អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន ស្នើ​ឲ្យ​ជប៉ុន​ជួយ​កែ​ច្នៃ​សំរាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​៨​ខែ​សីហា​នេះ បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ឲ្យ​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​កែ​ច្នៃ​សំរាម ដែល​ជា​បញ្ហា​ដ៏​ប្រឈម​មួយ​ជា​ពិសេស​នៅ​ទី​ក្រុង​ភ្នំពេញ។ ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន ដូច្នេះ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​និង​គណៈប្រតិភូ​កម្ពុជា កំពុង​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ចាប់​ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៩​សីហា។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​កែ​ច្នៃ​សំរាម SHIN-KOTO INCINERATION PLAN ដែល​គ្រប់​គ្រង​ដោយ អាជ្ញាធរ​សម្អាត​ទីក្រុង​តូក្យូ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ពី​បំណង​ចង់​ឲ្យ​មាន​រោង​ចក្រ​កែ​ច្នៃ​សំរាម​ទំនើប​ដូច​នៅ​ជប៉ុន។ រោងចក្រ​កែ​ច្នៃ​ទំនើប​បើ​តាម​ការ​រៀប​រាប់​របស់​លោក​ហ៊ុន សែន នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​គឺ ជា​រោងចក្រ​ដែល​មាន​កំពស់​៦​ជាន់ បំពាក់​ដោយ​ម៉ាស៊ីន​កិន​កម្ទេច​សំរាម ហើយ​បែង​ចែក​ទៅ​តាម​ប្រភេទ​សំរាម​នីមួយៗ ដែល​ផលិត​ចេញ​ជា​វត្ថុ​សម្រាប់​ប្រើ​ប្រាស់​បាន​ឡើង​វិញ។

លោក​នាយក​រដ្ឋមន្ត្រី​សរសេរ​បន្ថែម​ថា កាក​សំណល់​មួយ​ចំនួន​គឺ​យក​ទៅ​ធ្វើ​ជី និង​បំលែង​ទៅ​ជា​ថាមពល​អគ្គិសនី​សម្រាប់​ប្រើ​ប្រាស់​ផង​ដែរ។ ជាមួយ​គ្នា​នេះ លោក​ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​ភាគី​ជប៉ុន​សិក្សា​ជា​មួយ​អ្នក​ជំនាញ​កម្ពុជា អំពី​ការ​កែ​ច្នៃ​សំរាម នៅ​ភ្នំពេញ ដោយ​លោក​យល់​ថា​សំរាម​គឺ​ជា​បញ្ហា​ចំបង​ធំ​ទី​២ បន្ទាប់​ពី​បញ្ហា​ចរាចរណ៍​នៅ​ក្នុង​រាជធានី។

ជា​ទូទៅ​សំរាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ ការ​ប្រឈម​នឹង​បញ្ហា​សំរាម​កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ​ទៅៗ ខណៈ​ដែល​ទីក្រុង​មាន​កំណើន​មនុស្ស​រាប់​លាន​នាក់ ដែល​ជាមួយ​កំណើន​មនុស្ស​នេះ កាក​សំណល់ សំរាម​ក៏​មាន​ការ​កើន​ឡើង​ដែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

បច្ចុប្បន្ន សាលា​រាជធានី​ភ្នំពេញ​ក៏​កំពុង​តែ​សិក្សា​ពី​លទ្ធភាព​កែ​ច្នៃ​សំរាម​ជា​ថាមពល​អគ្គិសនី​ផង​ដែរ ដោយ​បរិមាណ​សំរាម​ក្នុង​១​ថ្ងៃ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា មាន​ជាង​២​ពាន់​តោន។ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ជម្រុញ​ខ្លាំង​ក្លា​លើ​ការ​គ្រប់​គ្រង​សំរាម​នេះ ពោល​គឺ​ទាំង​ការ​សំអាត ប្រមូល ការ​ដឹក​ជញ្ជូន​និង​កែ​ច្នៃ ដើម្បី​បង្កើន​សោភ័ណ្ឌភាព​ទីក្រុង និង​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​សំរាម​តាម​រយៈ​គម្រោង​កែ​ច្នៃ​សំរាម​ជា​សរីរាង្គ ឬ​ទាញ​យក​ហ្គាស​និង​អគ្គិសនី​ជា​ដើម។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ