អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក​ហ៊ុន សែន​ថា លោក​ជា​អ្នក​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​២៣​តុលា ខណៈ​ការ​បក​លើ​ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ នៅ​មាន​ភាព​ចម្រូង​ចម្រាស់​

នៅ​ថ្ងៃ​ទី​២៣​តុលា​ម្សិលមិញ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បាន​លើក​យក​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ទៅ​បក​ស្រាយ​ ចំពោះ​មុខ​សហគមន៍​ខ្មែរ​រស់​នៅ​ទ្វីប​អឺរ៉ុប នា​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ ពោល គឺ​ចំ​ខួប​គំរប់​២៧​ឆ្នាំ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ថា រូប​លោក​ គឺ​ជា​អ្នក​ជំរុញឱ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​កម្ពុជា​។ 

លោកហ៊ុន សែនថា លោកជាអ្នកជំរុញឲ្យមានកិច្ចព្រមព្រៀងក្រុងបារីស២៣តុលា
លោកហ៊ុន សែនថា លោកជាអ្នកជំរុញឲ្យមានកិច្ចព្រមព្រៀងក្រុងបារីស២៣តុលា @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​អង្គារ ទី២៣ ខែ​តុលា ចំ​ខួប​២៧ ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ លោក ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​កម្ពុជា បាន​រំឮក​ពី​ការ​ចាប់​កំណើត​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នេះ​ឡើង ​គឺ​ផ្ដើម​ចេញ​ពី​ជំនួប​រវាង​ សម្ដេច​ព្រះ​នរោត្តម សីហនុ និង​រូប​លោក ទោះ​បី​ជា​ក្រុម​ភាគី ខ្មែរ​ក្រហម និងក្រុមលោក សឺន សាន កាល​ពី​ដំបូង​ឡើយ មិន​ចង់​ឲ្យ​មាន​ការចរចា​ក៏​ដោយ​។

២៧ ឆ្នាំមុន ពោល​គឺ​នៅ​ថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១ ភាគី​ទាំង​៤​របស់​កម្ពុជា រួមមាន លោកហ៊ុន សែន ចលនា​តស៊ូ​ហ៊្វុនស៊ីនប៉ិច​របស់​សម្តេច​នរោត្តម សីហនុ រណសិរ្ស​សង្គ្រោះ​ជាតិ លោកសឺន សាន និង​ក្រុម​ចលនា​ខ្មែរក្រហម ​បាន​ឈាន​ទៅ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព ក្រោម​វត្តមាន​សាក្សី​ដែល​មក​ពី​១៨​ប្រទេស និង​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​។ ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ មាន​គោល​ដៅ​បី គឺទី​១៖ រៀប​ចំ​ឱ្យសន្តិភាព តាម​រយៈ​បទ​ឈប់​បាញ់ និង​រំសាយ​អាវុធ​ក្នុង​ជួរ​ទ័ពនៃ​ភាគី​ជម្លោះ។ ទីពីរ៖ ចាក់​គ្រឹះ​លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា តាម​រយៈ​ការ​រៀប​ចំ​បោះ​ឆ្នោត។ និង​ទី​បី៖ ការ​ការពារ​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រទេស​ពេញសិទ្ធិ​។

តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ ​កម្ពុជា បាន​រៀបចំ​ការបោះឆ្នោត​លើកដំបូង​កាលពី​ឆ្នាំ ១៩៩៣ ក្រោម​ការរៀបចំ​របស់​អង្គការ​សហ​ប្រជាជាតិ​។ ក្រៅពី​ការបោះឆ្នោត កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ក៏មាន​ចែង​ដែរ​អំពី​ការធានា​ឱ្យ​កម្ពុ​ជាមាន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស មានការ​គោរព​សិទ្ធិមនុស្ស និង​មាន​អធិបតេយ្យភាព បូរណភាព​ទឹកដី​ដែល​គ្មាន​អ្នកណា​អាច​បំពាន​បានជា​ដើម។

យ៉ាង​ណា​ក៏​ដោយ​ រហូត​មក​ទល់​ពេល​នេះ អ្នក​នយោបាយ​ខ្មែរ​នៅតែ​បក​ស្រាយ​ផ្សេង​គ្នា​លើខ្លឹមសារនៃកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ។ ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ លោក ហ៊ុន សែន លើក​ឡើង​ថា បើ​កាល​ណោះ ​លោក​មិន​យល់​ព្រម​ទេ ក៏​កិច្ច​ព្រមព្រៀង​នេះ មិន​អាចប្រសូត​ចេញ​បាន​ឡើយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​កិច្ច​ព្រម​ព្រៀងនេះ ​ថាមាន​តម្លៃ​ជា​ប្រវត្តិសាស្រ្ត និង​មរតក​របស់​លោក​ ក្នុង​ចំណោម​មរតក​ជា​ច្រើន​ទៀត រួមមាន ​ការ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​ឆ្នាំ​១៩៧៩​ និង​ការ​ចរចា​​បញ្ចប់​សង្រ្គាម​ស៊ីវិល​បាន​ទាំង​ស្រុង​ជា​មួយ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៩៨​។ លោក ហ៊ុន សែន ក៏​ឆ្លៀត​រំឭក​ពីការ​ជ្រោម​ជ្រែង​ពី​បរទេស និង​ឥស្សរជន​ខ្មែរ​មួយ​ចំនួន ក្នុង​នោះ ​លោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​លីកាដូ ក្នុង​ការ​ទាក់ទង​ជាមួយ​សម្តេច​ព្រះនរោត្តម សីហនុ ​ពេលចរចា​នៅ​ទីក្រុង​ប៉ារីស​។

សម្រាប់​អតីតគណបក្ស​ប្រឆាំង ​និង​អ្នក​វិភាគ​មួយ​ចំនួន​ ការ​រំលាយ​គណ​បក្ស​សង្រ្គោះជាតិ​ គឺ​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ ​និង​រំលោភ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស។ ក្រោមហេតុផលនេះ ​អ្នក​នយោបាយ​នៃ​អតីត​គណ​បក្ស​សង្រ្គោះជាតិ ធ្លាប់​បាន​ស្នើ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស កោះ​ប្រជុំ​ឡើង​វិញ​ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន ។​ ប៉ុន្តែ​ លោក ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗហើយថា ស្មារតី​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែលរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ​កំពុង​អនុវត្ត​តាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ