អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ​ប្រាប់​ប្រធាន​រដ្ឋសភា​ឡាវ​ថា កម្ពុជា​គាំទ្រ​ទំនប់​វារី​អគ្គិសនី​ដនសាហុង

កម្ពុជា គាំទ្រ​ប្រទេស​ឡាវ​ក្នុង​ការ​កសាង​ទំនប់​វារី​អគ្គិសនី​ដន​សាហុង​។ នេះ​គឺ​ជា​ការ​បញ្ជាក់ជា​ថ្មី​ម្ដង​ទៀត​​របស់​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​ខ្មែរ ទៅ​កាន់​ប្រធាន​រដ្ឋសភា​ឡាវ លោក​ស្រី ផានី យ៉ាធូទូ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦​វិច្ឆិកា​ម្សិលមិញ​ នៅ​ឯ​វិមាន​សន្តិភាព។ ក្រៅ​ពី​​ប្រធាន​រឿងទំនប់​វារី​អគ្គិសនី​ដន​សាហុង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​និង​ប្រធាន​រដ្ឋសភា​ឡាវ ក៏​បាន​ជជែក​ពិភាក្សា​គ្នា​អំពីកិច្ច​សហប្រតិបត្តិការ​​ក្នុង​វិស័យ​​​សំខាន់​ៗ​ផ្សេង​ទៀត​ផង​ដែរ​។

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រីកម្ពុជា និង លោកស្រី ផានី យ៉ាធូទូ ប្រធាន​រដ្ឋ​សភាប្រទេស​ឡាវ នៅ​ក្នុង​ជំនួប​ថ្ងៃ​ទី ២៦ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​វិមាន​សន្តិភាព
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រីកម្ពុជា និង លោកស្រី ផានី យ៉ាធូទូ ប្រធាន​រដ្ឋ​សភាប្រទេស​ឡាវ នៅ​ក្នុង​ជំនួប​ថ្ងៃ​ទី ២៦ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​វិមាន​សន្តិភាព ទំព័រហ្វេសប៊ុកលោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន
ផ្សាយពាណិជ្ជកម្ម

 
គ្រាន់​តែ​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ដន​សាហុង​នៅ​ប្រទេស​ឡាវ​ចំនួន​ពីរ​លើក​។ លើក​ទី​១ គឺ​នៅ​ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋ​មន្ដ្រី​ឡាវ ក្នុង​ឱកាស​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម CLV លើក​ទី​៩ ក្នុង​ខេត្ត​សៀមរាប​ នៅ​ថ្ងៃ​ទី​២៣​វិច្ឆិកា​។ និង​លើក​ទី​២ គឺ​នៅ​ក្នុង​ជំនួប​​រវាង​លោក ហ៊ុន សែន និង លោកស្រី ផានី យ៉ាធូទូ ប្រធាន​រដ្ឋសភា​ឡាវ ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ​។

កាល​ពី​ថ្ងៃ​ទី​២៣​វិច្ឆិកា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ប្រាប់​លោក ថងលុន ស៊ីលូលីត នាយករដ្ឋមន្ដ្រី​ឡាវ​ថា កម្ពុជាមិន​ជំទាស់​លើ​គម្រោង​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​ដន​សាហុង​ឡើយ។ មិន​ជំទាស់​​ដោយ​សារ​តែបើ​តាម​ការ​ពិនិត្យ​របស់​កម្ពុជា ទំនប់​វារី​អគ្គិសនី​ដន​សាហុង មិន​បាន​ផ្ដល់​ផល​ប៉ះពាល់​ទៅ​លើ​ប្រភពទឹក​និង​ចលនាត្រី​ទេ​។

​នៅ​ក្នុង​ជំនួប​នា​ល្ងាច​ថ្ងៃ​ទី​២៦​វិច្ឆិកា​ លោក​ ហ៊ុន សែន បានពន្យល់​ពី​ជំហរ​ដដែល​នេះ ទៅ​កាន់​ប្រធាន​រដ្ឋសភា​ឡាវ ដោយ​អះអាង​​ថា កម្ពុជា​គាំទ្រ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ដន​សាហុង​នៅ​ប្រទេស​ឡាវ ខណៈប្រទេស​​ឡាវ​បានសន្យា​ថា ​នឹង​លក់​ថាមពល​អគ្គិសនី​តម្លៃ​ថោក​សមរម្យ​មក​ឲ្យ​កម្ពុជាផង​ដែរ ដើម្បី​អភិវឌ្ឍ​ខេត្ត​មួយ​ចំនួន​នៅ​តាម​តំបន់​ព្រំដែន​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ជម្រាប​ប្រាប់​លោក​ស្រី ផានី យ៉ាធូទូ អំពី​ការ​បើក​ច្រក​អន្ដរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នៅ ណងនុយឃឿន-ត្រពាំង​គ្រៀល នៅ​ថ្ងៃ​ទី​១០​មករា​ឆ្នាំ​២០១៧​។ ការ​អនុញ្ញាត​របស់​កម្ពុជា​ឲ្យ​ឡាវ​ប្រើ​ប្រាស់​ផ្លូវ​គមនាគមន៍​និង​កំពង់ផែ​កម្ពុជា​ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​នាំ​ចេញ ខណៈ​ប្រទេស​ឡាវ​គ្មាន​សមុទ្រ​។ និង​ការ​ដោះ​ដូរ​អ្នក​ទោស​ដោយ​មិន​គិត​ពី​ចំនួន​ផង​ដែរ។

ឆ្លើយ​តប​ចំពោះ​ការ​គាំទ្រនិង​កិច្ច​សហប្រតិបត្តិការ​​របស់​កម្ពុជា ​លោក​ស្រី​ប្រធាន​រដ្ឋសភា​ឡាវ បាន​ថ្លែង​អំណរ​គុណ។ ដោយ​ឡែក ចំពោះ​ការ​ព្រម​ព្រៀង​ដោះ​ដូរ​អ្នក​ទោស​រវាង​ប្រទេស​ទាំង​ពីរ លោក​ស្រី​ប្រធាន​រដ្ឋសភា​ឡាវ​បាន​សម្ដែង​ការ​សាទរ ដោយ​បាន​អះអាង​ថា កិច្ចការ​នេះ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ គឺ​មាន​តែ​ចំពោះ​កម្ពុជា​និង​ឡាវ​តែ​ប៉ុណ្ណោះ​។ លោក​ស្រី​ក៏​បាន​លើក​ឡើង​ពី​ការបង្កើន​អាហារូបករណ៍​ដល់​និស្សិត​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ដែល​ពី​មុន​មាន​ចំនួន​តែ​១០​នាក់​ក្នុង​១​ឆ្នាំ ឲ្យ​ឡើង​ដល់​១៥​នាក់​ក្នុង​មួយ​ឆ្នាំ​ ខណៈ​តម្លៃ​អាហារូបករណ៍​ត្រូវ​តម្លើង​ពី​១៥០​ដុល្លារ​ដល់​១៨០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយសម្រួល​ស្ថានភាព​រស់​នៅ​និង​សិក្សា​របស់​និស្សិត​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ