អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក​ ហ៊ុន ​សែន​ថា ​លោក​កំពុង​រង់​ចាំ​ចាប់​ខ្លួន ​លោក ​សម ​រង្ស៊ី ​ដាក់​គុក​យ៉ាង​អន្ទះ​សារ​

ថ្លែងនៅ​ក្នុង​វេទិកា​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ កម្មការិនី​ក្នុង​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​នឹង​ដំណឹង​នៃ​ការ​ចង់​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី នា​ពេល​ខាង​មុខ​។ បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី លោក​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ ដើម្បី​បាន​ចាប់​ខ្លួន​លោក​សម រង្ស៊ី បញ្ចូល​ទៅ​ក្នុង​ពន្ធនាគារ តាម​សាល​ក្រម​របស់​តុលាការ​។ 

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​បង្ហើរ​ទៅ​កាន់​លោក​សម រង្ស៊ី ថា លោក​កំពុង​តែ​រង់​ចាំ គឺ​រង់​ចាំ​យ៉ាង​អន្ទះសារ​តែ​ម្តង ដើម្បី​បាន​ជួប និង​ចាប់​បញ្ជូន​លោក​សម រង្ស៊ី​បញ្ចូល​ទៅ​ក្នុង​ពន្ធនាគារ​តាម​សាល​ក្រម​របស់​តុលាការ​។ លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ផង​ដែរ ថា លោកស ខេង រដ្ឋ​មន្រ្តី​ក្រសូង​មហាផ្ទៃ បាន​ទទួល​សាល​ក្រម​ពី​តុលា​ការ ដើម្បី​ចាប់​ខ្លួន​លោក​សម រង្ស៊ីហើយ នៅ​ពេល​ណា​ដែល​លោកសម រង្ស៊ី មក​ដល់​ប្រទេស​កម្ពុជា​។

ប្រតិកម្ម​ឆ្លើយ​តប​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​នា​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ពី​ក្រៅ​ប្រទេស បាន​សម្រេច​ឲ្យ លោក​សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នា​ពេល​ខាង​មុខ​នេះ តែ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​នៅ​ឡើយ​។ មិន​ទាន់​កំណត់​កាល​បរិច្ឆេទ ក៏ព្រោះថា គេត្រូវការពេលវេលារៀបចំផែនការឲ្យបានច្បាស់​លាស់សិន ដោយក្នុង​នោះ រួម​មាន​ការ​អម​ដំណើរ​លោក​សម រង្ស៊ី ពី​សំណាក់​មិត្តភក្តិ​បរទេស ការ​ត្រៀម​កម្លាំង​មនុស្ស​មក​ទទួល និង​ត្រៀម​វិធាន​ការ​ផ្សេងៗ ដើម្បី​ទប់​ទល់​ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក​សម រង្ស៊ី ពេល​មក​ដល់​ប្រទេស​កម្ពុជា​។

លោក​ហ៊ុន សែន បាន​ពន្យុះ​ឲ្យ​ក្រុម​ការងារ​របស់​អតីត​បក្ស​ប្រឆាំង បន្ត​រៀប​ចំ​ផែន​ការ​ដែល​គ្រោង​ទុក ដើម្បី​ត្រៀម​ទទួល​លោក​សម រង្ស៊ី។ ហើយ​ថា ទោះ​បី​មាន​អង្គការ​សហ​ប្រជា​ជាតិ​អម​ដំណើរ​មក​ជាមួយ​ក៏​ដោយ ក៏​លោក​នឹង​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​លើ​អតីត​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែរ​។ ប៉ុន្តែ​លោក​បាន​ថ្លែង​ទៅ​កាន់​សកម្មជន​អតីត​បក្ស​ប្រឆាំង​ផង​ដែរ ថា​កុំ​ចង់​មក​ជាប់​ពន្ធនាគារ​ជា​មួយ លោក សម រង្ស៊ី អី​។

សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ការ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់ លោក សម រង្ស៊ី ស្មើ​នឹង​ការ​រក​អុស​ប្រទះ​នឹង​ឈើ​ងាប់​ដូច្នេះ​ដែរ​។ នេះ ក៏​ព្រោះ​ថា លោក​សម រង្ស៊ី បាន​ប្រកាស​ពី​គម្រោង​វិល​ចូល​ស្រុក​វិញ ស្រប​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​កំពុង​ស្វែង​រក​ចាប់​ខ្លួន​លោក​ទៅ​តាម​សាល​ក្រម​របស់​តុលាការ​។ យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ដូច​ពេល​កន្លង​ទៅ​ដែរ ហាក់​មិន​មាន​ជំនឿ​ថា លោក​សម រង្ស៊ី ហ៊ាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ​។ មិន​តែ​ប៉ុណ្ណោះ លោក​ថែម​ទាំង​ប្រដូច លោក សម រង្ស៊ី ទៅ​នឹង​សត្វ​ឈ្លូស ដែល​ពូកែ​ខាង​រត់​គេច​ខ្លួន​នៅ​ពេល​មាន​បញ្ហា​ថែម​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ