អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោក ហ៊ុន សែន៖ ​ដើម្បី​សន្តិភាព​និង​ប្រជា​ធិបតេយ្យ ​អ្នក​កាសែត​ត្រូវ​ហ៊ាន​និយាយ​ការ​ពិត​

ថ្ងៃ​ទី០៣ ឧសភានេះ គឺ​ជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​លើក​ទី២៦​។ នៅ​កម្ពុជា ទិវា​សេរីភាព​សារ​ព័ត៌មាន​នៅ​ឆ្នាំ​២០១៩​នេះ ប្រារព្ធ​ធ្វើ​ក្រោម​ប្រធាន​បទ តួនាទី​ប្រកប​ដោយ​សក្កានុពល​របស់​សារព័ត៌មាន​ក្នុង​ការ​គាំទ្រ​សន្តិភាព និង ប្រជា​ធិបតេយ្យ​។ ដើម្បី​សន្តិភាព និង ប្រជា​ធិបតេយ្យ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​សារព័ត៌មាន​ទាំង​អស់ ហ៊ាន​និយាយ​ការ​ពិត​ពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម​។ 

រូបភាព៖ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​​នៅក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​លើក​ទី ​០៣ ​រវាងអ្នកកាសែតកម្ពុជាកាលពីពេលកន្លងទៅ
រូបភាព៖ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​​នៅក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​លើក​ទី ​០៣ ​រវាងអ្នកកាសែតកម្ពុជាកាលពីពេលកន្លងទៅ @facebook/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សារ​លិខិត​អប​អរ​សាទរ​ទិវា​សេរីភាព​សារព័ត៌មាន​សកល​លោក​លើក​ទី២៦ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អះអាង​ដូច្នេះ​ថា ដើម្បី​ឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រកប​ដោយ​សក្តា​នុពល​ក្នុង​ការ​គាំទ្រ​សន្តិភាព និង​ប្រជា​ធិបតេយ្យ គឺ​ទាម​ទារ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​អស់ ខិត​ខំប្រឹង​ប្រែង​បន្ត​ទៀត​នូវ​ការ​អភិវឌ្ឍ​សមត្ថភាព​យល់​ដឹង​របស់​ខ្លួន និង​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​វិជ្ជា​ជីវៈ​។ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​គូស​បញ្ជាក់​ដែរ​ថា អ្នកសារ​ព័ត៌មាន​ក៏​ត្រូវ​តែ​ក្លាហាន​ហ៊ាន​និយាយ​ការ​ពិត ធ្វើ​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា និង​ហ៊ាន​ទទួល​យក​ការពិត​ដើម្បី​ឱ្យ​ព័ត៌មាន​របស់​ខ្លួន​ក្លាយ​ជា​ព័ត៌មាន​ពិត ហើយ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​គ្រប់​តថភាព​សង្គម ដើម្បី​ចូល​រួម​ចំណែក​កសាង​សង្គម​មួយ​ឲ្យ​មាន​ភាព​យុត្តិធម៌ សុខ​សន្តិភាព និង​មាន​ការ​អភិវឌ្ឍ​។

លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ឆ្លៀត​ឱកាស​នេះ ដាស់​តឿន​ដល់​អ្នក​សារព័ត៌​ទាំង​អស់​ឱ្យ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្រម​សីលធម៌ វិជ្ជាជីវៈ ជៀស​វាង​ផ្សាយ​ព័ត៌មាន​តែ​មួយ​ជ្រុង ឬ​ក៏​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ជូន​ដល់​សាធារណ​ជន​។ ការ​ជំរុញ​ឱ្យ​អនុវត្ត​តាម​ក្រម​សីលធម៌​និង​វិជ្ជាជីវៈ​នេះ ក៏​ជា​អ្វី​ដែល​សមាគម​សារ​ព័ត៌មាន និង អ្នក​សារព័ត៌មាន​ជើង​ចាស់​តែង​តែ​ក្រើន​រំលឹក​និង​បន្ត​ជំរុញ​ដល់​អ្នក​កាសែត​ផ្សេង​ទៀត​ដែរ​។

សហភាព​សហព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា បាន​បន្ត​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​កាសែត​ធ្វើ​ការងារ​របស់​ខ្លួន​ដោយ​ឈរ​លើ​ភាព​ត្រឹម​ត្រូវ ស្មោះ​ត្រង់ សីលធម៌ វិជ្ជាជីវៈ សុច្ចរិត​ភាព និង ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា សម្រាប់​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ​២០១៩​នេះ​។

ចំណែក លោក​ប៉ែន បូណា ដែល​ជា​ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​វិញ​បាន​លើក​ឡើង​ថា តម្លៃ​នៃ​សារព័ត៌មាន គឺ​ផ្តើម​ចេញ​ពី​អ្នក​សារព័ត៌មាន​ខ្លួន​ឯង​មុន​គេ​។ លោក​ពន្យល់​ថា ពេល​ណា​ដែល​អ្នក​កាសែត​ឱ្យ​តម្លៃ​ដល់​អាជីព​របស់​ខ្លួន ដោយ​គោរព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ក្រម​សីលធម៌​វិជ្ជា​ជីវៈ និង​ភ្ជាប់​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ពេល​នោះ​ពួក​គេ​នឹង​ទទួល​បាន​តម្លៃ​ដែល​អ្នក​ដទៃ​ផ្តល់​ឱ្យ​។ សម្រាប់​ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា គឺ​តម្លៃ​នោះ​ហើយ​ដែល​ជា​អំណាច​សារព័ត៌មាន និង​ជា​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ពង្រឹង និង​ពង្រីក​លំហ​សេរីភាព​សារ​ព័ត៌មាន​ដ៏​ពិត​ប្រាកដ​មួយ​ដែល​អ្នក​កាសែត​គ្រប់​រូប​ចង់​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ