាង​ដែល​ទាញ​បាន​វិនិយោគិន​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

ការ​លើក​ឡើង​របស់​លោក​ហ៊ុន​ សែននេះ​ ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​រិះ​គន់​មួយ​ចំនួន​បាន​បរិហារ​ទៅ​លើ​អ្នក​វិនិយោគ​របស់​ចិន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ថា មិន​បាន​គោរព​ច្បាប់​របស់​កម្ពុជា​ទើប​បណ្តាល​ឱ្យ​ជន​ជាតិ​ខ្មែរ​រង​គ្រោះ​ស្លាប់ និង របួស​ជា​ច្រើន​នាក់​បែប​នេះ​។ ប៉ុន្តែ អ្វី​ជា​ការ​កត់​សម្គាល់ ការ​រិះគន់​លើ​ការ​វិនិយោគ​របស់​ចិន​នេះ មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​នោះ​ទេ​។ កន្លង​មក មាន​ទាំង​ក្រុម​អតីត​បក្ស​ប្រឆាំង អ្នក​វិភាគ ព្រម​ទាំង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ជា​ពិសេស អ្នក​និយម​លេង​បណ្ដាញ​សង្គម​តែ​ម្តង​បាន​រិះគន់​ថា ចិន​កំពុង​ធ្វើ​អាណានិគម​លើ​កម្ពុជា រដ្ឋា​ភិបាល​កម្ពុជា​កំពុង​លក់​ដី​ឱ្យ​ចិន និង កំពុង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ជា​ដើម​។

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​រិះគន់​នេះ ដោយ​បាន​ប្រកាស​ថ្កោល​ទោស​អ្នក​ទាំង​នេះ​ដែល​បាន​យក​ការ​វិនិយោគ​របស់​ចិន​មក​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា ជា​អាយ៉ង​របស់​ចិន​។ សម្រាប់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន អ្នក​ដែល​រិះគន់​បែប​នេះ​គឺ​ជា​អ្នក​ដែល​មិន​ចង់​ឃើញ​កម្ពុជា​មាន​ភាព​រីក​ចម្រើន ខណៈ​ដែល​លោក​បង្ហាញ​ថា ការ​វិនិយោគ ​និង ភ្ញៀវ​ទេសចរ​ចិន បាន​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​ស្រុក​។

ហេតុ​ដូច្នេះ​ហើយ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អំពាវ​នាវ​កុំ​ឱ្យ​យក​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នេះ ធ្វើ​ជា​បញ្ហា​ធំ​បំផ្លាញ​នូវ​ទំនាក់​ទំនង​រវាង​កម្ពុជា និង ចិន និង បំផ្លាញ​បរិយាកាស​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​។ លោក​នាយក​រដ្ឋ​មន្រ្តី បាន​សង្កត់​ធ្ងន់​ថា បើ​អ្នក​វិនិយោគ​ចិន​ធ្វើ​ខុស គឺ​ត្រូវ​ចាត់​ការ​តាម​ច្បាប់​របស់​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ