អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ភ្នំពេញ គណបក្ស​ធំ​ពីរ បង្អួត​សាច់ដុំ​ដាក់​គ្នា

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្អួត​សាច់ដុំ​ដាក់​គ្នា នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​ ២ មិថុនា​នេះ។ ក្នុង​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹក​នាំ​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​ជា​លើក​ដំបូង ខណៈ​ដែល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹក​នាំ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង​ចូល​ទីក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃនេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឃោសនា​បោះឆ្នោត។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឃោសនា​បោះឆ្នោត។ @REUTERSSamrang Pring
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ភ្នំពេញ ហាក់​មាន​សភាព​អ៊ូអរ​ខ្លាំង នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​២ មិថុនា​នេះ។ នៅ​លើ​កំណាត់​ផ្លូវ​ព្រះ​មុនីវង្ស ពោល​គឺ​ចាប់​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ភ្នំពេញ រហូត​មក​ដល់​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វារ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង គឺ​ពោរ​ពេញ​ទៅ​ដោយ​សមាជិក-សមាជិកា និង​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច។ ពួក​គេ​បាន​ឈរ​នៅ​អម​សង​ខាង​ផ្លូវ​ដោយ​ដៃ​មាន​កាន់​ទង់​ជាតិ និង​ទង់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រង់ចាំ​ការ​មក​ដល់​នៃ​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​មាន​ការ​ប្រគុំ​តន្ត្រី​កំដរ​ផង។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ដឹក​នាំ​ក្បួន​ឃោសនា​របស់​គណបក្ស​កាន់​អំណាច ចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក។ លោក ហ៊ុន សែន បាន​ឈរ​នៅ​លើ​រថយន្ត​ទ្រុង​មួយ​គ្រឿង អម​ដោយ​មន្ត្រី​គ្រាក់ៗ​របស់​លោក ក្នុង​នោះ ក៏​គេ​ឃើញ​មាន​តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស គឺ លោក ព្រាប សុវត្ថិ និង​លោក​ឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​ត្រូវ​ជា​ម្ចាស់​ក្រុមហ៊ុន​ទូរស័ព្ទ Mobitel និង​ទូរទស្សន៍ CTN ផង​ដែរ។ ក្បួន​ឃោសនា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​អម​ដោយ​ឧទ្ធម្ភាគច្រក​មួយ​គ្រឿង ហោះ​ឆ្វែល​ពី​លើ​អាកាស​ផង​នេះ មាន​អ្នក​ចូល​រួម​ជាង​២០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លើស​ពី​ការ​គ្រោង​ទុក។ នៅ​ក្នុង​ក្បួន​ឃោសនា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់​ក្បាល​ម៉េ​ក្រូ ដោយ​ស្រែក​ឃោសនា​ក្នុង​សារ​នយោបាយ​ខ្លីៗ​ថា “សូម​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ “បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍន៍។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ហាក់​មាន​សភាព​អ៊ូអរ​ខ្លាំង​ជាង​ថ្ងៃ​ធម្មតា។ អ៊ូអរ ដោយ​សារ​តែ​នៅ​ថ្ងៃ​នេះ មិន​មែន​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មួយ​ទេ ដែល​បាន​ហែ​ក្បួន​ជា​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​គូ​ប្រជែង​ដ៏​ស្រួច​ស្រាល់​របស់​គណបក្ស​កាន់​អំណាច ក៏​បាន​ជួប​ជុំ​អ្នក​គាំទ្រ​ជាង​៥​ម៉ឺន​នាក់ នៅឯ​វត្ត​ពោធិ​យ៉ា​រ៉ា​ម ហៅ​វត្ត​ចាស់ ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ដង​ទន្លេសាប​ផងដែរ។ គណបក្ស​ប្រឆាំង ដែល​ដឹក​នាំ​ក្បួន​ដោយ​លោក កឹម សុខា ប្រធាន​គណបក្ស គ្រោង​ដង្ហែ​ក្បួន​ចូល​ទីក្រុង​ភ្នំពេញ​នៅពេល​រសៀល​ថ្ងៃ​នេះ។

អ្វី​ជា​ការ​កត់​សំគាល់ គណបក្ស​ធំៗ​ពីរ ហាក់​បាន​បង្អួត​កម្លាំង​ដាក់​គ្នា​នៅ​ថ្ងៃ​ចុង​ក្រោយ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត រយៈ​ពេល​២​សប្តាហ៍​មក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ