rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បោះឆ្នោត ហ៊ុន សែន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ហ៊ុន សែន៖ កម្ពុជា​នឹង​ជំនះ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ទោះ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់

media
លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។ @FB/PM Hun Sen

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ជំហរ​ដាច់​ខាត​ថា កម្ពុជា​នឹង​ជំនះ​ឧបសគ្គ ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​ ទោះ​បី​ជា​សហគមន៍​អន្តរជាតិ​បាន​រិះគន់ ឬ​មិន​ទទួល​ស្គាល់​ក៏​ដោយ។ ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺ​ទំនង​ជា​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​ពី​សហគមន៍​អន្តរជាតិ ជា​ពិសេស​ការ​ព្រមាន​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក ថេត គ្រូស ដែល​បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា​ឡើយ បើ​មិន​ដោះ​លែង​លោក​ កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង។


មុន​ពេល​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មួយ​នៅ​ប្រទេស​វៀតណាម លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្ញើ​សារ​ច្បាស់ៗ​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​នឹង​ជំនះ​ឧបសគ្គ ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ ​បើ​ទោះ​បី​ជា​មិន​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ក៏​ដោយ។ ក្រៅ​ពី​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​អំពាវនាវ​ទៅ​ដល់​សហគមន៍​អន្តរជាតិ សូម​កុំ​ឲ្យ​លូច​ដៃ​ចូល​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​នោះ​ឡើយ។

ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឡើង នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​នាវា​យុវជន អាស៊ាន-ជប៉ុន ប្រមាណ​ជា​៣៦០​នាក់ ដែល​បាន​ធ្វើ​ឡើង នៅ​ឯ​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី ១០ វិច្ឆិកា​នេះ មុន​ពេល​ដែល​លោក ហោះ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិច ឬ (APEC) និង​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង ដាណាំង ប្រទេស​វៀតណាម។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​មាន​គម្រោង​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ចំនួន​ពីរ​អាណត្តិ​ទៀត​នោះ បាន​លើក​ឡើង​ថា ទោះ​បី​ជា​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ ធ្វើ​ឡើង​ដោយ​មិន​មាន​នរណា​ជួយ ឬ​ដោយ​មិន​មាន​នរណា (សហគមន៍​អន្តរជាតិ) ទទួល​ស្គាល់​ក្តី ក៏​កម្ពុជា​នៅ​តែ​ជំនះ​ឧបសគ្គ​ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត ឲ្យ​តែ​ការ​បោះ​ឆ្នោត​នោះ​ធ្វើ​ឡើង​ឲ្យ​ស្រប​តាម​ច្បាប់​របស់​កម្ពុជា។

សូម​បញ្ជាក់​ថា តាម​គម្រោង កម្ពុជា​នឹង​មាន​ការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ពីរ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ គឺ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជាតិ​ជ្រើស​តាំង​សមាជិក​រដ្ឋសភា ដែល​ជា​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​ដើម្បី​ឈាន​ទៅ​ជ្រើស​រើស​មេ​ដឹក​នាំ​ប្រទេស នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ កក្កដា។

អ្វី​ជា​ការ​កត់​សំគាល់ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​នេះ គឺ​ទំនង​ជា​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​ពី​សហគមន៍​អន្តរជាតិ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា និង​ការ​ប៉ុន​ប៉ង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ជា​ដើម។ ហើយ​ចុង​ក្រោយ​នេះ គឺ​ការ​ព្រមាន​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៅ​រដ្ឋ​តិចសាស់ លោក ថេត គ្រូស (Ted Cruz) ដែល​បាន​ព្រមាន​ជា​ថ្មី​ថា សហរដ្ឋ​អាមេរិក នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​២០១៨​នោះ​ឡើយ បើ​រដ្ឋាភិបាល​កម្ពុជា មិន​ដោះ​លែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ៕