អានតួអត្ថបទ
កម្ពុជា-ព្រំដែន

លោក​ហ៊ុន សែន ទុក​ពេល​ឲ្យ​ឡាវ​៦​ថ្ងៃ​ដក​កង​ទ័ព​ចេញ​ពី​ដី​ខ្មែរ​ដោយ​ឥត​លក្ខខណ្ឌ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ខ្លាំងៗ​ឲ្យ​ប្រទេស​ឡាវ​ដក​កង​កម្លាំង​ប្រដាប់​អាវុធ របស់​ខ្លួន​ចេញ​ពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​តំបន់​អូអាឡៃ ខេត្ត​ស្ទឹងត្រែង ដែល​កាល​កំណត់​ត្រឹម​ថ្ងៃ​ទី​១៧​សីហា​ខាង​មុខ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​លោក​ជា​អធិបតី​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​តំណែង​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅ​វិមាន​សន្តិភាព។

លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​
លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

«សម្លេង ហ៊ុន សែន »

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ​បាន​ធ្វើ​ឡើង​ខណៈ​ដែល ភាគី​ឡាវ​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ទាល់​តែ​សោះ ឆ្លើយ​តប​នឹង​សំណើ​របស់​កម្ពុជា ដែល​ស្នើ​ឲ្យ​ទាហាន​ឡាវ​ដក​ចេញ​ពី​ទឹក​ដី​កម្ពុជា​នៅ​ចំណុច​ព្រំដែន​ខេត្ត​ស្ទឹងត្រែង។

កាល​ពី​ថ្ងៃ​ទី​២​សីហា ក្នុង​នាម​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលន់ ស៊ីសូលីត ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ​ដក​កង​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​អូរអាឡៃ និង​តំបន់​អូរតាងាវ ព្រំដែន​ខេត្ត​ស្ទឹងត្រែង​កម្ពុជា​និង​ខេត្ត​អាតាពើឡាវ។

នៅ​ក្នុង​លិខិត​លោក​ហ៊ុន សែន បញ្ជាក់​ថា​ទាហាន​ឡាវ ពិត​ជា​បាន​រំលោភ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​កម្ពុជា​នៅ​តំបន់​នោះ​ប្រាកដ​មែន តាម​ឧបសម្ព័ន​១។ ការ​បញ្ជាក់​ដូច្នេះ បន្ទាប់​ពី​លោក​និង​នាយក​រដ្ឋមន្ត្រី​ឡាវ បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា​កន្លង​ទៅ​នៅ​ទីក្រុង​ភ្នំពេញ​ និង​បាន​ឯកភាព​គ្នា​ពី​ការ​ចុះ​ទៅ​មើល​ជាក់​ស្តែង​របស់​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ពោល​គឺ​ភាគី​កម្ពុជា​បាន​ផ្អាក​ការ​ធ្វើ​ផ្លូវ​នៅ​តំបន់​នោះ តែ​ឡាវ​នៅ​មិន​ទាន់​ដក​កង​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​ទឹក​ដី​កម្ពុជា​នៅ​ឡើយ។

ហេតុ​ដូច្នេះ​ហើយ ក្រៅ​ពី​ធ្វើ​ការ​ពន្យល់​ដល់​នាយក​រដ្ឋមន្ត្រី​ឡាវ ចំនួន​៣​ទំព័រ​ស្តីពី​ជំរើស​ព្រំដែន​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ ពី​ការ​កំណត់​ព្រំដែន ពី​និយាម​ការ​និង​ខ្នាត​ផែន​ទី​បោន​១/១០០ ០០០ និង​ចំណង​មិត្តភាព​ជា​ប្រពៃណី លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​បង្ហាញ​ប្រតិកម្ម​ខ្លាំងៗ​ជា​សារ​សម្លេង​នៅ​ថ្ងៃ​នេះ​បន្ថែម​ទៀត។ ប្រតិកម្ម​ដ៏​ខ្លាំង​ក្លា​នេះ​ គឺ​ជា​ការ​អំពាវនាវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ឡាវ ដក​កង​ទ័ព​ចេញ​ពី​តំបន់​នោះ​ដោយ​ឥត​លក្ខខណ្ឌ ដោយ​លោក​បញ្ជា​ទាហាន​រួច​ហើយ ឲ្យ​ត្រៀម​លក្ខណៈ​ប្រយុទ្ធ និង​ជំរើស​មួយ​ទៀត​បបួល​ឡាវ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ។

សូម​បញ្ជាក់​ថា កម្ពុជា​និង​ឡាវ​មាន​ព្រំដែន​គោក​ជាប់​គ្នា​ចំនួន​៥៤០​គីឡូម៉េត្រ និង​បាន​បោះ​បង្គោល​ព្រំដែន​ចំនួន​១២១ លើ​ចំនួន​សរុប​១៤៥​បង្គោល គឺ​នៅ​សល់​១៤%​ទៀត​ប៉ុណ្ណោះ ដែល​ប្រទេស​ទាំង​ពីរ​កំពុង​បន្ត​ការ​ចរចា​ដោះ​ស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ