លោក ហ៊ុន សែន៖វារីអគ្គិសនីសេសានក្រោម២ នឹងបង្កើនកម្រិតឯករាជ្យភាពលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា
នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចូលរួមបើកដាក់ឲ្យដំណើរការជាផ្លូវការនូវវារីអគ្គិសនីសេសានក្រោម២នៅក្នុងខេត្តស្ទឹងត្រែង។ ក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីបានអះអាងជាច្រើនពីផលប្រយោជន៍នៃវារីអគ្គិសនីសេសានក្រោម២នេះ ក្នុងនោះ លោកបញ្ជាក់ថា វារីអគ្គិសនីសេសានក្រោម២ នឹងបង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ថា វារីអគ្គិសនីសេសានក្រោម២នេះ នឹងផ្តល់ការងារនិងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋ ព្រមទាំងចំណូលពន្ធដាររដ្ឋ។ ជាមួយគ្នានេះ វាក៏នឹងបង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជាដែលនឹងចូលរួមជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ សម្រាប់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន វារីអគ្គិសនីសេសានក្រោម២ គឺបានចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺទឹក ផ្លូវ ភ្លើង និងមនុស្ស។
វារីអគ្គិសនីសេសានក្រោម២ត្រូវបានចំណាយរយៈពេលសាងសង់ប្រមាណ១១ឆ្នាំ ក្នុងទុនវិនិយោគ៨០០លានដុល្លារអាមេរិក។ វារីអគ្គិសនីនេះ គឺកើតចេញពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិន ក្រុមហ៊ុនលោកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនរបស់វៀតណាម។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន៤៥ឆ្នាំ។ វារីអគ្គិសនីសេសានក្រោម២មានអានុភាព៤០០មេហ្កាវ៉ាត់ ហើយវាមិនត្រឹមតែផ្គត់ផ្គង់ថាមពលនៅក្នុងខេត្តស្ទឹងត្រែងប៉ុណ្ណោះទេ ពោលគឺផ្គត់ផ្គង់ទៅបណ្តាខេត្តផ្សេងៗទៀតផងដែរ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្តែងនូវមោទនភាពដែលកម្ពុជាសម្រេចបាននូវវារីអគ្គិសនីផ្តល់ថាមពលធំជាងគេនៅកម្ពុជាមួយនេះ។ លោកអះអាងថា វារីអគ្គិសនីសេសានក្រោម២នឹងដើរតួនាទីយ៉ាងខ្លាំងនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ បើតាមលោកនាយករដ្ឋមន្រ្តី វារីអគ្គិសនីសេសានក្រោម២នេះ មិនមែនវារីអគ្គិសនីចុងក្រោយនោះទេ គឺ កម្ពុជានឹងខិតខំអភិវឌ្ឍគម្រោងវារីអគ្គិសនីបន្ថែមទៀត ដើម្បីយកថាមពលមកប្រើប្រាស់។
សូមបញ្ជាក់ថា គិតទាំងវារីអគ្គិសនីសេសានក្រោម២នេះ កម្ពុជាមានវារីអគ្គិសនីសរុបចំនួន៧ហើយ គិតមកដល់ពេលបច្ចុប្បន្ននេះ គឺនៅក្នុងខេត្តកោះកុងចំនួន៣កន្លែង ស្ទឹងត្រែងមួយ កំពតមួយ កំពង់ស្ពឺមួយ និងនៅក្នុងខេត្តពោធិ៍សាត់មានមួយកន្លែង។ ដោយឡែក អានុភាពប្រភពអគ្គិសនីរបស់កម្ពុជាបានកើនពី១៥០មេហ្គាវ៉ាត់ នៅឆ្នាំ១៩៩៨ រហូតដល់ ២,៦៤៨មេហ្គាវ៉ាត់នៅចុងឆ្នាំ២០១៨នេះ ហើយកម្ពុជាមានប្រព័ន្ធបណ្តាញជាតិដែលមានខ្សែបញ្ជូនតង់ស្យុងខ្ពស់២,១៤១គីឡូម៉ែត្រ និងអនុស្ថានីយ ៣៣កន្លែង ដែលអាចតភ្ជាប់ប្រភពអគ្គិសនីទាំងអស់ និងអាចបញ្ជូនប្រភពអគ្គិសនីទៅឲ្យអនុស្ថានីយនៅតាមរាជធានី ខេត្តចំនួន២០ដោយផ្ទាល់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ