rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ហ៊ុន សែន សម រង្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​លោក​នាយក​រដ្ឋ​មន្ត្រី បបួល​លោក សម រង្ស៊ី​ស្បថ​ដាក់​ជីវិត​រឿង​ចោទ​លោកថា​សម្លាប់​លោក​ហុក ឡង់ឌី​

media
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា @SPM page

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នាព្រឹក​ថ្ងៃទី៣ ខែមិថុនា នេះ​បាន​បបួល​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក​ សម រង្ស៊ី ស្បថ​ដាក់​ជីវិត ក្រោយ​ពី លោក សម រង្ស៊ី បាន​សរសេរ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចោទ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី។ លោក ហុក ឡង់ឌី ដែល​ជា​អតីត​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ស្លាប់ កាលពី​ឆ្នាំ​២០០៨​កន្លង​ទៅ​។


លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ​នា​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បាន​ថ្លែង​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​ហៅ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ថា​ជា​ឆ្កែ និង​បបួល​មក​ស្បថ​ឲ្យ​រន្ទះ​បាញ់ ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​លោក​សម្លាប់ លោក ហុក ឡង់ឌី​។ លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា “ពួក​ហ្អែង​មិន​ហ៊ាន​ស្បត​ទេ ព្រោះ​និយាយ​ខុស”។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បន្តថា លោក​ហ៊ាន​ស្បថ​ដាក់​ជីវិត និង​ក្រុម​គ្រួសារ​ទាំង​មូល​។

លោក សម រង្ស៊ី តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក កាល​ពីថ្ងៃទី២ ខែ​មិថុនា បាន​សរសេរ​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់ ហុក ឡង់ឌី តាម​រយៈ​ការ​ដាក់​គ្រាប់​បែក​ឲ្យ​ផ្ទុះ ក្នុង​ឧទ្ធម្ភាគ​ចក្រ (Helicopter) នៅ​ពេល​ដែល​កំពុង​តែ​ហោះ​ហើរ លើ​ខេត្ត​ស្វាយ​រៀង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨​កន្លង​ទៅ​។

សំណេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក សម រង្ស៊ី បាន​សរសេរ​ទៀត​ថា លោក ឌី វិជ្ជា សព្វ​ថ្ងៃ​ជា​អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ ជា​កូន​ប្រុស​ច្បង របស់លោក ហុក ឡង់ឌី ឥឡូវនេះ លោក ឌី វិជ្ជា ដឹង​ច្បាស់​ពី​ឃាតកម្ម លើ​បិតា​របស់​លោក ហើយ លោក ឌី វិជ្ជា កំពុង​តែ​គិត​គូរ​អំពី​ផែន​ការ​សង​សឹក បិតា​របស់​លោក​។

យ៉ាង​​ណា​ក៏​ដោយ ក្រៅ​ពី​បបួល​លោក សម រង្ស៊ី ស្បថ​ លោក នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ថ្លែង​បែប​ព្រមាន​ថា ការ​ធ្វើ​សកម្មភាព​កាន់​តែ​ខ្លាំង​ពី​ខាង​ក្រៅ​ស្រុក អាច​នឹង​ធ្វើ​ឲ្យ​ក្រុម​ជ្រុល​និយម​នៅ​ក្នុង​ស្រុក​កាន់​តែ​ពិបាក​ទៅ​វិញ​ទេ។ លោក​ហ៊ុន សែន អះអាង​ថា​ចលនា​ឧទ្ទាម​ណា​មួយ មិន​អនុញ្ញាត​ជា​ដាច់​ខាត ហើយ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​តែ​ធ្វើ​។

សូម​ជម្រាប​ជូន​ថា​នេះ​មិន​មែន​ជា​លើក​ទី១​ទេ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី​​ ​តែង​បបួល​គ្នា​ស្បថ ឬ​ភ្នាល់​គ្នា​។ កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​នយោបាយ​ចាស់​វស្សា​ទាំង​ពីរ បាន​ចេញ​មុខ​បបួល​គ្នា ភ្នាល់​លើ​ការ​ដោះលែង​លោ​ក កឹម ​សុខា។ កាល​ពី​ឆ្នាំ​២០១៨ លោក​ហ៊ុន​ សែន ក៏​បាន​បបួល​លោក​សម រង្ស៊ី​ស្បថ​ដាក់​ជីវិត​ជុំវិញ​រឿង​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត៕