អានតួអត្ថបទ
កម្ពុជា-នយោបាយ

​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​អំពាវ​នាវ​ឲ្យ​អ្នក​វិនិយោគ​វៀតណាម​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​

នៅ​ក្នុង​វេទិកា​ធុរ​កិច្ច​វៀតណាម-កម្ពុជា នៅ​ទីក្រុង​ហាណូយ​កាល​ពី​ល្ងាច​មិញ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​បង្ហាញ​ពី​សក្កានុពល និង​ឧត្តម​ភាព​នា​នា​សម្រាប់​វិនិយោគ​រក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជាមួយ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​រៀត​ណាម ដែល​មិន​ទាន់​មក​រក​ស៊ី​នៅ​កម្ពុជា​ធ្វើ​ការ​សិក្សា​ស្វែង​យល់ ដើម្បី​មក​វិនិយោគ​បន្ថែម​ទៀត​។ 

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន
លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

សក្ដានុពល និង​ឧត្តម​ភាព​សំខាន់ៗ​របស់​កម្ពុជា​សម្រាប់​ការ​វិនិយោគ ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ប្រាប់​ទៅ​ក្រុម​អ្នក​វិនិយោគ​វៀត​ណាម​នោះ រួម​មាន​កម្ពុជា​ផ្តល់​ភាព​អំណោយ​ផល​នៃ​ស្ថិរ​ភាព​នយោបាយ និង​ម៉ាក្រូ​សេដ្ឋកិច្ច ហើយ​កម្ពុជា​ស្ថិត​នៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន និង​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​តំបន់​មេគង្គ​ដែល​ជា​តំបន់​មាន​កំណើន​សេដ្ឋកិច្ច និង​ការ​តភ្ជាប់​ខ្ពស់​ជាង​គេ​។ ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្រ្តី​បញ្ជាក់​ថា កម្ពុជា​មាន​កម្លាំង​ពលកម្ម​សម្បូរ​បែប​និង​វ័យ​ក្មេង​ដែល​ក្នុង​នោះ ប្រជាជន​ដែល​មាន​អាយុ​ត្រឹម​៣៥​ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ ៧២% នៃ​ចំនួន​ប្រជាជន​សរុប​។

ក្រៅ​ពី​នេះ លោក​នាយក​រដ្ឋមន្រ្តី​បាន​អះអាង​ដែរ​ថា កម្ពុជា​បាន​បើក​ចំហ​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​អ្នក​វិនិយោគ​ទាំង​អស់​ដោយ​គ្មាន​ការ​រើស​អើង​រវាង​អ្នក​វិនិយោគ​កម្ពុជា និង​អ្នក​វិនិយោគ​បរទេស​នោះ​ទេ ហើយ​ទំនិញ​ផលិត​នៅ​កម្ពុជា មិន​មែន​ផ្គត់​ផ្គង់​សម្រាប់​តែ​ទីផ្សារ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ផ្គត់​ផ្គង់​ទៅ​ក្នុង​ទីផ្សារ​អនុ​តំបន់​មេគង្គ​ដែល​មាន​អតិថិជន​ប្រមាណ​២៥០​លាន​នាក់ ទីផ្សារ​អាស៊ាន​ដែល​មាន​អតិថិជន​ប្រមាណ ៦៣០​លាន​នាក់ និង​ទីផ្សារ​នៅ​ក្នុង​តំបន់​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំ​ទូលាយ​តំបន់​ដែល​មាន​អតិថិជន​ប្រមាណ ៣ពាន់​លាន​នាក់ ព្រម​ទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ដទៃ​ទៀត​ក្នុង​ពិភពលោក​។ ម្យ៉ាង​វិញ​ទៀត កម្ពុជា និង​វៀតណាម​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ជៀង​វាស​ការ​យក​ពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិប​កេង​បន្លំ​ពាក់​ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់​ចំណូល នៅ​ថ្ងៃ​ទី៣១ មីនា ឆ្នាំ២០១៨ នៅ​ទីក្រុង​ហាណូយ ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​។

សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី ទាំង​អស់​នេះ​គឺ​ជា​កត្តា​អំណោយ​ផល​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​។ លោក​ក៏​បាន​ធានា​ជូន​អ្នក​វិនិយោគ​គ្រប់​រូប​នូវ​បរិស្ថាន​សន្តិភាព សន្តិសុខ និង​ស្ថិរ​ភាព​នយោបាយ ក៏​ដូចជា​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច ក្រប​ខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​ភាព​អាច​ប៉ាន់​ប្រមាណ​បាន​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន វៀតណាម គឺ​ជា​ដៃ​គូ​វិនិយោគ​ធំ​បំផុត​ទី៥ របស់​កម្ពុជា ហើយ​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​វៀតណាម​នៅ​ប្រទេស​កម្ពុជា មាន​ប្រមាណ ២០៦​គម្រោង ស្មើ​នឹង​ទឹក​ប្រាក់ ៣,០២​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ក្រុម​ហ៊ុន​របស់​កម្ពុជា វិនិយោគ​នៅ​ប្រទេស​វៀត​ណាម មាន​ត្រឹម​តែ​១៨​គម្រោង ស្មើ​នឹង​ទឹក​ប្រាក់ ៥៨,១​លាន​ដុល្លារ ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។ ដោយ​ឡែក ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​វៀត​ណាម​វិញ គឺ​នៅ​ក្នុង​ឆ្នាំ​២០១៧ ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ចំនួន​ប្រមាណ ២,១៣ ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​ប្រមាណ ៣០% ធៀប​នឹង​ឆ្នាំ ២០១៦។ ការ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​នៅ​មាន​ទំហំ​តូច គឺ​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន ៣៤២ លាន​ដុល្លារ​អាមេរិក​។ ចំណែក​វៀតណាម​វិញ នាំ​ចូល​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​ដល់​ទៅ​ប្រមាណ ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ